ការសមាធិ ជាអាហារផ្លូវចិត្ត សម្អាតចិត្តឲ្យស្អាតស្អំ តម្រង់ទិសឲ្យជីវិតមានសេចក្តីសុខពិតប្រាកដ…! មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ ធ្វើ​សមាធិ វិបស្សនាអប់រំផ្លូវចិត្ត នៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជានៃឧទ្យានជាតិព្រះកុសុមៈគីរីរម្យ   

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី14 ខែកក្កដា ឆ្នាំ2024 ម៉ោង 11:54 នាទី ព្រឹក

Bong Rith:

មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជានៃឧទ្យានជាតិព្រះកុសុមៈគីរីរម្យ ស្ថិតស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ចម្ងាយទីក្រុងភ្នំបេញ ១១២ គីឡូម៉ែត្រ បានរៀបចំកន្លែងធ្វើ«សមាធិ និងវិបស្សនា»ដ៏ទំនើប ដែលជាទីឋានធម្មជាតិដ៏ស្រស់ស្អាតពោរពេញដោយបរិយាកាសជុំវិញពណ៌បៃតង ដើមឈើខ្ពស់ៗ អមដោយខ្យល់ត្រជាក់ និងជាទីស្ងប់ស្ងាត់ ស័ក្តិសមជាទីឋានវិបស្សនាសម្រាប់​អប់រំផ្លូវចិត្ត​ដល់មនុស្សទាំងឡាយ ដល់ការស្វាធ្យាយ និងសម្អាតចិត្តឱ្យស្អាតផូរផង់ល្អ។

ប្រតិភូអង្គភាពប្រឆាំងអំពើពុករលួយ ដឹកនាំដោយលោកជំទាវ ចិន ច័ន្ទមុនី ឧបការី និងជាប្រធានក្រុមប្រឹក្សាវិន័យ និងត្រួតពិនិត្យផ្ទៃក្នុង តំណាងដ៏ខ្ពង់ខ្ពស់ កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ  បានអញ្ជើញ ក្នុងពិធី​សមាធិ ទាន សីល វិបស្សនាអប់រំផ្លូវចិត្ត ដល់ថ្នាក់ដឹកនាំ និងមន្ត្រីចំនួន ៦១ រូប នៅសៅរ៍ ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២៤ ។

ការអប់រំផ្លូវចិត្ត គឺតម្រង់ទិសដំណើរជីវិតឲ្យបុគ្គលគ្រប់រូបចេះទទួលយកវិន័យខ្លួនឯង ប្រកាន់យកនូវសេចក្តីស្រឡាញ់ ការយោគយល់គ្នា រំងាប់អារម្មណ៍ឲ្យស្ងប់ស្ងាត់ លះបង់ភាពលោភលន់ រក្សាភាពស្មោះត្រង់ ប្រកាន់យកធម៌អហិង្សា ធម៌ខន្តី មិនឈ្នានិស ឬកេងបន្លំទ្រព្យសម្បត្តិអ្នកដទៃ ប្រព្រឹត្តតែអំពើល្អ ប្រកាន់ខ្ជាប់ភាពសុចរិតនៅក្នុងខ្លួន បាតដៃស្អាតស្អំ ចិត្តស្អាតប្រពៃ បំពេញការងារឲ្យបានទៀងត្រង់ សច្ចៈ រក្សាសេចក្តីថ្លៃថ្នូរ ដើម្បីឲ្យក្លាយជាមនុស្សមានគុណតម្លៃ​ ឆ្ពោះទៅឋានសូគ៌ក្នុងចិត្ត និងភាពសុខសាន្តរបស់ខ្លួន ក៏ដូចដណ្តើមបានកិត្យានុភាពរបស់អង្គភាព ។

អគ្គមហាឧបាសិកាធម្មបណ្ឌិត ញឹក ប៊ុនថា ស្ថាបនិកមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា បានប្រសាសន៍ថា «ការសមាធិ គឺជាសេចក្តីសុខពិតប្រាកដស្ថិតនៅក្នុងខ្លួន ។​ព្រះពុទ្ធជាម្ចាស់​ទ្រង់​សម្តែងថា​ អាហារសត្វលោកមានពីរ គឺ«អាហារផ្លូវកាយ និងអាហារផ្លូវចិត្ត» ។ អាហារផ្លូវ​កាយ​គឺការបំប៉នសុខភាពផ្លូវកាយ ដើម្បីសុខភាពល្អ អាយុវែង… ។ អាហារផ្លូវចិត្ត ព្រះពុទ្ធជាម្ចាស់ឲ្យ​តម្លៃប្រសើរជាងអាហារផ្លូវកាយ ។ អាហារផ្លូវចិត្ត គឺ ទាន សីល ភាវនា ដែលយើងកំពុងប្រតិបត្តិ គឺជាបុណ្យកុសលគ្រប់បែបយ៉ាង ជាអាហារសុវត្ថិភាពប្រសើរបំផុត មិនអាចរកអ្វីមកជំនួសបាន ក្នុងអំពើល្អដែលជាសេចក្តីសុខខ្លួនឯង គ្រួសារ និងសង្គមជាតិ ត្រូវវៀរចាកពីអាហារគ្មានសុវត្ថិភាព ដូចជា បាបកម្មទាំងឡាយ លោភៈ ទោសៈ មោហៈ មានៈ ព្យាបាទ… នោះយើងនឹងបានសេចក្តីសុខ​ពិតប្រាកដហើយ ។  កាលបើរកសេចក្តីសុខពិតប្រាកដតែម្យ៉ាងបាន លុះណាតែអ្នកទាំងអស់​លះបង់អ្វីៗ ទទួលយកការអប់រំផ្លីវចិត្ត គឺនៅក្នុងសីល សមាធិ​បញ្ញា សមាធិក្នុងចិត្ត ដើម្បីបណ្តុះនូវបញ្ញាស្មារតី ឱ្យដើរតាមមាគ៌ាព្រះពុទ្ធ ដែលផ្តោតលើសច្ចៈធម៌ជាសំខាន់។

លោកជំទាវ ចិន ចន្ទមុនី មានប្រសាសន៍ថា «គោលការណ៍ការបដិបត្តិសមាធិ គឺធ្វើចិត្តឱ្យស្ងប់ ធ្វើចិត្តឱ្យស្អាតផូរផង់ និងធ្វើចិត្តឱ្យចេញផុតពីអកុសលទាំងពួង។ បុគ្គលគ្រប់រូប ត្រូវចេះកំណត់នូវវិន័យខ្លួនឯង ដោយប្រកាន់យកនូវសេចក្តីស្រឡាញ់ និងការយោគយល់គ្នា មិនលោភលន់ យល់ដឹងអំពីភាពត្រឹមត្រូវ និងប្រព្រឹត្តតែអំពើល្អ ដើម្បីឆ្ពោះទៅកាន់ភាពសុខសាន្ត និងសុភមង្គលក្នុងជីវិតរស់នៅរបស់ខ្លួន និងអង្គភាព» ។

លោកជំទាវ ចិន ចន្ទមុនី ឧបការី លើកឡើងទៀតថា «តាមរយៈការប្រតិបត្តិព្រះពុទ្ធសាសនា គឺបានកំណត់ឲ្យមាននូវគុណតម្លៃ ដែលជាបច្ច័យដល់ការចូលរួមចំណែកជាមួយ អាណាចក្រក្នុងការអប់រំផ្លូវ​​ចិត្ត​របស់​មនុស្ស​ឱ្យប្រកាន់យកនូវអំពើល្អ ត្រឹមត្រូវ មិនធ្វើអំពើបាបទាំងពួង ប្រកាន់យកធម៌អហឹង្សា មិនកេងបន្លំ យកទ្រព្យសម្បត្តិរបស់អ្នកដទៃ និងធម៌ខន្តីជានិច្ច​នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ គោលបំណងនៃការអប់រំផ្លូវចិត្តតាមបែបព្រះពុទ្ធសាសនា គឺឆ្លុះបញ្ចាំង​ពីសុចរិតភាព ភាពស្អាតស្អំនិងបរិសុទ្ធ  ការមិនគាំទ្រនូវអំពើអាក្រក់ ដែលប្រការទាំងនេះ គឺជាកាតព្វកិច្ចរបស់ មន្រ្តីអនុវត្តច្បាប់របស់យើងដែលត្រូវគោរពប្រតិបត្តិឲ្យខានតែបាន ដើម្បីលើកកម្ពស់ កិត្តិយស និងកិត្យានុភាពរបស់អង្គភាពប្រឆាំងអំពើពុករលួយ។ ការគ្រងសម្លៀកបំពាក់«ស»​នៅថ្ងៃនេះ បានឆ្លុះបញ្ចាំងពីរឥរិយាបថរបស់ថ្នាក់ដឹកនាំ មន្ត្រី ប្រកាន់ខ្ជាប់នូវសុចភាព ចិត្តស្អាតស្អំ ដូច្នេះហើយ កម្មវិធីសមាធិអប់រំផ្លូវចិត្តរយៈពេលមួយពេលនេះ ពិតជាមានសារសំខាន់សម្រាប់យើងមន្រ្តីគ្រប់រូប ។

ក្នុងឱកាសនេះដែរ លោកជំទាវ ចិន ច័ន្ទមុនី បាននាំបច្ច័យចំនួន ៥លានរៀល របស់ កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី និងលោកជំទាវពុទ្ធសាសនូបត្ភម្ភ ឡុង វិសាខា ប្រគេនចំពោះអគ្គមហាឧបាសិកាធម្មបណ្ឌិត ញឹក ប៊ុនថា សម្រាប់ទុកកសាងសមជ្ឈមណ្ឌលនវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ដើម្បីជាការរួមចំណែកជាសទ្ធាក្នុងការ​កសាងសមិទ្ធផលផ្សេងៗ ដែលជាទីរមនានេះផងដែរ។

សូមបញ្ជាក់ថា នាពេលថ្មីៗនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុនី ទើបបានអញ្ជើញសម្ពោធសមិទ្ធផលជាច្រើន​នាពេលថ្មីៗនេះ ។ ទីកន្លែងសមាធិនេះ បានសាងសង់ដោយរដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលគម្រោងសង់៥០ រោង ជំហានដំបូងទើបបាន ១១ រោង ជាទីកន្លែងមានសភាពស្ងប់ស្ងាត់នៅលើខ្នងភ្នំដែលមានដើមឈើម្លប់ត្រឈឹងត្រឈៃ និងវាយោរបក់ត្រជាក់គួរជាទីសមាធិដល់ពុទ្ធសាសនិកទាំងពួង ៕

 

 

រូបថត គឹម រដ្ឋា និង ចិន សីឧត្តម


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម