បរិស្ថាន និងការបំពុល! ប្រជាជនថៃព្រួយបារម្ភបំផុត ប៉ះពាល់ដល់គុណភាពជីវិត 74%

ព័ត៌មានអន្តរជាតិថ្ងៃពុធ ទី29 ខែឩសភា ឆ្នាំ2024 ម៉ោង 7:21 នាទី ល្ងាច

 

បកប្រែពី springnews

ដោយ សូរ្យសែង៖

  • ការស្ទង់មតិរបស់ Marketbuzz ជាមួយសាកលវិទ្យាល័យធម្មសាត បានចង្អុលបង្ហាញថា បរិស្ថាន និងការបំពុលគឺជាបញ្ហាដែលប្រជាជនថៃព្រួយបារម្ភបំផុតនៅឆ្នាំ 2024 ។
  • ជាង 74% គិតថាបរិស្ថានប៉ះពាល់ដល់គុណភាពជីវិត ហើយ 37% ទៀតក៏បារម្ភថា បរិស្ថាននឹងកាន់តែអាក្រក់ក្នុងរយៈពេល 5 ឆ្នាំខាងមុខ។
  • បញ្ហាបរិស្ថានកំពូលទាំងបីដែលប្រជាជនថៃព្រួយបារម្ភជាងគេគឺការឡើងកំដៅផែនដី (30 ភាគរយ) ការបំពុលខ្យល់ (27 ភាគរយ) និងការប្រែប្រួលអាកាសធាតុ/សីតុណ្ហភាព (22 ភាគរយ) ។

ការបង្ហាញលទ្ធផលនៃការស្ទង់មតិឆ្នាំ 2024  MarketBuzz សហការជាមួយសកលវិទ្យាល័យថាំម៉ាសាតប្រទេសថៃ បានរកឃើញថា ប្រជាជនថៃភាគច្រើននៅតែមានការព្រួយបារម្ភអំពីបញ្ហា​បរិស្ថាន ការបំពុលច្រើនបំផុត ដែលនាំប៉ះពាល់ដល់គុណភាពជីវិតរហូតដល់ 74% ប៉ុន្តែទោះបីជាពួកគេមើលឃើញថា វាជាបញ្ហាក៏ដោយ ក៏នៅតែមិនផ្លាស់ប្តូរអាកប្បកិរិយា ដែលបង្កបញ្ហាបរិស្ថានដែរ ។

តើ​អ្វី​ដែល​ប្រជាជន​ថៃ​ព្រួយ​បារម្ភ​បំផុត​ក្នុង​ឆ្នាំ ២០២៤?

ការស្ទង់មតិស្រដៀងគ្នានេះត្រូវបានធ្វើឡើងជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ 2019 ដោយសួរពលរដ្ឋថៃអំពីកង្វល់សាធារណៈកំពូលទាំង 5 របស់ពួកគេ។

លទ្ធផលនៃការស្ទង់មតិចុងក្រោយបំផុតក្នុងឆ្នាំ 2024 ដែលមានមនុស្ស 1,000 នាក់បានឆ្លើយតបក្នុងខែមេសា ឆ្នាំ 2024 បានរកឃើញថា បរិស្ថាននៅតែជាប់ចំណាត់ថ្នាក់ក្នុងចំណោមរឿងដែលប្រជាជនថៃព្រួយបារម្ភជាងគេ គិតជាភាគរយ 30%នៃអ្នកឆ្លើយសំណួរ ។ បន្ទាប់គឺតម្លៃនៃការរស់នៅ គិតជាភាគរយ 28% នៃអ្នកឆ្លើយសំណួរ ប្រធានបទទាំងពីរនេះគឺជាអ្វីដែលប្រជាជនថៃព្រួយបារម្ភបំផុតនៅក្នុងការស្ទង់មតិឆ្នាំ 2023 ផងដែរ។

ការស្ទង់មតិនេះគឺនៅក្នុងបរិបទនៃក្តីកង្វល់ចម្បងៗរបស់ប្រជាជនចំពោះប្រទេស ដែលរួមដល់អំពើពុករលួយក្នុងស្ថាប័នរដ្ឋាភិបាល សុខភាពសាធារណៈ ចរាចរណ៍ ឧក្រិដ្ឋកម្ម និងសេដ្ឋកិច្ចទាំងមូល។

បរិស្ថាន​ប៉ះពាល់​ដល់​គុណភាព​ជីវិត​របស់​ប្រជាជន​ថៃ ៧៤%

លទ្ធផលនៃការស្ទង់មតិឆ្នាំ 2024 បង្ហាញថា ការព្រួយបារម្ភរបស់ប្រជាជនថៃអំពីបរិស្ថាន កាន់តែខ្លាំងឡើងរហូតដល់ 74% ហើយពួកគេមានអារម្មណ៍ថា បរិស្ថានមានឥទ្ធិពលយ៉ាងខ្លាំងទៅលើគុណភាពជីវិតរបស់ពួកគេ ។ លើសពីនេះទៅទៀត 37% ​នៃប្រជាជន ក៏មានការព្រួយបារម្ភផងដែរ អំពីបរិស្ថាននឹងកាន់តែអាក្រក់ក្នុងរយៈពេល 5 ឆ្នាំខាងមុខ។

ប្រជាជនថៃមើលឃើញបញ្ហា ប៉ុន្តែគាត់នៅតែមិនផ្លាស់ប្តូរអាកប្បកិរិយា

ទោះបីជាមានការព្រួយបារម្ភអំពីបរិស្ថានក៏ដោយ ឬតម្លៃនៃការរស់នៅ ប៉ុន្តែគេបានរកឃើញថា មនុស្សភាគច្រើនមិនទាន់បានផ្លាស់ប្តូរអាកប្បកិរិយារបស់ខ្លួនយ៉ាងធ្ងន់ធ្ងរក្នុងការថែរក្សាបរិស្ថាននៅឡើយ គឺនៅតែមានកន្លែងសម្រាប់យុទ្ធនាការ និងលើកកម្ពស់ការផ្លាស់ប្តូរអាកប្បកិរិយាប្រកបដោយនិរន្តរភាព ។

ទោះយ៉ាងណាក៏ដោយ ការស្ទង់មតិនេះបានរាយនូវឥរិយាបថចំនួន ៣ ដែលប្រជាជនថៃរួមគ្នាអភិរក្សបរិស្ថានមានដូចខាងក្រោម៖

  • មិនគាំទ្រការជួញដូរ/ប្រើប្រាស់ផលិតផលព្រៃឈើ ទំនិញរត់ពន្ធ ឬខុសច្បាប់ (៣៧%)
  • កាត់បន្ថយការប្រើប្រាស់អគ្គិសនីក្នុងផ្ទះ (៣៤%)
  • ការប្រើប្រាស់ថង់ និងវេចខ្ចប់ដែលអាចប្រើឡើងវិញបាន (33%)។

ប្រជាជនថៃរំពឹងថា រដ្ឋាភិបាលនឹងដើរតួយ៉ាងសំខាន់ ប៉ុន្តែក្នុងពេលតែមួយ មនុស្សក៏មានចំណែកក្នុងការទទួលខុសត្រូវផងដែរ។ ពួកគេត្រូវបានរំពឹងថានឹងផ្លាស់ប្តូររបៀបរស់នៅដើម្បីជួយថែរក្សាបរិស្ថាន ។

លទ្ធផលនៃការស្ទង់មតិក៏បង្ហាញផងដែរ ពីបញ្ហាបរិស្ថានទាំង ៣ ដែលប្រជាជនថៃព្រួយបារម្ភជាងគេ

  • ការឡើងកំដៅផែនដី (30%)
  • ការបំពុលបរិយាកាស (២៧%)
  • ការប្រែប្រួលអាកាសធាតុ/សីតុណ្ហភាព (២២%) ៕

ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម