ពូទីន ទៅលេងវៀតណាម អាមេរិកអន់ចិត្ត

ព័ត៌មានអន្តរជាតិថ្ងៃអង្គារ៍ ទី18 ខែមិថុនា ឆ្នាំ2024 ម៉ោង 6:21 នាទី ល្ងាច

 

 

អត្ថបទ សូរ្យរិទ្ធ៖

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងធ្វើទស្សនកិច្ចនៅទីក្រុងហាណូយនៅថ្ងៃស្អែកនេះ (១៩ មិថុនា) ដែលសង្កត់ធ្ងន់លើភក្តីភាពរបស់វៀតណាមចំពោះរុស្ស៊ី  តែត្រូវទទួលនូវការរិះគន់ពីសហរដ្ឋអាមេរិកទៅវិញ ។

ដំណើរ​ទស្សនកិច្ច​នេះ​ធ្វើ​ឡើង ​បន្ទាប់​ពី​ទីក្រុង​ហាណូយ​បាន​គេច​ពី​ជំនួប​កំពូល​សន្តិភាព​អ៊ុយក្រែន​ក្នុង​ប្រទេស​ស្វីស កាល​ពី​ចុង​សប្តាហ៍​មុន ស្របពេល​បាន​បញ្ជូន​អនុរដ្ឋមន្ត្រី​ការ​បរទេស​ទៅ​ចូលរួម​កិច្ច​ប្រជុំ BRICS នៅ​រុស្ស៊ី​នៅ​ដើម​សប្តាហ៍​នេះ ហើយត្រូវបានគេរំពឹងថានឹងជួបជាមួយប្រធានាធិបតីថ្មីរបស់វៀតណាម លោក តូ ឡាំ និងអ្នកដឹកនាំផ្សេងទៀត ។

តើនេះមានន័យថាវៀតណាមឈប់«លេងចូល»អាមេរិក ហើយងាកទៅលេងចូលរុស្ស៊ីវិញឬ? ដូចជាមិនអញ្ជឹងទេ ! វៀតណាមឆ្លាត គេប្រើដៃឆ្វេងចាប់ជាមួយអាមេរិក ឯដៃស្តាំចាប់រលាក់​ជាមួយរុស្ស៊ី ។ អ្វីដែលមានផលប្រយោជន៍ចំពោះប្រទេសគេ គេហ៊ានធ្វើបែបនេះ ។ ចំណែកសហភាពអឺរ៉ុប ក៏ជាដៃគូសេដ្ឋកិច្ចដ៏សំខាន់មួយទៀតដែររបស់វៀតណាម តែមិន​បាន​ធ្វើ​អត្ថាធិប្បាយ​លើ​ដំណើរ​ទស្សនកិច្ច​នេះ​ទេ ប៉ុន្តែបានសម្តែងការមិនពេញចិត្តកាលពីខែមុន ចំពោះការសម្រេចចិត្តរបស់វៀតណាម ក្នុងការពន្យារពេលកិច្ចប្រជុំជាមួយតំណាងសហភាពអឺរ៉ុបស្តីពីការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី ។

សម្រាប់អាមេរិក ដែលធ្លាប់ចាញ់សង្គ្រាមវៀតណាមក្នុងទសវត្សរ៍ ៧០ បានធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយគ្នាកាលពីឆ្នាំមុន ហើយកែច្នៃជាដៃគូពាណិជ្ជកម្មកំពូលរបស់វៀតណាម ។ អាមេរិកអាចអន់ចិត្តយ៉ាងខ្លាំងចំពោះទង្វើនេះ ។

អាមេរិកសេពគប់វៀតណាម មានហេតុផលពីរ ៖ ទី១. គិតរឿងពាណិជ្ជកម្ម និងសេដ្ឋកិច្ច ។ ទី២. រឿងនយោបាយ ទប់ចិត្តវៀតណាមកុំឲ្យងាកទៅចិន និងរុស្ស៊ី។ តែវៀតណាមចូលកៀកអាមេរិក ដើម្បីប្រើឥទ្ធិពលរឿងដែនទឹកនៅសមុទ្រចិនខាងត្បូង ដែលមានជម្លោះរ៉ាំរ៉ៃជាមួយគ្នា ។

អ្នក​នាំពាក្យ​ស្ថានទូត​អាមេរិក​បាន​និយាយ​ថា​៖ «​គ្មាន​ប្រទេស​ណា​គួរ​ផ្តល់​វេទិកា​មួយ​ដល់​លោក​ ពូទីន​ដែលធ្វើសង្គ្រាម​ឈ្លានពាន​ ​ និង​អនុញ្ញាត​ឱ្យ​គាត់​​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​ជារឿង​ធម្មតា​ទេ​»!

តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានចេញប្រកាសចាប់ប្រធានាធិបតីរុស្ស៊ី កាលពីខែមីនា ឆ្នាំ 2023 ពីបទឧក្រិដ្ឋកម្មសង្រ្គាមនៅអ៊ុយក្រែន ប៉ុន្តែវៀតណាម រុស្ស៊ី និងសហរដ្ឋអាមេរិក មិនមែនជាសមាជិកនៃ ICC ទេ។

តាមទស្សនៈរបស់ទីក្រុងហាណូយ ដំណើរ​ទស្សន​កិច្ច​នេះ​មាន​គោល​បំណង​បង្ហាញ​ថា វៀត​ណាម​បន្ត​គោល​នយោបាយ​ការ​បរទេស​ប្រកប​ដោយ​តុល្យភាព។ លោក ឡាន ស្តូរេ អ្នកសិក្សាជាន់ខ្ពស់នៅវិទ្យាស្ថាន ISEAS-Yusof Ishak ក្នុងប្រទេសសិង្ហបុរី បាននិយាយថា វៀតណាមក៏ធ្លាប់ទទួលដំណើរទស្សនកិច្ចពីលោក ចូ បៃដេន និងលោក ហ្ស៊ី ជិនពីង ក្នុងប៉ុន្មានខែថ្មីៗនេះផងដែរ ។

នៅក្នុងដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់លោកទៅកាន់ប្រទេសវៀតណាមចាប់តាំងពីឆ្នាំ 2017 និងជាលើកទី ៥ របស់លោក លោក Putin ត្រូវបានគេរំពឹងថា នឹងប្រកាសពីកិច្ចព្រមព្រៀងក្នុងវិស័យជាច្រើនរួមមានពាណិជ្ជកម្ម ការវិនិយោគ បច្ចេកវិទ្យា និងការអប់រំ  និងអាច​រួម​បញ្ចូល​ទាំង​លក់អាវុធផង ។ រុស្ស៊ីគឺជាអ្នកផ្គត់ផ្គង់ថាមពលដ៏សំខាន់របស់វៀតណាម ជាមួយនឹងក្រុមហ៊ុនរុស្ស៊ីដែលកំពុងប្រតិបត្តិការក្នុងវិស័យប្រេង និងឧស្ម័នរបស់វៀតណាមនៅសមុទ្រចិនខាងត្បូង ដែលចិនទាមទារ ។

លោក ខាល ថាយើ អ្នកជំនាញសន្តិសុខជាន់ខ្ពស់បាននិយាយថា «ចំណុចពិភាក្សាសំខាន់ៗទាក់ទងនឹងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងអាចនិយាយពីរឿងលក់អាវុធផង។

លោក ពូទីន និងមេដឹកនាំវៀតណាម ទំនងជាយល់ព្រមលើប្រតិបត្តិការប្រាក់រូប្លិ-ដុង តាមរយៈប្រព័ន្ធធនាគារ ។ លោក ថាយើ បាន​បញ្ជាក់​ថា រូបិយប័ណ្ណទាំងពីរ អាច​ទូទាត់​ថ្លៃ​ទំនិញ និង​សេវាកម្មផ្សេងៗ ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម