«តំណក់ឈាម សង្គ្រោះជីវិត» បេះដូងមនុស្សធម៌ របស់ ស.ស.យ.ក. គ៧៨

ព័ត៌មានសង្គមថ្ងៃសុក្រ ទី19 ខែកក្កដា ឆ្នាំ2024 ម៉ោង 8:09 នាទី ល្ងាច

 

by Bong Rith 

 

«តំណក់ឈាម សង្គ្រោះជីវិត» មិនមែនជាចំណងជើងភាពយន្តទេ គឺជាមូលបទនៃ បេះដូងមនុស្សធម៌នៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត សម្រាប់សង្គ្រោះជីវិតមនុស្ស របស់សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា គ៧៨(ស.ស. យ.ក. គ៧៨) ចំនួន ១៧៦ រូប ប្រព្រឹត្តក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ នាព្រឹកថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៤ ។

អ្នកស្ម័គ្រចិត្តផ្ដល់ឈាម ចាត់ទុកជាវីរៈបុរស-នារីពិតៗ ដែលលះបង់ឈាមស្រស់ ដើម្បីសង្គ្រោះជីវិតអ្នកជំងឺនៅតាមមន្ទីរពេទ្យដែលត្រូវការឈាមជាចាំបាច់ដើម្បីរស់រានបន្ត ដូចនេះការបរិច្ចាគឈាមក្នុងម្នាក់ មួយប្លោក ជួយសង្គ្រោះជីវិតមនុស្ស គឺជាមនុស្សធម៌ដ៏ធំធេងណាស់ ។

លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានថ្លែងអំណរគុណចេញពីបេះដូងចំពោះសប្បុរសជន​បរិច្ចាគឈាម ដែលបានធ្វើអំណោយទានសម្រាប់ជីវិត និងបានធ្វើសកម្មភាពគ្រប់បែបយ៉ាង​​​ ដើម្បីលើកកម្ពស់ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ដ មិនទទួលកម្រៃ​ រួមចំណែកជួយសង្គ្រោះជីវិតជនរងគ្រោះដោយក្ដីសប្បុរសបំផុត ។ លោកវេជ្ជបណ្ឌិតថា យុទ្ធនាការផ្តល់ឈាម មានអត្ថន័យ ២ ៖

១. បង្កើតទម្លាប់ និងវប្បធម៌នៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងជម្រុញឲ្យយុវជនទូទៅ ចូលរួមការផ្តល់ឈាមនៅទូទាំងប្រទេស ដើម្បីធានាឲ្យមានឈាមគ្រប់គ្រាន់សម្រាប់អ្នកជំងឺដែលកំពុងត្រូវការឈាមចាំបាច់នៅគ្រប់មន្ទីរពេទ្យដោយគ្មានការរើសអើង មិនប្រកាន់ជាតិសាសន៍ និងសាសនា ។

២. ផ្សារភ្ជាប់សកម្មភាពនៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ទៅនឹងសកម្មភាពមនុស្សធម៌ដ៏ល្អប្រពៃក្នុងសង្គម ។

ពាក្យពេចន៍មួយឃ្លារបស់លោកវេជ្ជបណ្ឌិត សុខ ប៉ូ បានឲ្យចងចាំថា «កិច្ចបរិច្ចាគឈាមមិនប៉ះពាល់ដល់សុខភាពទេ ហើយឈាមមានប្រភពតែមួយគត់ គឺពីមនុស្ស មិនមានរោងចក្រណា ​ឱសថណា អាចផលិតបានទេ» ។

លោកវេជ្ជបណ្ឌិតឲ្យដឹងថា តម្រូវការឈាម​​ប្រចាំថ្ងៃ សរុបមាន​៣០០ទៅ៣៥០ប្លោកនៅរាជធានីភ្នំពេញ និង​ទូទាំងប្រទេស​​មានតម្រូវការប្រមាណ​ ១៤ម៉ឺនប្លោក​ ។ ដូច្នេះដោយសារតម្រូវការចាំបាច់ ស.ស.យ.ក. គ៧៨ ក៏ស្ម័គ្រចិត្តចាំបាច់ ចូលរួមជួយសង្គ្រោះជីវិតមនុស្ស ខ្មែរជួយខ្មែរ !

ឯកឧត្តម យ៉ិនទៀង ពុទ្ធិរិទ្ធ ប្រធាន ស.ស.យ.ក. គ៧៨ និងជាអ្នករៀបចំយុទ្ធនាការផ្តល់ឈាមនៅថ្ងៃនេះបានមានប្រសាសន៍ថា «តំណក់ឈាម សង្គ្រោះជីវិត» ធ្វើឡើងដើម្បីរួមចំណែកជាមួយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. ដែលតែងយកចិត្តទុកដាក់ពីសកម្មភាពមនុស្សធម៌ និងសង្គម និងឲ្យយុវជនចេះចែករំលែកនូវក្តីស្រឡាញ់ទៅកាន់សង្គម តាមរយៈការបរិច្ចាគឈាម ផ្តើមចេញពីយើងម្នាក់ៗ ដើម្បីជួយជីវិតមនុស្ស ។ ឯកឧត្តម ពុទ្ធិរិទ្ធ ក៏បានលើកឡើងផងដែរថា «តំណក់ឈាម សង្គ្រោះជីវិត» គឺជាចលនាស្មារតីសាមគ្គីភាព និងជាការងារមនុស្សធម៌របស់យុវជន ដើម្បីបណ្តុះទម្លាប់នៃការបរិច្ចាគឈាម ឲ្យក្លាយជាវប្បធម៌ចែករំលែកនូវអំពើល្អក្នុងក្របខណ្ឌ ស.ស.យ.ក. គ៧៨ និងរបស់សប្បុរជនយើងទាំងអស់ផងដែរ» ។

ថ្ងៃនេះ ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត គឺជាអំពើបុណ្យដ៏ប្រពៃបំផុត ដែលនឹងប្រោះព្រំជីវិតអ្នកជំងឺឲ្យមានជីវិតស្រស់បំព្រង និងក្តីសង្ឃឹមជាថ្មី ។ មួយវិញទៀត ការបរិច្ចាគឈាម មិនត្រឹមតែជួយសង្គ្រោះជីវិតមនុស្សនោះទេ តែបានផ្ដល់អត្ថប្រយោជន៍ដល់សុខភាពរបស់ខ្លួនផងដែរ ដូចជា ជួយកាត់បន្ថយនូវហានិភ័យជំងឺមហារីកនានា កាត់បន្ថយកំហាប់ឈាម និងការលើសជាតិដែក ដែលធ្វើឱ្យមានការប៉ះពាល់ដល់ថ្លើម និងលំពែង ជួយធ្វើឱ្យប្រសើរឡើងនូវសុខភាពបេះដូង បន្ថយការឡើងទម្ងន់ ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល និងធ្វើឱ្យមានភាពសប្បាយរីករាយផងដែរ ។

ដូច្នេះអំពើសប្បុរសធម៌ និងការងារសង្គមនេះ មិនសាបសូន្យទេ គឺយើងតែងតែបង្ហាញអំពីការទទួលខុសត្រូវសម្រាប់សង្គម ក្នុងការឆ្លើយតបទៅកាន់ការផ្តល់ជូនសង្គមរបស់ ស.ស.យ.ក. គ៧៨ និងអ្នកស្ម័គ្រចិត្តទាំងអស់ផងដែរ»

 

Photo by Ratha

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម