ដោយ ម៉ារ៉ា ៈ
វគ្គបណ្តុះបណ្តាល «ភាពជាអ្នកដឹកនាំ និងគ្រប់ព័ត៌មាន» ជំនាន់ទី៣ រៀបដោយសមាគមអ្នកសារព័ត៌មានសម្រាប់សន្តិភាព និងការអភិវឌ្ឍ (JFAPD) មានរយៈពេលមួយថ្ងៃពេញ មានសិក្ខាកាមចំនួន ១៤៦ អង្គ/នាក់ ក្រោមអធិបតីភាពបើក ឯកឧត្តម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២៤ នៅអគារសេរីភាព សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) រាជធានីភ្នំពេញ ។ វគ្គនេះមានគោលបំណង ដើម្បីពង្រឹងសមត្ថភាព គុណភាព ប្រសិទ្ធភាព របស់អ្នកសារព័ត៌មាន ។
វគ្គនេះ ឧទ្ទេសនាមដោយសាស្ត្រាចារ្យ បណ្ឌិត ជា ចំរើន ប្រធានសមាគមអ្នកសារព័ត៌មានសម្រាប់សន្តិភាព និងការអភិវឌ្ឍ ដែលបានលើកយកបទពិសោធជាច្រើនឆ្នាំល្អៗរបស់លោក អំពីការដឹកនាំមនុស្ស ភាពជាគំរូក្នុងការចង្អុលទិសភារកិច្ចទទួលបានជោគជ័យ និងឯកឧត្តម ហ៊ុន សុខា វិទ្យាធិការរងសាកលវិទ្យាល័យការពារជាតិ លើកឡើងអំពីក្រមសីលធម៌អ្នកសារព័ត៌មាន ដែលអ្នកសារព័ត៌មានទាំងឡាយ ត្រូវតែប្រកាន់ខ្ជាប់ជាដាច់ខាត ព្រោះវាជាអាវក្រោះសម្រាប់ប្រយុទ្ធលើសមរភូមិស្លាប៉ាកា ។
ឯកឧត្ដម ភឺន ផល្លា ជំនួយការផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្ដមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាគណៈអធិបតីបិទវគ្គបណ្ដុះបណ្ដាលនេះ ។ ឯកឧត្តម បានណែនាំអំពីសីលធម៌ ឥរិយាបថនិងតម្លៃរបស់អ្នកសារព័ត៌មាន ដែលត្រូវតែគោរពវិជ្ជាជីវៈ គោរពឯករាជភាព និងចេះសរសេរឲ្យបានត្រឹមត្រូវ ការពិត ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋរបស់យើង ។
ចុងបញ្ចប់ មានចែកវិញ្ញាបនបត្រ និងថវិកាទ្រនាប់ដៃ ក្នុងនាមឯកឧត្តម ភឺន ផល្លា ដែលស្រឡាញ់ចូលចិត្តអ្នកកាសែត បានឧបត្ភម្ថសិក្ខាកាមក្នុងម្នាក់ ៦០.០០០ រៀល និងជួយវគ្គបណ្តុះបណ្តាលនេះ ៣ លានរៀល ៕