កូរ៉េខាងត្បូង ​តែងតាំង​អ្នកការទូត​កូរ៉េខាងជើង​ដែល​រត់ភៀសខ្លួន ​ជា​ប្រធាន​ទីប្រឹក្សាសភា និងប្រធានាធិបតី

ព័ត៌មានអន្តរជាតិថ្ងៃសៅរ៍ ទី20 ខែកក្កដា ឆ្នាំ2024 ម៉ោង 5:24 នាទី ល្ងាច

ដោយ ម៉ារ៉ាៈ

from: matichon

ទីភ្នាក់ងារសារព័ត៌មាន BBC បានរាយការណ៍ថា លោក តេ យ៉ុង-ហូ អាយុ ៦២ឆ្នាំ ជាអតីតអ្នកការទូតកូរ៉េខាងជើង ដែលពីមុនធ្លាប់ធ្វើជាឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំចក្រភពអង់គ្លេស មុនពេលគាត់ភៀសខ្លួនទៅកូរ៉េខាងត្បូងក្នុងឆ្នាំ 2016 គាត់ត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាការបង្រួបបង្រួមរបស់ប្រធានាធិបតីកូរ៉េខាងត្បូង គាត់​ជា​មនុស្ស​ដំបូង​គេ​ដែល​ទទួល​បាន​តំណែង​ធំ ។

រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង​បាន​ចោទ​ប្រកាន់​លោក តេ ពី​បទ​ពាក់​ព័ន្ធ​នឹង​ការ​ក្លែង​បន្លំ និង​បទ​ឧក្រិដ្ឋ​ផ្សេងៗ ។

លោក តេ គឺជាជនជាតិកូរ៉េខាងជើងដំបូងគេដែលឈ្នះអាសនៈនៅក្នុងសភារបស់ប្រទេសកូរ៉េខាងត្បូងក្នុងឆ្នាំ 2020។ ទោះបីជាយ៉ាងណា គាត់មិនអាចឈ្នះអាណត្តិទីពីរនៅក្នុងការបោះឆ្នោតនៅក្នុងខែមេសានោះទេ ប៉ុន្តែនៅក្នុងមុខតំណែងថ្មីនេះគាត់បានទទួល ធ្វើឱ្យគាត់មានទំនួលខុសត្រូវក្នុងការណែនាំសមាជិកគណៈរដ្ឋមន្ត្រីក្រោមការដឹកនាំរបស់ប្រធានាធិបតីកូរ៉េខាងត្បូង យូន ស៊ុក យេល ស្តីពីការបង្រួបបង្រួមកូរ៉េឡើងវិញដោយសន្តិវិធី ។

លោក តេ កើត​នៅ​ឆ្នាំ ១៩៦២ នៅ​ទីក្រុង​ព្យុងយ៉ាង កូរ៉េខាងជើង គាត់បានចូលបម្រើរដ្ឋាភិបាលក្នុងកិច្ចការបរទេសនៅអាយុ 27 ឆ្នាំ ជាកន្លែងដែលគាត់បានចំណាយពេលជិត 30 ឆ្នាំធ្វើការនៅក្នុងរដ្ឋាភិបាលគ្រួសារ គីម ជុងអ៊ុន ចំនួន ៣ អាណត្តិ ។

តេ ធ្លាប់​បញ្ជាក់​ថា គាត់បានរត់គេចខ្លួនពីកូរ៉េខាងជើង ព្រោះ​មិន​ចង់​ឲ្យ​កូន​មាន​ជីវិត​សោកសៅ លោក​​ស្អប់ខ្ពើម​រដ្ឋាភិបាល​របស់​លោក គីម ជុងអ៊ុន និង​កោតសរសើរ​លទ្ធិប្រជាធិបតេយ្យ​របស់​កូរ៉េខាងត្បូង។

នៅក្នុងសៀវភៅរបស់គាត់ ដែលត្រូវបានបោះពុម្ពនៅឆ្នាំនេះ លោក តេ បានសរសេរអំពីប្រវត្តិគ្រួសាររបស់មេដឹកនាំ និងរបបផ្តាច់ការរបស់គ្រួសារ គីម ដែលចាក់ឫសយ៉ាងជ្រៅនៅក្នុងសង្គម ។

បន្ទាប់​ពី​រត់ភៀសខ្លួន ​លោក តេ ​បាន​តស៊ូ​មតិ​ក្នុង​ការ​ប្រើ​អំណាច​ទន់​(soft power) ដើម្បី​ធ្វើ​ឲ្យ​ឥទ្ធិពល​របស់​គ្រួសារ ​គីម ​ចុះ​ខ្សោយ។ លោកក៏បានអំពាវនាវឱ្យមានការដោះដូរអ្នកទោសរវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង ផងដែរ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម