យក្សក៏ស្រឡាញ់ធម្មជាតិរបស់ខ្មែរដែរ ! ដាំកូនឈើនៅថ្ងៃនេះ បើមនុស្សជំនាន់នេះមិនបានហូប ក៏ថ្ងៃក្រោយ កូនចៅខ្មែរជំនាន់ក្រោយៗក៏បានទទួលផលដែរ !

ព័ត៌មានសង្គមថ្ងៃសុក្រ ទី12 ខែកក្កដា ឆ្នាំ2024 ម៉ោង 8:03 នាទី ល្ងាច

 

by Bong Rith

ថ្ងៃនេះ (ទី ១២ ខែកក្កដា) ជាថ្ងៃទី ៣ ក៏ជាថ្ងៃចុងក្រោយ នៃព្រឹត្តិការណ៍តាំងពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ ឥតគិតថ្លៃនៅមុខក្រសួងបរិស្ថាន ប៉ុន្តែសម្រាប់នៅតាមមន្ទីរបរិស្ថាន ២៥ ខេត្ត-ក្រុង នៅបន្តចែក​កូនឈើ​ដល់ថ្ងៃទី ១៦ ខែកក្កដាទៀត ក៏ព្រោះតែក្រសួងបរិស្ថាន បានយល់ពីការលំបាករបស់បងប្អូន ពុកម៉ែ ដែលនៅ​ខេត្តឆ្ងាយៗពិបាកក្នុងការធ្វើដំណើរមករាជធានីភ្នំពេញផង និងសន្សំសំចៃថវិការបស់ពួកគាត់ផង ។ទិដ្ឋភាពនៅក្នុងរោងតាំងពិព័រណ៍រយៈពេល ៣ ថ្ងៃ យើងសង្កេតឃើញបងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់ ព្រះសង្ឃ ជាច្រើនអង្គ-នាក់ បានអញ្ជើញ និងនិមន្តមកពីគ្រប់ទិសទីដើម្បីមកទទួលយកកូនឈើទៅដាំក្នុងក្នុងទីធ្លាសាលា ក្នុងវត្តអារាម តាមគេហដ្ឋាន និងតាមផ្លូវសាធារណៈ ឲ្យតែដីមានចន្លោះ និងទំនងដាំកូនឈើបាន ពួកគាត់មិនរួញរានឹងដាំឡើយ ព្រោះដាំនៅថ្ងៃនេះ បានផលនៅថ្ងៃក្រោយ បើមិនបានមនុស្សជំនាន់នេះហូប ក៏ថ្ងៃក្រោយបានកូនចៅជំនាន់ក្រោយៗទទួលផលដែរ ។

 

 នៅថ្ងៃទី ១២ កក្កដានេះផងដែរ ក៏មានយក្សាមកទទួលកូនឈើយកទៅដាំនៅអាសនៈ(គេហដ្ឋាន) របស់គាត់ដែរ ព្រោះយក្សក៏ស្រឡាញ់ដើមឈើដូចមនុស្សាដែរ ព្រោះយក្សនេះជាយក្សខ្មែរ ស្រឡាញ់ធម្មជាតិ ដ៏ស្រស់ស្អាតដែលជាធនធានធម្មជាតិរបស់ខ្មែរ ព្រៃព្រឹក្សាដែលពោរពេញទៅដោយពណ៌បៃតងស្រស់បំព្រង គ្រប់ខេត្ត ភ្ញៀវបរទេសណាក៏ចូលចិត្តបែបធម្មជាតិពិតៗនៃទឹកដីសុវណ្ណភូមិរបស់ខ្មែរដែរ ។ ម្យ៉ាងទៀត អ្វីដែលគាត់តុបតែងជា«យក្ស» មកចូលរួមក្នុងហ្វូងមនុស្សា គឺក៏ព្រោះតែគាត់មិនចង់ឲ្យប្រជាជនខ្មែរ និងកុមារ ព្រមទាំងយុវជន ភ្លេចនូវល្ខោនបាសាក់ ដែលជាល្ខោនប្រពៃណីរបស់ខ្មែរ ដែលសព្វថ្ងៃសឹងតែគេបិទភ្នែករំលង​ចោល​ទៅហើយ ក្នុងពេលដែលវប្បធម៌ទំនើបពីខាងក្រៅហូរចូលស្រុកយើងយ៉ាងគំហុក ។

សូមបញ្ជាក់ថា ការតាំងពិព័រណ៍កូនឈើ «ពន្លកបៃតង» នេះ មានបីប្រភេទ ទី១ ជាឈើខ្លឹមប្រណីត ទី២ ឈើហូបផ្លែ និងទី៣ ដើមត្នោត ដែលជាអត្តសញ្ញាណជាតិខ្មែរ មានប្រយោជន៍ដ៏មហាសាល ។ អ្វីដែលចាប់អារម្មណ៍ នៅពេលបានទស្សនាហើយ ពេលចេញមកវិញ បងប្អូនយើងមានដើមឈើយូរនឹងដៃទាំងសងខាងគ្រប់ៗគ្នា ។

អ្វីដែលយើងទាំងអស់គ្នាសប្បាយរីករាយក្នុងព្រឹត្តិការណ៍នេះ គឺប្រជាពលរដ្ឋ ព្រះសង្ឃ សាទរ និងគាំទ្រការរៀបចំដែលចាត់ទុកជាលើកទី១ របស់ក្រសួងបរិស្ថានដ៏ល្អឥតខ្ចោះនេះ នាំមកនូវការលើកកម្ពស់ការយល់ដឹងស្តីពីការដាំដើមឈើឲ្យបានច្រើនថែមទៀត ដើម្បីបង្កើតគម្របបៃតងនៅកម្ពុជា និងបង្កើនបរិមាណឈើប្រណីតក្នុងប្រទេសកម្ពុជាផងដែរ ៕

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម