«សង្គ្រាមពាណិជ្ជកម្ម» រវាងយក្សទាំងពីរ ! អាមេរិកបារម្ភ ពីទំនិញចិនផលិតច្រើនហួស តម្ឡៃថោក

សេដ្ឋកិច្ចថ្ងៃព្រហស្បត្តិ៍ ទី23 ខែឩសភា ឆ្នាំ2024 ម៉ោង 1:19 នាទី ល្ងាច

 

សហរដ្ឋអាមេរិកមានការព្រួយបារម្ភអំពីចិន «ផលិតទំនិញហួសប្រមាណ» និងបន្ទាប់មកនាំចេញទៅលក់នៅបរទេសក្នុងតម្លៃថោក ដែលនឹងបង្កើតឥទ្ធិពលលើមាត្រដ្ឋានសកល នេះអាចបណ្តាលឱ្យបណ្តាប្រទេសជុំវិញពិភពលោកការពារខ្លួន ដោយការកសាងរបាំងដើម្បីរារាំងផលិតផលរបស់ចិន ដែលមិនល្អសម្រាប់បរិយាកាសពាណិជ្ជកម្ម ។ ដោយហេតុនេះហើយ កាលសប្តាហ៍ទី ២ ខែឧសភានេះ ប្រធានាធិបតី ចូ បៃដេន បានប្រកាសដំឡើងពន្ធយ៉ាងធ្ងន់លើទំនិញពីប្រទេសចិន ។

នោះគឺការដំឡើងពន្ធទៅលើរថយន្តអគ្គិសនីពីប្រទេសចិន 4 ដងពី 25% ទៅ 100% ដំឡើងពន្ធលើបន្ទះស្រូបពន្លឺព្រះអាទិត្យពី 25% ទៅ 50% និងប្រភេទដែក រួមទាំងអាលុយមីញ៉ូមមួយចំនួន បានកើនឡើងច្រើនជាង 3 ដងពី 7,5% ទៅ 25% នៃថ្មលីចូមសម្រាប់រថយន្ត EV និងថ្ម Lithium សម្រាប់កម្មវិធីផ្សេងទៀតពី 7.5% ទៅ 25% ឧបករណ៍អេឡិចត្រូនិច ពី 25% ទៅ 50% ។ល។ សរុបទៅ វានឹងមានផលប៉ះពាល់ដល់ការនាំចូលពីប្រទេសចិនដែលមានតម្លៃ 18 ពាន់លានដុល្លារ ។

លោក បៃដេន និយាយថា ប្រទេសចិនផ្គត់ផ្គង់ប្រាក់ឧបត្ថម្ភយ៉ាងច្រើនដល់ផលិតផលទាំងនេះ ដែលជាការជំរុញឱ្យក្រុមហ៊ុនផលិតផលច្រើនពេក លើសទីផ្សារអាចស្រូបយកបាន។ បន្ទាប់​មក វា​បាន​បោះចោល​ផលិតផល​​ទៅ​លើ​ទីផ្សារ​ពិភពលោក​ក្នុង​តម្លៃ​ទាប ដែល​មិន​យុត្តិធម៌។ លោកថា «នៅពេលអ្នកប្រើយុទ្ធសាស្ត្របែបនេះ វាមិនមែនជាការប្រកួតប្រជែងទេ ប៉ុន្តែ​វា​ជា​ការ​បោក​ប្រាស់»។

មុន​នឹង​ប្រកាស​ដំឡើង​ពន្ធ​នេះ រដ្ឋមន្ត្រី​រតនាគារ​អាមេរិក ចានេត យេលលេន (Janet Yellen) បាន​ធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​ប៉េកាំង​កាល​ដើម​ខែ​មេសា ដែលកន្លងមកបានផ្ញើសារផ្ទាល់ទៅកាន់ប្រទេសចិនអំពីការផលិតទំនិញហួសកម្រិត ជាពិសេសផលិតផលថាមពលស្អាត ដូចជា បន្ទះស្រូបពន្លឺព្រះអាទិត្យ និងរថយន្តអគ្គិសនី ។

ទោះយ៉ាងណាក៏ដោយ ការកើនឡើងពន្ធនេះ បន្ថែមពីលើការការពារឧស្សាហកម្មអាមេរិកដែលជាហេតុផលស្របច្បាប់ និងមិន​អាច​បដិសេធ​បាន​ទេ​ថា ​រឿង​នយោបាយ​លាយឡំ​គ្នា​ដែរ ព្រោះការបោះឆ្នោតប្រធានាធិបតីអាមេរិកខិតជិតមកដល់ខែវិច្ឆិកាខាងមុខនេះ ហើយគណបក្សប្រជាធិបតេយ្យកំពុងធ្វើយុទ្ធនាការលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធដ៏ធំ រួមទាំងថាមពលស្អាត ។ ការ​ប្រកាស​ពន្ធ​នេះ យ៉ាង​ហោច​ណាស់​ជួយ​ការពារ​លំហូរ​ចូល​ទំនិញ​ថោកៗ​ពី​ប្រទេស​ចិន​ភ្លាមៗ និង​ច្រើន​ហួស​ប្រមាណ ដែល​សហរដ្ឋ​អាមេរិក​មិន​ទាន់​ត្រៀម​ខ្លួន​រួច​រាល់នៅឡើយ ។

អ្នក​វិភាគ​គិត​ដូច្នេះថា ទោះបីជាការដំឡើងពន្ធលើទំនិញចិននឹងជួយឱ្យរដ្ឋាភិបាលអាមេរិកក្រោមការដឹកនាំរបស់លោក បៃដេន រក្សាជំហរតឹងតែងលើប្រទេសចិន ប៉ុន្តែវាក៏មានផលប៉ះពាល់ដោយអចេតនាលើសេដ្ឋកិច្ចអាមេរិក និងអ្នកប្រើប្រាស់ផងដែរ។ ពីមុនក្រុមហ៊ុន Goldman Sachs បានប៉ាន់ប្រមាណថា រាល់ការកើនឡើងពន្ធ 1% នឹងកាត់បន្ថយផលិតផលក្នុងស្រុកសរុបរបស់សហរដ្ឋអាមេរិក 0.03% បង្កើនការចំណាយរបស់អតិថិជន 0.1% និងបង្កើនអតិផរណាសម្រាប់រយៈពេលមួយឆ្នាំ។

អតិផរណា​ជា​បញ្ហា​ធំ​មួយ​នៅ​អាមេរិក​ដែល​បាន​រក្សា​ធនាគារ​កណ្តាល (Fed) មិនអាចបន្ថយការប្រាក់ ​រហូត​មក​ដល់​ពេល​​នេះ ប៉ុន្តែ​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​រដ្ឋាភិបាល​អាមេរិក​បាន​បញ្ជាក់​ថា​ «នឹងមិនមានផលប៉ះពាល់លើអតិផរណា» ទេ ព្រោះ​វាជាការដំឡើងពន្ធលើវិស័យជាក់លាក់ ដូច្នេះវានឹងមិនមានផលប៉ះពាល់ទូលំទូលាយដល់សេដ្ឋកិច្ចអាមេរិកនោះទេ មិនបង្កើនការចំណាយលើអ្នកប្រើប្រាស់ វា​ខុស​ពី​សំណើ​របស់​បេក្ខជន​ប្រធានាធិបតី​គណបក្ស​សាធារណរដ្ឋ​លោក ដូណាល់ ត្រាំ ស្នើ​ដំឡើង​ពន្ធ​លើ​ទំនិញ​ទាំងអស់​ពី​ប្រទេស​ចិន និងគ្រប់​ប្រទេស ១០%។

លោក ម៉ាក ហ្គីតេនស្តេន ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំសហភាពអឺរ៉ុប ផ្តល់បទសម្ភាសន៍ដល់សារព័ត៌មានអាមេរិកថា ប្រទេសចិនមានចេតនាបង្ខូចទ្រង់ទ្រាយទីផ្សារជាមួយនឹងផលិតផលថោកៗជាច្រើន គេបំផ្លាញសេដ្ឋកិច្ចរបស់អឺរ៉ុប និងសហរដ្ឋអាមេរិក យើងត្រូវការពារសេដ្ឋកិច្ចរបស់យើង និងកម្មករដែលកំពុងរងការវាយប្រហារពីប្រទេសចិន ។

អ្នក​សេដ្ឋកិច្ច​ជា​ច្រើន​រំពឹង​ទុក​បែប​នេះថា ការដំឡើងពន្ធនឹងមានផលប៉ះពាល់តិចតួចបំផុតលើ GDP របស់សហរដ្ឋ​អាមេរិក រួមទាំងអតិផរណា និងគោលនយោបាយរូបិយវត្ថុ ដូច្នេះហើយ វានឹងមិនបណ្តាលឱ្យមានការផ្លាស់ប្តូរណាមួយនៅក្នុងគោលនយោបាយរូបិយវត្ថុឡើយ ប៉ុន្តែ​វា​ជា​សញ្ញា​ព្រមាន​ថា​ ជម្លោះ​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំងពីរ​នឹង​អូសបន្លាយ​ពេល​យូរ ។

ទាំង ត្រាំ និង បៃដេន ដែលនឹងក្លាយជាគូប្រជែងប្រធានាធិបតីក្នុងការបោះឆ្នោតនាពេលខាងមុខនេះ សុទ្ធតែ​មាន​គោលជំហរ​រឹងមាំ​ដូចគ្នា​ចំពោះ​ចិន ។ រដ្ឋបាលពីមុនរបស់លោក ត្រាំ បានដំឡើងពន្ធលើទំនិញពីប្រទេសចិន និងដៃគូពាណិជ្ជកម្មផ្សេងទៀតដែលមានតម្លៃ 300 ពាន់លានដុល្លារនៅចន្លោះឆ្នាំ 2018 និង 2019 ដែលនៅតែចូលជាធរមានមកដល់ថ្ងៃនេះ ហើយនៅក្នុងការបោះឆ្នោតខាងមុខនេះ លោក ត្រាំ បានស្នើសុំពន្ធ 10% លើការនាំចូលពីគ្រប់ប្រទេសទាំងអស់ ដែលអ្នកសេដ្ឋកិច្ចបារម្ភថា នឹងជំរុញឱ្យមានអតិផរណា និងធ្វើឱ្យប្រជាជនអាមេរិកបាត់បង់ការងារ ៕

ពី prachachat

ដោយ សូរ្យសែង

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម