ពន្លកបៃតងចេញពីចិត្ត ! ថ្ងៃល្អ ទទួលយកកូនឈើទៅដាំដោយសេរី និងឥតគិតថ្លៃ នៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៌កូនឈើ នៅក្រសួងបរិស្ថាន

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី02 ខែកក្កដា ឆ្នាំ2024 ម៉ោង 3:37 នាទី ល្ងាច

ព្រឹត្តិការណ៍តាំងពិព័រណ៌ផ្សព្វផ្សាយ ចែកកូនឈើ ដោយសេរី ឥតគិតថ្លៃ និងវេទិកាកេសរកូលជាតិ លើកទី ៤ កំពុងខិតជិតមកដល់ហើយ គឺមានរយៈពេល ៣ ថ្ងៃ ពីថ្ងៃទី ១០-១២ ខែកក្កដា ឆ្នាំ ២០២៤ នៅមុខទីស្តីការក្រសួងបរិស្ថាន ស្ថិតនៅជិតមជ្ឈមណ្ឌលពាណិជ្ជកម្មកោះពេជ្រ ។

ឥទ្ធិពលនៃព្រឹត្តិការណ៍រយៈពេល ៣ ថ្ងៃនេះ បានភ្លឺចែងចាំងសម្រាប់ការរស់នៅដ៏ស្រស់បំព្រងក្នុងពេលបច្ចុប្បន្ន និងទៅអនាគតនៃកូនចៅរបស់យើង ដែលក្រសួងបរិស្ថានលើកទឹកចិត្តដល់ប្រជាពលរដ្ឋទូទាំងប្រទេស មន្ត្រីរាជការ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ វិស័យឯកជន អញ្ជើញមកទទួលកូនឈើគ្រប់ប្រភេទ ដោយឥតគិតថ្លៃ ដើម្បីយកទៅដាំដោយសេចក្តីរីករាយ និងមោទកភាព ចំពោះកាយវិការដ៏គួរឲ្យគោរពស្រឡាញ់ចំពោះរាជរដ្ឋាភិបាលសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានក្រសួងបរិស្ថានជាសេនាធិការ បានប្រើថាមពលខួរក្បាល ដើម្បីដំណើរផ្លាស់ប្តូរជីវិតរបស់ប្រជាពលរដ្ឋឲ្យមានសេចក្តីសុខរីករាយ ទទួលយកភាពវិជ្ជមាន អំពីការដាំឡើងវិញ និងអភិរក្សព្រៃឈើធម្មជាតិលើទឹកដីកម្ពុជានៃយើង ។

ព្រឹត្តិការណ៍នេះ រំលេចឡើងក្រោមមូលបទ «ពន្លកបៃតង» និងទទួលបាននូវកិត្តិយសដ៏ខ្ពង់ខ្ពស់ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក្រោមបដិសណ្ឋារកិច្ច និងមតិស្វាគមន៍បើក របស់ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ។

ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើនេះ គឺស្របតាមផែនការសកម្មភាពរបស់ក្រសួងបរិស្ថាន ដែលបានដាក់ចេញនូវយុទ្ធនាការដាំដើមឈើយ៉ាងតិច ១ លានដើមក្នុងមួយឆ្នាំ ។ យុទ្ធនាការនេះផងដែរ បានរួមចំណែកឆ្ពោះទៅសម្រេចគោលដៅ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាលអាណត្តិទី ៧ នៃរដ្ឋសភា គឺបង្កើនគម្របព្រៃឈើឲ្យបាន ៦០% និងធ្វើឲ្យកម្ពុជាក្លាយជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ ២០៥០ ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម