ម្ហូបអាហារបាគង មិនប្រើស្នោ ថង់ប្លាស្ទិក ថែមទាំងឆ្ងាញ់ អនាម័យ តម្លៃសមរម្យ

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី16 ខែមិថុនា ឆ្នាំ2024 ម៉ោង 2:27 នាទី ល្ងាច

 

អត្ថបទ សូរ្យសែង៖

ចេញពីទីក្រុងសៀមរាប តាមផ្លូវជាតិលេខ៦ ចម្ងាយប្រមាណ ១០ គីឡូម៉ែត្រ យើងមកដល់កន្លែងទទួលទានអាហារមួយ ស្ថិតនៅស្រុកបាគង ខេត្តសៀមរាប ។ នៅទីនោះមាន រាល់អ្នកដំណើរចេញចូលកម្សាន្តខេត្តសៀមរាប តែងមិនរំលងទីកន្លែងនេះឡើយ ព្រោះអ្នកស្រុកបង្កើតទីកន្លែងសម្រាក ទាំងបរិភោគអាហារ និងអង្គុយយោលអង្រឹងតាមការគួរ ។

អ្នកស្រុកបាគង ធ្វើម្ហូបឆ្ងុយឆ្ងាញ់ពិសា ផ្សំដោយទឹកជ្រលក់ជាប់មាត់ មាន់ស្រែអាំងក្តៅភ្លាមៗ ត្រីអាំង កង្កែបបោក ហើយអ្វីដែលជាម្ហូបពិសេសប្រចាំត្រកូលអ្នកសៀមរាប គឺប្រហុកចិញ្ច្រាំ ផ្ទាប់ជាមួយបន្លៃស្រស់ច្រើនមុខ និងមានតម្លៃ​សមរម្យ ។

អ្វីដែលយើងបានសង្កេតឃើញពិសេស គឺអ្នកស្រុកមិនប្រើថង់ប្លាស្ទិក ឬ ចានស្នោទេ ពួកគាត់ បានប្រើ«ស្លឹកឈូក» ទាំងទ្រាប់បាយ ទាំងម្ហូបចំណី គឺមានអនាម័យ និងរបៀបរៀបរយណាស់ ។ មានន័យថា ពួកគាត់ភ្ញាក់រឭកដោយខ្លួនឯង ដោយមិនប្រើថង់ប្លាស្ទិក ស្នោ ជាប្រភេទដែល​ក្រសួងបរិស្ថានបានប្រឹងប្រែងអប់រំផ្សព្វផ្សាយរៀងរាល់ថ្ងៃ ក្នុងផ្នត់គំនិតថ្មី ទទួលយក​តកូនតចៅ ជាគំរូល្អមួយដល់ទីកន្លែងកម្សាន្តផ្សេងៗ ។

នេះជាឥរិយាបថចូលរួមចំណែកដ៏ល្អឥតខ្ចោះ និងរក្សាខ្ជាប់ខ្ជួន បើកបេះដូងជាមួយក្រសួងបរិស្ថាន របស់បងប្អូនប្រជាពលរដ្ឋ មិនថាតែខេត្តសៀមរាបទេ ទីកន្លែងណាក៏ដោយនៅទូទាំងប្រទេសកម្ពុជា ត្រូវបានកាត់បន្ថយការប្រើប្រាស់សំណល់ប្លាស្ទិក ដែលក្រសួងបរិស្ថានបានចេញយុទ្ធនាការកន្លងមក ហើយកំពុងបោះជំហានយ៉ាងស្វាហាប់ ទាំងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មន្ត្រីរាជការ អង្គភាពនានា វត្តអារាម អាជីវករ អ្នកស្រុក ដើម្បី«កម្ពុជាស្អាត ខ្មែរធ្វើបាន» ដែលគ្មាននរណាស្រឡាញ់ទឹកដីខ្មែរ ជាងខ្មែរឡើយ ! នេះជាភាពស្អាត ចេញពីបេះដូងយើងទាំងអស់គ្នា ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម