ចិនដាក់ផែនការ «ធ្វើកំណែទម្រង់ដ៏ធំ» មុនកិច្ចប្រជុំនយោបាយ

ព័ត៌មានអន្តរជាតិថ្ងៃសៅរ៍ ទី29 ខែមិថុនា ឆ្នាំ2024 ម៉ោង 7:20 នាទី ល្ងាច

 

by Bong Rith: 

AFP ចេញផ្សាយនៅថ្ងៃសៅរ៍ ទី 29 ខែមិថុនា ឆ្នាំ 2024 ថា ប្រធានាធិបតីចិន លោក ហ្ស៊ី ជិនពីងបានបង្ហើបថា បក្សកុម្មុយនិស្តកំពុងរៀបចំផែនការធ្វើកំណែទម្រង់សំខាន់ៗ នៅ​មុនសន្និបាត ​របស់​គណបក្ស ។

អ្នកបង្កើតគោលនយោបាយចិនកំពុងព្យាយាមស្តារកំណើនប្រទេសឡើងវិញ ចាប់តាំងពីការបញ្ចប់វិធានការ COVID-19 ដ៏តានតឹងកាលពីចុងឆ្នាំ 2022 ។

ក្នុង​រយៈពេលកន្លងមក ប្រទេសសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកនេះ ត្រូវបានហ៊ុមព័ទ្ធដោយវិបត្តិបំណុលអចលនទ្រព្យ ការធ្លាក់ចុះនៃការប្រើប្រាស់ជាបន្តបន្ទាប់ និងអត្រាគ្មានការងារធ្វើរបស់​មនុស្សជំនាន់ថ្មី ។

លោក ហ្ស៊ី បាននិយាយនៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃសុក្រ ទី ២៨ មិថុនាថា បណ្តាអ្នកបង្កើតគោលនយោបាយគ្រោងនឹងចាត់វិធានការសំខាន់ៗ ដើម្បីជំរុញកំណែទម្រង់ស៊ីជម្រៅក្នុងលក្ខណៈទូលំទូលាយ ។ យើងនឹងបង្កើតបរិយាកាសធុរកិច្ចដែលផ្តោតលើទីផ្សារ កែសម្រួលបទប្បញ្ញត្តិ ឲ្យ​ក្លាយ​ជា​ទិស​ដៅ​នៅ​បរទេស​កាន់​តែ​ខ្លាំង​ឡើង ។ «ទ្វារ​របស់​ប្រទេស​ចិន​នឹង​បើក​កាន់​តែ​ច្រើន​ឡើង»

លោក ហ្ស៊ី បាននិយាយម្តងហើយម្តងទៀត នូវការប្តេជ្ញាចិត្តរបស់គាត់ចំពោះកំណែទម្រង់សំខាន់ៗនៅឆ្នាំនេះ ហើយ​រដ្ឋាភិបាល​បាន​ចេញ​វិធានការ​រួច​ហើយ​ក្នុង​វិស័យ​សំខាន់ៗ​មួយ​ចំនួន​ ដូច​ជា​ វិស័យ​អចលន​ទ្រព្យ ។

កិច្ចប្រជុំលើកទី 3 នៃមហាសន្និបាតដែលនឹងកោះប្រជុំដើម្បីកំណត់ទិសដៅនៃគោលនយោបាយសេដ្ឋកិច្ចនឹងត្រូវធ្វើឡើង​នៅ​ទីក្រុង​ប៉េកាំង​ នា​ពាក់​កណ្តាល​ខែ​កក្កដា។ គេរំពឹងថា នឹងដោះស្រាយភាពមិនច្បាស់លាស់ដែលប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសចិន ។

ធនាគារប្រជាជនចិន (PBOC) ដែលជាធនាគារកណ្តាលរបស់ប្រទេស សន្យាជំរុញការអនុវត្តគោលនយោបាយ និងវិធានការហិរញ្ញវត្ថុ ដែលរដ្ឋាភិបាលបានប្រកាស និងជំរុញឱ្យមានការអភិវឌ្ឍន៍ស្ថិរភាពនិងរឹងមាំនៃទីផ្សារអចលនទ្រព្យ។

ជា​ផ្នែក​មួយ​នៃ​ការ​ថ្លែង​សុន្ទរកថា​នៅ​មហាសាល​ប្រជាជន​ដ៏​អស្ចារ្យ​ក្នុង​ទីក្រុង​ប៉េកាំង លោក ហ្ស៊ី បានសរសើរប្រទេស ចិនថា ជាកម្លាំងសម្រាប់សន្តិភាពពិភពលោក ហើយ​ទីក្រុង​ប៉េកាំង​នឹង​ចាត់​វិធានការ​ស្ថាបនា​លើ​ជម្លោះ​អន្តរជាតិ​ ដូចជា​តំបន់ហ្គាហ្សាស្ទ្រីប និង​អ៊ុយក្រែន ។

ចិន​ត្រូវ​បាន​ប្រទេស​ជាច្រើន​រិះគន់​ថា​ មិន​ថ្កោលទោស​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន ហើយ​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា ​ជា​រដ្ឋាភិបាល​គាំទ្រ​ក្រុង​ម៉ូស្គូ ទោះបីជារដ្ឋាភិបាលក្រុងប៉េកាំងតែងតែរក្សាអព្យាក្រឹតភាពរបស់ខ្លួនក៏ដោយ ។

ចំណែក​ជម្លោះ​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន ប្រទេសចិនបានគាំទ្រដំណោះស្រាយរដ្ឋពីរអស់រយៈពេលជាច្រើនទសវត្សរ៍ មកហើយដែរ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម