«ទន្លេមេគង្គស្ងួត ទឹកប្រៃទន្ទ្រានចូលស្រែ» គំរាមកំហែងដល់អនាគតទុរេនរបស់វៀតណាម

សេដ្ឋកិច្ចថ្ងៃច័ន្ទុ ទី20 ខែឩសភា ឆ្នាំ2024 ម៉ោង 7:13 នាទី ល្ងាច

ប្រភពពី bangkokbiznews

អត្ថបទ សូរ្យសែង​៖

វៀតណាម ត្រូវទប់ទល់នឹងរលកកម្តៅ និងគ្រោះរាំងស្ងួត ដូចប្រទេសជាច្រើនដែរ ប៉ុន្តែជម្រៅទន្លេមេគង្គមានបញ្ហា វាជាហានិភ័យអន្តរជាតិដែលពិបាកគ្រប់គ្រង ។

លោក Hou Hui Thoi នាយកវិទ្យាស្ថានផ្លែឈើនៅភាគខាងត្បូងប្រទេសវៀតណាមបានប្រាប់ Channel News Asia ថា បញ្ហា​ចម្បង​ក្នុង​រដូវ​ប្រមូល​ផល​ទុរេន​ឆ្នាំ​នេះ​ គឺ​គ្រោះរាំងស្ងួតយូរ និងទឹកប្រៃពីសមុទ្របានបណ្តាលឱ្យ «គុណភាពធុរេនវៀតណាម​ធ្លាក់​ចុះ»។

ចាប់តាំងពីប្រទេសចិនបានធ្វើកិច្ចព្រមព្រៀងជាផ្លូវការ ក្នុងការនាំចូលទុរេនវៀតណាមក្នុងខែកក្កដាឆ្នាំ 2022 ការនាំចេញទុរេនទៅកាន់ប្រទេសចិនក្នុងឆ្នាំ 2023 បានកើនឡើងយ៉ាងខ្លាំងដែលឈានដល់តម្លៃ 2.2 ពាន់លានដុល្លារ ឬកើនឡើងរហូតដល់ 10 ដង ។

ថ្មីៗនេះ ការនាំចេញទុរេនរបស់វៀតណាមបានលើសប្រទេសថៃ បន្ទាប់​ពី​ប្រទេស​ថៃ​ជា​ប្រទេស​នាំ​ចេញ​ទុរេន​លេខ​១ ​ទៅ​ប្រទេស​ចិន​អស់​រយៈពេល​ជាង​មួយ​ទសវត្សរ៍​មក​។

 

គោលដៅនាំចេញធំ

ជនជាតិ​វៀតណាម​ជាច្រើន​ចាត់ទុក​ទុរេន​​ជា «​ផ្លែ​មាស​» ពីព្រោះ​វា​នាំមក​នូវ​ប្រាក់ចំណូល​ប្រហែល 70,000 ដុល្លារ​បើ​ធៀប​នឹង​អង្ករ ឬកាហ្វេដែលអាចរកចំណូលបានត្រឹម 6,000 ដុល្លារក្នុងមួយឆ្នាំប៉ុណ្ណោះ ។

ប្រទេស​ចិន​ជា​ទីផ្សារ​នាំ​ចូល​ទុរេន​ធំ​ជាង​គេ ហើយ​គេ​រំពឹង​ថា​ឆ្នាំ​នេះ​ការ​នាំ​ចូល​ទុរេន​របស់​វៀតណាម​នឹង​កើន​ឡើង​ដល់ 3,5 ពាន់​លាន​ដុល្លារ។

ឥឡូវនេះ វាមិនមែនគ្រាន់តែជាបញ្ហាបម្រែបម្រួលអាកាសធាតុទេ ប៉ុន្តែ​ក៏​រង​ផល​ប៉ះពាល់​ដោយ​ទំនប់​វារីអគ្គិសនី​ដែល​បាន​សាងសង់​នៅ​ខាង​លើ​​ទន្លេមេគង្គផងដែរ ។

 

ការគំរាមកំហែងលើសពីការរំពឹងទុកពីទន្លេមេគង្គ

ការពិតគឺថា ស្ទើរតែពាក់កណ្តាលនៃផលិតផលទុរេនរបស់វៀតណាម បានមកពីដីសណ្ដទន្លេមេគង្គ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ ទឹក​ប្រៃ​ទន្ទ្រាន​ដីស្រែ វា​ជា​អភូតហេតុអាក្រក់ និង​គំរាមកំហែង​ដល់​ចម្ការ​ទុរេន។ នៅជាប់ច្រាំងទន្លេមេគង្គបច្ចុប្បន្ន​ វា​បាន​ក្លាយ​ជា​មជ្ឈមណ្ឌល​នៃ​ការ​ដាំដុះ​ទុរេន​ក្នុង​ប្រទេស។

Nghia និងកសិករជាច្រើនទៀត ថា​កំពុង​រង​ផល​ប៉ះពាល់​ពី​វារី​អគ្គិសនី​ដែល​បង្កើត​ឡើង​នៅ​លើក្បាល​ទឹក​ទន្លេ​មេគង្គ ដើម្បីរក្សាទុកបរិមាណទឹកច្រើន។ ជាលទ្ធផល កម្រិតទឹកក្នុងទន្លេមានការថយចុះ ធ្វើ​ឱ្យ​ទឹក​សមុទ្រ​ឡើង​ខ្ពស់​ ហើយ​ហូរ​ចូល​មក​ជំនួស​វិញ វាបានទន្ទ្រាន​ដី​ចម្ការ​ទុរេន​របស់​កសិករវៀតណាម ។

ទឹកសមុទ្រហូរចូលទន្លេមេគង្គ តំបន់របស់វាលាតសន្ធឹងដល់ទៅ 120 គីឡូម៉ែត្រ ដែលធ្វើអោយទឹកដែលប្រើប្រាស់សម្រាប់ការដាំដុះមានជាតិប្រៃពេក ជាពិសេសក្នុងអំឡុងពេលរាំងស្ងួត សំខាន់​ដើម​ទុរេន​មាន​ភាព​រសើប​ខ្លាំង​ចំពោះ​ការ​គំរាម​កំហែង​នេះ។

លោក​បន្ត​ថា​៖ «​ឆ្នាំ​នេះ​បរិមាណ​ទឹក​ហូរ​ចូល​ដីសណ្ដ​ទន្លេ​មេគង្គ​បាន​ថយ​ចុះ​យ៉ាង​ខ្លាំង ដោយសារតែអាងស្តុកទឹក និងទំនប់វារីអគ្គិសនីស្តុកទុកទឹកខាងលើនៅក្នុងប្រទេសចិន និងឡាវ។ «លោក Than Pa Huang នាយកវិទ្យាស្ថានធនធានទឹកវៀតណាមភាគខាងត្បូងបានបន្ថែមថា វាអាក្រក់ជាងមុន ដោយសារតែបាតុភូត El Nino ​» ។

អាជ្ញាធរធារាសាស្ត្រវៀតណាមកំពុងព្យាយាមពង្រីកបណ្តាញផ្លូវច្រកទ្វារទឹករបស់ពួកគេ និងប្រព័ន្ធធារាសាស្ត្រតភ្ជាប់ទៅទន្លេមេគង្គ ដើម្បីការពារបញ្ហាទឹកប្រៃ ។

 

ស្ថានភាពសង្គ្រោះបន្ទាន់ មកលើគ្រោះរាំងស្ងួត

ខេត្តជាច្រើននៅភាគខាងត្បូងប្រទេសវៀតណាម បានប្រកាសដាក់ក្នុងគ្រាអាសន្នដោយសារតែគ្រោះរាំងស្ងួត។ មនុស្សរាប់ម៉ឺននាក់ ទទួលរងការខ្វះខាតទឹកសាបយ៉ាងធ្ងន់ធ្ងរ ដោយ​សារ​តែ​គ្រោះ​រាំង​ស្ងួត​ដែល​អូស​បន្លាយ​ ​បណ្ដាល​មក​ពី​រលក​កម្ដៅ ។

ការពិតគឺថា វាមិនមានភ្លៀងធ្លាក់ក្នុងរយៈពេល 4 ខែ ដែលធ្វើឱ្យអ្នកភូមិក្នុងខេត្ត Tien Giang ត្រូវពឹងលើទឹកពីឡានទឹករបស់រដ្ឋាភិបាលដែលចែកចាយ នេះមិនរាប់បញ្ចូលតម្រូវការទឹករបស់កសិករសម្រាប់ដាំដុះដំណាំនោះទេ។

 

ទុរេន​ហូរ​ហៀរ ពង្រីក​ផ្ទៃដី​ដាំ​ដុះ​យ៉ាង​ឆាប់រហ័ស

កសិករ​ទុរេន​វៀតណាម​កំពុង​ពង្រីក​ចម្ការ​របស់​ខ្លួន​យ៉ាង​ឆាប់​រហ័ស ព្រោះ​គេ​មើល​ឃើញ​ថា​ជា​ដំណាំ​សេដ្ឋកិច្ច​ដែល​រក​ចំណូល​បាន​ខ្ពស់ តែនេះ​បាន​បង្កើន​ក្តី​បារម្ភ​ក្នុង​ចំណោម​ភ្នាក់ងារ​កសិកម្ម​អំពី​ការ​ផ្គត់ផ្គង់​លើស​តម្រូវការ ហើយ​ទុរេន​មាន​គុណភាព​ឬ​អត់?

បើ​តាម​របាយការណ៍​របស់​ក្រសួង​កសិកម្ម និង​អភិវឌ្ឍន៍​ជនបទ​វៀតណាម ប្រទេស​វៀតណាម​មាន​ចម្ការ​ទុរេន​ជាង ៩០ ម៉ឺន​រ៉ៃ​នៅ​ទូទាំង​ប្រទេស ដែលខ្ពស់ជាងផែនការ 450,000 រ៉ៃ ឬជាងពាក់កណ្តាល មាន​ន័យ​ថា វៀតណាម​ត្រូវ​តែ​ស្វែង​រក​ទីផ្សារ​ដើម្បី​ចែកចាយ​ផលិតផល​របស់​ខ្លួន។

បច្ចុប្បន្ន​ទុរេន​វៀតណាម​ប្រហែល​ពាក់​កណ្តាល​កំពុង​ផលិត​ផ្លែ។ កាល​ពី​ឆ្នាំ​មុន ផលិតកម្ម​របស់​ប្រទេស​វៀតណាម​បាន​ឡើង​ដល់ ១,២ លាន​តោន ហើយ​ទំនង​ជា​នឹង​កើន​ឡើង​ទ្វេ​ដង​នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ។

បច្ចុប្បន្ន អាជ្ញាធរ​កសិកម្ម​វៀតណាម​កំពុង​ព្យាយាម​បញ្ឈប់​ការ​ពង្រីក​ចម្ការ​ទុរេន ដោយសារ​តែ​បារម្ភ​ពី​ការ​ផ្គត់ផ្គង់​ទុរេន​លើស​ទីផ្សារ។ ទន្ទឹមនឹងនោះ ប្រទេសចិនបានត្រួតពិនិត្យ និងអនុញ្ញាតិឱ្យតែ 13 ភាគរយនៃផ្លែទុរេនវៀតណាមដែលបំពេញតាមគុណភាពគោលដៅ ដើម្បីនាំចេញទៅកាន់ទីផ្សារប្រទេសចិន ។

បាតុភូតធម្មជាតិនៅវៀតណាមបានកើតមុនរឿងវិវាទព្រែកជីកហ្វូណនតេជោរបស់កម្ពុជា វាជាសាក្សី​ដ៏ស័ក្តិសិទ្ធិក្នុង​​គម្រោងការ​ជីកព្រែកហ្វូណនតេជោ ទេវតាបានជួយកម្ពុជា ហេតុអ្វី? តាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាថា ប្រសិនជាក្រោយជីកព្រែកហ្វូណនតេជោ មានទឹកសមុទ្រហៀរចូលស្រែរបស់វៀតណាម នោះ​វៀតណាមនឹងចោទថាមកពីកម្ពុជាជីកព្រែកនេះឯង ! តែវាជារឿងកើតមុន ហើយនៅទន្លេមេគង្គខាងលើ បានពើបប្រទះការសាងសង់វារីអគ្គិសនីរបស់ចិន និងឡាវ មុនច្រើនឆ្នាំជាស្រេចទៅហើយទៀត ! 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម