ថៃអរគុណកម្ពុជា ដែលដោះលែងអ្នកនេសាទថៃ ១៨ នាក់ឲ្យត្រឡប់ទៅប្រទេសវិញ

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី14 ខែកក្កដា ឆ្នាំ2024 ម៉ោង 7:44 នាទី ល្ងាច

 

អត្ថបទ សូរ្យសែងៈ

កាសែត khaosod  របស់ថៃចេញផ្សាយថ្ងៃនេះ (១៤ កក្កដា) ថា នាវិកថៃ ១៨នាក់ បានត្រឡប់មកផ្ទះវិញហើយ នេះបើតាមលោក នីខនដេច ផ្លានគុណ អគ្គនាយកនៃនាយកដ្ឋានព័ត៌មាន និងជាអ្នកនាំពាក្យក្រសួងការបរទេស ឲ្យដឹងតាមរយៈសេចក្តីថ្លែងការណ៍ស្តីពីវឌ្ឍនភាពរបស់អាជ្ញាធរកម្ពុជាក្នុងការដោះលែង នាវិកថៃ ១៨នាក់ ដែលត្រូវបានចាប់ខ្លួនចាប់តាំងពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ ឱ្យត្រឡប់ទៅប្រទេសថៃវិញនៅថ្ងៃនេះ ។ ការ​ដោះលែង​ជនជាតិ​ថៃ​នេះ​គឺជា​សមិទ្ធផល​ដ៏​អស្ចារ្យ​ក្នុង​ទំនាក់ទំនង​ជាមួយ​ប្រទេស​ជិតខាង។

ក្រោយ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​របស់​លោក ម៉ារីស ស្ងៀមភង្ស រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេសថៃ កាលនៅ​ថ្ងៃ​ទី២៧ ខែ​មិថុនា ដែលលោក​បាន​លើក​យក​បញ្ហា​នេះ​ជាមួយ​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​កម្ពុជា ។

ទន្ទឹមនឹងការស្នើសុំភាគីកម្ពុជា ពន្លឿនចំណាត់ការផ្លូវច្បាប់ ដើម្បីអនុញ្ញាតឲ្យនាវិកទាំងអស់ត្រឡប់ទៅប្រទេសថៃឱ្យបានឆាប់តាមដែលអាចធ្វើបាន ក្រុមនាវិកនេះ បានចាកចេញពីក្រុងព្រះសីហនុ ហើយនឹងត្រឡប់ទៅប្រទេសថៃវិញ នៅរសៀលថ្ងៃនេះ (១៤ កក្កដា) តាមច្រកព្រំដែន បានហាតលេក ខេត្តត្រាត ។

គ្រប់ពេលដែលសមាជិកនាវិកទាំង១៨នាក់នៅប្រទេសកម្ពុជា ស្ថានទូត​ថៃ​ប្រចាំ​រាជធានី​ភ្នំពេញ​ បាន​ផ្តល់​ជំនួយ​តាម​មធ្យោបាយ​ផ្សេងៗ​គ្រប់​ពេល​វេលា ព្រម​ទាំង​មាន​មន្ត្រី​កុងស៊ុល​ធ្វើ​ដំណើរ​ទៅ​បញ្ជូន​ពលរដ្ឋ​ថៃ​មួយ​ក្រុម​តាម​ព្រំដែន​កម្ពុជា។ ជាមួយគ្នានេះ ក្រសួងការបរទេស​ក៏​នឹង​បញ្ជូន​ប្រធាន​ការិយាល័យ​លិខិតឆ្លងដែន​ទៅ​ស្វាគមន៍​អ្នក​នៅ​ព្រំដែន​ថៃ​ផងដែរ​។

លោក ម៉ារីស ក៏បាននិយាយផងដែរថា រដ្ឋាភិបាលថៃ សូមថ្លែងអំណរគុណចំពោះរដ្ឋាភិបាលកម្ពុជា ដែលបានជួយ និងពន្លឿនដំណើរការនេះ ដើម្បីឲ្យប្រជាជនថៃទាំងអស់អាចត្រឡប់មកប្រទេសវិញ និងបានជួបជុំគ្រួសាររបស់ពួកគេឡើងវិញ សកម្មភាពនេះឆ្លុះបញ្ចាំងពីទំនាក់ទំនងដ៏ល្អប្រសើរ និងជិតស្និទ្ធ ប្រទេសទាំងពីរក្នុងគ្រប់ទិដ្ឋភាព ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម