សត្វស្លាប និងសត្វកម្រ នៅតំបន់រ៉ាមសារបឹងទន្លេឆ្មារ កាន់តែកើនឡើង

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី25 ខែឩសភា ឆ្នាំ2024 ម៉ោង 4:26 នាទី ល្ងាច

 

ក្រុមមន្រ្ដីឧទ្យានុរក្សបានប្រទះឃើញ និងកត់ត្រានូវវត្ដមានហ្វូងសត្វត្រដក់ធំ និងសត្វស្លាបទឹកជាច្រើនក្បាលកំពុងរកចំណីក្នុងតំបន់រ៉ាមសារបឹងទន្លេឆ្មារ ដែលមួយចំនួនធំជាប្រភេទកំពុងរងគ្រោះជាសកល ។

តំបន់រ៉ាមសារបឹងទន្លេឆ្មារដែលស្ថិតក្នុងខេត្តកំពង់ធំ និងខេត្តសៀមរាប មានផ្ទៃដីសរុបចំនួន ២៨ម៉ឺនហិកតា នៅតែ​បន្ដដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្ដល់ជាទីជម្រក និងទីតាំងរកចំណីសម្រាប់សត្វស្លាបទឹកជាច្រើនប្រភេទ។

អង្គកា​រជីវិតធម្មជាតិនៅកម្ពុជា(NatureLife Cambodia) បានឱ្យដឹងនៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២៤ ថា ដោយមានការសហការជាមួយក្រសួងបរិស្ថាន ក្រុមការងារអភិរក្ស បានកត់សម្គាល់ឃើញហ្វូងសត្វត្រដក់ធំ មានជាច្រើនក្រុម និងមានចំនួនយ៉ាងតិច ២០ក្បាល។

។ ចាប់តាំងពីឆ្នាំ២០២០ មក ចំនួនត្រដក់ធំដែលធ្លាប់កត់ត្រាកន្លងមកច្រើនបំផុត មានចំនួនប្រមាណ ១០ក្បាលប៉ុណ្ណោះ។ ក្នុងឆ្នាំនេះ ក្រុមការងារសង្កេតឃើញកំណើនវត្ដមានហ្វូងសត្វ ចូលមករកចំណីក្នុងតំបន់រ៉ាមសារបឹងទន្លេឆ្មារកាន់តែច្រើន ដែលសបញ្ជាក់ពីសក្ដានុពលនៃតំបន់ដីសើមមួយនេះ ក្នុងការដើរតួនាទីយ៉ាងសំខាន់សម្រាប់ផ្ដល់ជាទីជម្រក និងទីតាំងរកចំណី ព្រមជាមួយនឹងការពង្រឹងច្បាប់ ស្របតាមយុទ្ធសាស្រ្តកម្ពុជាបៃតង ដែលជាមុំអាទិភាពក្នុងការអនុវត្ត ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ជួយឱ្យធនធានធម្មជាតិ ត្រូវបានការពារ និងអភិរក្ស សម្រាប់កូនចៅតជំនាន់ និងដោយមានការចូលរួម សហាការពីដៃគូ និងប្រជាពលរដ្ឋ សហគមន៍តាមមូលដ្ឋានផងដែរ ។

តំបន់រ៉ាមសារទន្លេឆ្មារនេះ សម្បូរដោយរុក្ខជាតិ មច្ឆាប្រភេទកម្រ ក្នុងនោះដូចជា ត្រីរាជ ត្រីគល់រាំង។ ចំពោះថនិកសត្វ មានដូចជា ភេខ្លួនរលោង ខ្លាត្រី និងពពួកសត្វស្លាបទឹក។ សត្វទាំងនោះភាគច្រើន ជាប្រភេទសត្វជិតផុតពូជ និងរងគ្រោះថ្នាក់លើពិភពលោក ដូចជារនាលស រនាលពណ៌ ទុងប្រផេះ ពពួលទឹក ស្មោញ ត្រដក់តូច និងត្រដក់ធំ ជាពិសេសតំបន់នេះមានព្រៃលិចទឹក សត្វស្លាបទឹក និងភូមិអណ្ដែតទឹក ដែលជាអំណោយផលដល់ការអភិវឌ្ឍគោលដៅទេសចរណ៍បៃតង ជាមួយការកម្សាន្តលម្ហែបែបធម្មជាតិ ក្នុងតំបន់បឹងទន្លេសាប៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម