សូមអញ្ជើញចូលរួមឲ្យបានកុះករ ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី ៤ ពីថ្ងៃទី 10-16 ខែកក្កដា ឆ្នាំ 2024

ព័ត៌មានសង្គមថ្ងៃពុធ ទី03 ខែកក្កដា ឆ្នាំ2024 ម៉ោង 7:49 នាទី ល្ងាច

ក្រសួងបរិស្ថាន បានរៀបចំដាក់តាំងបង្ហាញពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី ៤ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០-១៦ ខែកក្កដា ឆ្នាំ ២០២៤ នៅមុខអគារមរតកតេជោ ទីស្តីការក្រសួងបរិស្ថាន និងនៅតាមមន្ទីរបរិស្ថាន ២៥ រាជធានី-ខេត្ត  ។

ព្រឹត្តិការណ៍ «ពន្លកបៃតង» នឹងប្រារព្ធបើកជាផ្លូវការនាថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងបរិស្ថាន មន្ទីរបរិស្ថានរាជធានី-ខេត្តទាំង ២៥ តំណាងក្រសួងស្ថាប័ន ស្ថានទូត អង្គការដៃគូ វិស័យឯកជន អ្នកជំនាញជាតិ អន្តរជាតិ សមាគមយុវជននានា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងសាធារណជន ។

ពិព័រណ៍នេះ រៀបចំឡើងដោយមានការតាំងបង្ហាញ និងចែកកូនឈើជូនប្រជាពលរដ្ឋ យកទៅដាំដុះនៅតាមគេហដ្ឋាន សាលារៀន វត្តអារាម ទីកន្លែងសាធារណៈ និងទីតាំងឯកជននានា ដោយឥតគិតថ្លៃ និងដើម្បីផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹង  ស្តីការដាំឈើឲ្យបានច្រើន ដើម្បីបង្កើនគម្របបៃតងនៅកម្ពុជា និងជម្រុញការអភិរក្សជីវៈចម្រុះពីគ្រប់ភាគីពាក់ព័ន្ធ ស្របនឹងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលបានដាក់ចេញជាបន្តបន្ទាប់ និងជាជំហានៗ ផ្តោតលើមុំយុទ្ធសាស្ត្រចំនួន ៣ គឺស្អាត បៃតង និងចីរភាព ក្នុងគោលបំណងចម្បង លើកកម្ពស់សេដ្ឋកិច្ចជាតិ និងជីវភាពប្រជាពលរដ្ឋនៅតាមតំបន់ការពារធម្មជាតិ ឲ្យទទួលបានប្រាក់ចំណូលខ្ពស់ តាមរយៈភ្ញៀវទេសចរ អ្នកវិនិយោគជាតិ អន្តរជាតិ ដែលនិយម និងស្រឡាញ់ធនធានធម្មជាតិ ។

ព្រឹត្តិការណ៍តាំងពិព័រណ៍នេះ ក៏មានការតាំងបង្ហាញសមិទ្ធផលនានារបស់ក្រសួង មន្ទីរបរិស្ថាន ដៃគូអភិវឌ្ឍន៍ និងសមាគមយុវជន ផលិតផលខ្មែរ ផលិតផលជីវចម្ពីសហគមន៍ និងអង្គការដៃគូផងដែរ ។

ពិធីនេះ ក៏ចាត់ទុកជាការអញ្ជើញ សាធារណជន ប្រជាពលរដ្ឋ អាជីវករ ចូលរួមឲ្យបានអធិកអធម និងទទួលយកកូន ឈើដោយសេចក្តីរីករាយគ្រប់ៗគ្នា ។

កុំភ្លេចណា ! ជួបគ្នាថ្ងៃទី ១០-១៦ ខែកក្កដា ឆ្នាំ ២០២៤ នៅមុខទីស្តីការក្រសួងបរិស្ថាន ជិតមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម