កម្ពុជា-ចិន បង្កើនកិច្ចសហប្រតិបត្តិការលើការប្រយុទ្ធប្រឆាំងអំពើពុករលួយ

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី27 ខែឩសភា ឆ្នាំ2024 ម៉ោង 6:07 នាទី ល្ងាច

កិច្ចសហប្រតិបត្តិការលើកិច្ចការប្រយុទ្ធប្រឆាំងអំពើពុករលួយ ត្រូវបានលើកឡើងនៅក្នុងជំនួបរវាងគណៈប្រតិភូគណៈ​​កម្មការអធិការកិច្ចវិន័យ និងត្រួតពិនិត្យកិច្ចការរដ្ឋ បក្សកុម្មុយនិស្តចិនខេត្តក្វាងទុង ដឹកនាំដោយ ឯកឧត្តម សុង ហ្វូឡុង (Song Fulong) សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិន ខេត្តក្វាងទុង លេខាធិការនៃគណៈកម្មការអធិការកិច្ចវិន័យ នៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិន ខេត្តក្វាងទុង និងជាប្រធាន នៃគណៈកម្មាធិ ការត្រួតពិនិត្យរដ្ឋ ខេត្តក្វាងទុង និងឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ នៃព្រះរាជាណាចក្រម្ពុជា នាព្រឹកថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៤ នៅទីស្តីការអង្គភាពប្រឆាំងអំពើពុករលួយ ។

ឯកឧត្តម​​​ សុង ហ្វូឡូង បានមានប្រសាសន៍ថា បក្សកុម្មុយនិស្តចិន ជាបក្សកាន់អំណាច បានប្រកាន់ខ្ជាប់នូវភាពស្អាតស្អំជាប់ជានិច្ច បង្កបរិយាកាសសង្គមឲ្យមានតម្លាភាព មានយន្តការប្រឆាំងអំពើពុករលួយយ៉ាងម៉ឺងម៉ាត់ ដោយមានការត្រួតពិនិត្យពីមន្ត្រីប្រឆាំងអំពើពុករលួយរបស់ខេត្តក្វាងទុង ៦០០ នាក់ ។

ឯកឧត្តម សុង ហ្វូឡុង បានជម្រាបអង្គប្រជុំថា «គ្មានការអត់ឱន បន្តជំរុញខ្លាំងក្លាការប្រយុទ្ធប្រឆាំងនឹងការិយាធិប​តេយ្យ អំពើពុករលួយ ភាពខ្ជះខ្ជាយ និងអសកម្ម។ ប្រព័ន្ធនយោបាយទាំងមូល ត្រូវធ្វើឲ្យខ្ជាប់ខ្ជួន កែលម្អរបៀបរបប គោលនយោបាយ យន្តការ និងបទប្បញ្ញត្តិដើម្បីឱ្យបុគ្គលម្នាក់ៗមានការជ្រួតជ្រាបពីទំនួលខុសត្រូវរបស់ខ្លួន ដោយមិនចង់ មិនអាច និងមិនហ៊ានពុករលួយ ។

ស្របពេលជាមួយនឹងការលើកឡើងអំពីយន្តការប្រឆាំងអំពើពុករលួយរបស់គណៈប្រតិភូ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាងអំពើពុករលួយ បានជម្រាបជូនភ្ញៀវអំពីកិច្ចការប្រយុទ្ធប្រឆាំងអំពើពុករលួយរបស់អង្គភាព ដែលមាន ៣ផ្នែកធំៗ គឺ ១.អប់រំ ២.បង្ការ ទប់ស្កាត់ និង ៣.បង្ក្រាបកសាងសំណុំរឿងទៅតុលាការ ដែលផ្នែកទី១ និងទី២ ជាយន្តការអង្គភាពធ្វើច្រើនរហូតដល់ ៨០% នៃកិច្ចការទាំងមូល ដើម្បីអប់រំឲ្យមនុស្ស​ «មិនចង់​ពុករលួយ មិនអាចពុករលួយ និងមិនហ៊ានពុករលួយ»​។ លោក សុង ហ្វូឡុង បានលើកឡើងថា ប្រទេសទាំងពីរមានគោលការណ៍ និងនីតិវិធីអនុវត្តទៅលើការងារនេះស្រដៀងគ្នា ។

ភាគីទាំងពីរបានពិភាក្សាគ្នាទៅលើកិច្ចការផ្សេងៗមួយចំនួនទៀត​ ដូចជា ការផ្លាស់ប្តូរកិច្ចសហការទៅលើការស៊ើបអង្កេត ការប្ដេជ្ញាបង្កើនកិច្ចសហការប្រឆាំងអំពើពុករលួយរួមគ្នា ពិសេសការស្វែងរក អង្កេត និងឃាត់ខ្លួនមុខសញ្ញាទាំងឡាយដែលរត់គេចខ្លួនចេញពីប្រទេសចិនមកកម្ពុជា ឬពីប្រទេសកម្ពុជាទៅប្រទេសចិន និងបានចែករំលែកបទពិសោធពីគ្នាទៅវិញទៅមក អំពីការអនុវត្តការប្រឆាំងអំពើពុករលួយ ។ 

ដំណើរទស្សនកិច្ចនេះ ក៏ជាផ្នែកមួយនៃការរឹតចំណងសាមគ្គី មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ហើយភាគីចិនបានសន្យាថា នឹងបង្កើនកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ និងកាន់តែល្អបន្ថែមទៀត រវាងក្របខណ្ឌខេត្តក្វាងទុង ជាមួយអង្គភាពប្រឆាំងអំពើពុករលួយ នៃព្រះរាជាណាចក្រកម្ពុជា ។

គណៈប្រតិភូក៏គោរពអញ្ជើញឯកឧត្តម ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ធ្វើទស្សនកិច្ចនៅខេត្តក្វាង​ទុងតាមពេលវេលាសមគួរផងដែរ ។ ភាគីទាំងពីរបានសម្តែងនូវអំណរសាទរ និងរីករាយចំពោះលទ្ធផលនៃជំនួបនេះ ។ ឆ្លៀតឱកាសនោះដែរ ប្រធានប្រតិភូចិនខេត្តក្វាងទុង បានពាំនាំនូវការសួរសុខទុក្ខពីថ្នាក់ដឹកនាំនៃបក្សកុម្មុយនិស្តចិន​ជូន ​ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ផងដែរ ។

គណៈប្រតិភូក៏បានអញ្ជើញទស្សនាបន្ទប់បំពេញការងារមួយចំនួន ដូចជា បន្ទប់វិភាគពាក្យបណ្ឌឹង បន្ទប់ Polygraph (ឧបករណ៍ចាប់ពាក្យកុហក) បន្ទប់ប្រតិបត្តិការ បន្ទប់ស្តាប់ចម្លើយ បន្ទប់សម្រាករបស់ជនសង្ស័យ ឬជនឃាត់ខ្លួន និងបន្ទប់រក្សាឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល ជាដើម ។

ជាកិច្ចបញ្ចប់នៃជំនួបដ៏មានអត្ថន័យ នៃចំណងមិត្តភាពរវាងភាគីទាំងពីរ ក៏បានជូនវត្ថុអនុស្សាវរីយគ្នាទៅវិញទៅមកដោយក្តីរីករាយ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម