ឯកឧត្តម ទេសរដ្ឋមន្ត្រី ៖ «MOU មួយច្បាប់ គឺជាលិខិតូបករណ៍ដែលផ្តល់នូវជំនឿទុកចិត្តក្នុងកិច្ចសហប្រតិបត្តិការល្អ និងការប្តេជ្ញាចិត្តរួមគ្នាប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ»

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី15 ខែមិថុនា ឆ្នាំ2024 ម៉ោង 9:12 នាទី ព្រឹក

 ពិធីចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់គ្នា (MOU) រវាង អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) និងក្រុមហ៊ុនអង្គរ អ៊ិនធើណេសិនណល អ៊ែរផត អ៊ិនវេសម៉ិន(ខេមបូឌា) ឯ.ក. ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ និងចុះហត្ថលេខាដោយ កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាព​ប្រឆាំង​​អំពើ​ពុក​រលួយ និង លោក LU WEI  ប្រធានក្រុមហ៊ុនអង្គរ អ៊ិនធើណេសិនណល អ៊ែរផត អ៊ិនវេសម៉ិន(ខេមបូឌា) ឯ.ក. និងអធិបតីឯកឧត្តម Feng Zhiliគណៈអធិការកិច្ចវិន័យ និងត្រួតពិនិត្យរដ្ឋខេត្តយូណាន នៃបក្សកុម្មុយនិស្តចិន នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នាម៉ោង ១៥.០០ ថ្ងៃសុក្រ ទី ១៤ មិថុនា ឆ្នាំ ២០២៤ ។

ទេសរដ្ឋមន្ត្រី បានថ្លែងសុន្ទរកថាបើក ដែលមានខ្លឹមសារគួរឲ្យទុកចិត្តចំពោះវិស័យធុរកិច្ចនៅកម្ពុជាថា៖ «ការព្រមព្រៀងគ្នាជាឯកច្ឆន្ទ រវាង អ.ប.ព. និង ក្រុមហ៊ុនអង្គរ អ៊ិនធើណេសិនណល អ៊ែរផត អ៊ិនវេសម៉ិន(ខេមបូឌា) ឯ.ក. លើការចុះអនុស្សារណៈនៃការយោគយល់គ្នានាពេលនេះ គឺជាកាយវិការមួយបង្ហាញជាសាធារណៈនូវឆន្ទៈប្តូរផ្តាច់ ក្នុងស្មារតីចូលរួមប្រយុទ្ធប្រឆាំងអំពើពុករលួយយ៉ាងសកម្មក្នុងវិស័យឯកជន ក្រោមច្បាប់ជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា ។ «MOU មួយច្បាប់ គឺជាលិខិតូបករណ៍ដែលផ្តល់នូវជំនឿទុកចិត្តក្នុងកិច្ចសហប្រតិបត្តិការ និងការប្តេជ្ញាចិត្តរួមគ្នាប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ។ MOU ជាង ១០០ កន្លងមក កំពុងអនុវត្តដោយមានភាពជឿជាក់ ធានាបាននូវសុចរិតភាព ស្អាតស្អំ ដើម្បីការពារវិស័យឯកជនក្នុងការប្រកបធុរកិច្ចនៅកម្ពុជា ឲ្យទទួលបាននូវសមធម៌ និងយុត្តិធម៌» ស្របតាមនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដោយផ្តោតជាសំខាន់ទៅលើការធ្វើកំណែទម្រង់ប្រកប ដោយប្រសិទ្ធភាព ដែលក្នុងនោះស្នូលនៃយុទ្ធសាស្ដ្រ គឺការកែទម្រង់ និងការពង្រឹងអភិបាលកិច្ច។

ក្នុងជំនឿជាក់ដ៏មុតមាំមកលើកិច្ចសហប្រតិបត្តិការ អង្គភាពប្រឆាំងអំពើពុករលួយ ក្រោមលោក Lu Wei បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍របស់លោកថា ការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់នេះ មិនត្រឹមតែសម្គាល់ពីទីចាប់ផ្តើមថ្មីនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យប្រឆាំងអំពើពុករលួយរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនចិនប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបង្ហាញពីរូបភាពនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-កម្ពុជា ហើយបានបង្ហាញពីការសម្រេចចិត្តដ៏រឹងមាំរបស់រដ្ឋ និងសហគ្រាស ក្នុងការសាងបរិយាកាស សហប្រតិបត្តិការដែលមានភាពស្អាតស្អំ ប្រសិទ្ធភាព និងភាពច្បាស់លាស់ ក្រោមគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» ។

លោក Lu Wei ថា ការចុះហត្ថលេខាលើកនេះ ជាការបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការប្រឆាំងអំពើពុករលួយរវាងរដ្ឋ និងសហគ្រាស។ ខ្ញុំជឿជាក់ថា ក្រោមកិច្ចខិតខំ ប្រឹងប្រែងរួមគ្នារបស់យើងទាំងអស់គ្នា យើងច្បាស់ជាអាចរួមគ្នាកសាងអនាគតកាន់តែល្អប្រសើរ និងត្រចះត្រចង់ ។

 

 

អ.ប.ព. បន្តស្វាគមន៍ និងលើកទឹកចិត្តដល់វិស័យឯកជនដទៃទៀត ក្នុងការចូលរួម​​​ប្រយុទ្ធ​ប្រឆាំង​អំពើពុករលួយ ដើម្បីចូលរួមអនុវត្ត​​នូវ​គោលនយោបាយ​កំណែទម្រង់​ស៊ីជម្រៅ​​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា លើ​ការប្រយុទ្ធប្រឆាំង​អំពើ​ពុក​​រលួយ ​ទាំង​ក្នុង​​វិស័យសាធារណៈ និង​ឯកជន សំដៅធានានូវ​​ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព ក្នុង​ការ​ប្រកប​ធុរកិច្ច​ និងការ​ផ្តល់​សេវា​​សាធារណៈឱ្យបានល្អប្រសើរ ដើម្បី​លើក​ស្ទួយ​បរិយាកាស​​វិនិយោគ​អំណោយ​​​ផលដល់ការប្រកួតប្រជែងដោយស្មើភាព និងការរីកចម្រើន​ប្រកបដោយចីរភាព​នៅ​កម្ពុជា ។

សូមបញ្ជាក់ថា សមាសភាពចូលរួមក្នុងពិធី MOU នេះ ក៏មានក្រុមហ៊ុនចិននានា ក្រុមប្រឹក្សាខេត្ត អង្គភាពចំណុះខេត្តសៀមរាប លេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តសៀមរាប ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តសៀមរាប ក៏បានអញ្ជើញចូលរួមផងដែរ ៕

 

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម