ខេត្តសៀមរាប៖ លោក សូប្លាតុង អភិបាលស្រុកប្រាសាទបាគង ខេត្តសៀមរាប បានអោយដឹងថា៖ អជ្ញាធរបានសម្រេចចិត្តដាក់ម៉ាស៊ីនបូមភក់ចេញពីកសិន្ធទឹកប្រាសាទបាគង ដោយសារតែកន្លងមក អជ្ញាធរបានប្រើប្រាស់ម៉ាស៊ីនបូមទឹកបាញ់ចូលទៅកាន់កសិន្ធប្រាសាទបាគងជាច្រើនគ្រឿង ដើម្បីសង្គ្រោះត្រីដែលនៅសល់ប៉ុន្តែ នៅតែមិនបានសម្រេច ដោយសារភក់នៅក្នុងកសិន្ធនោះមានចំនួនច្រើន។
លោកបានបន្តថា៖ ការបូមភក់ចេញពីកសិន្ធប្រាសាទបាគងនេះ ពិតជាមានការលំបាកខ្លាំង ដោយសារភក់ជ្រៅ ដែលត្រូវចំណាយកំលាំងនិងពេលវេលាច្រើនបើទោះជាយ៉ាងណាក៏ត្រូវតែជួយសង្គ្រោះសត្វត្រីដែលនៅសល់ក្នុងកសិន្ធនេះអោយបាន ដោយកន្លងមកអជ្ញាធរបានប្រើប្រាស់វិធានការចំនួន៣រួចមកហើយគឺ៖ ១-ប្រើប្រាស់រថយន្តដឹកទឹកចូលកសិន្ធ ២-ការបុកអណ្តូងទឹកដើម្បីនាំយកទឹកចូលកសិន្ធនេះ និងទី៣ ប្រើប្រាស់កម្លាំងប្រជាការពារដើម្បីកាយភក់ចេញ និងមានការចូលរួមឧបត្ថម្ភពីលោក ហង្ស សុធី ដែលបានផ្តល់ម៉ាស៊ីនបូមខ្នាតធំ និងថវិការផ្ទាល់ខ្លួនផងដែរ។
អជ្ញាធរជាតិអប្សរាបានអោយដឹងថា៖ ស្ថានភាពបច្ចុប្បន្ន ទឹកដែលមាននៅក្នុងកសិន្ធប្រាសាទបាគង មានសភាពរីងហួតខ្លាំង និងមានទឹកនៅសល់តិចតួច ព្រោះតែដើមរដូវវស្សាកន្លងមកនេះ ពុំមានភ្លៀងធ្លាក់ច្រើន ។
គួរបញ្ជាក់ផងដែរថា៖ មូលហេតុចំបងដ៏ធំបំផុតនោះគឺ ព្រោះកសិន្ធទឹកប្រាសាទបាគង មិនមានជាប់ទាក់ទងជាមួយ ស្ទឹងណាទៀត៕
@BENCO-REPORT