អតីតកីឡាករប្រដាល់ និងកីឡាតេក្វាន់ដូកម្ពុជាលោក ស៊ន អេលីត ត្រូវបានគេមើលឃើញធ្វើជាអង្គរក្សការពារឥស្សរជនជាន់ខ្ពស់ មេដឹកនាំពិភពលោកកំពូលៗ និងបុគ្គលល្បីៗជាច្រើនមកហើយដែលការងារបែបនេះមិនស្រួលឡើយ។
ស៊ន អេលីត បច្ចុប្បន្នគ្រូបង្ហាត់ប្រដាល់ផងនោះបានរៀបរាប់ថា លោកបានធ្វើអង្គរក្សការពារថ្នាក់ដឹកនាំកំពូល ឥស្សរជនល្បីៗប្រហែលជា៥ឆ្នាំហើយ។ រយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ លោកបានការពារថ្នាក់ដឹកនាំកំពូល ឥស្សរជនល្បីៗជាច្រើននាក់ដូចជាលោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte កំពូលអ្នកប្រដាល់ហ្វីលីពីន Manny Pacquiao, រាជបុត្រីស្តេចថៃ Mah Chakri Sirindhorn, លោកនាយករដ្ឋមន្ត្រីថៃ ចាន់អ៊ូចា លោកប្រធានាធិបតីចិន Xi Jinping លោកនាយករដ្ឋមន្ត្រីចិន Li Keqiang, លោកប្រធានាធិបតីសិង្ហបុរី Tony Tan នាយករដ្ឋមន្ត្រីមីយ៉ាន់ម៉ា នាយករដ្ឋមន្ត្រីរុស្ស៊ី ប្រធានាធិបតីវៀតណាម នាយករដ្ឋមន្ត្រីវៀតណាម និងប្រធានាធិបតីកូរ៉េខាងត្បូងជាដើម។
បុរសដែលមានកម្ពស់ខ្ពស់រូបនេះបន្តឲ្យដឹងថា ៖«ក្នុងនាមជាអង្គរក្សគឺពិបាកនិយាយថា ស្រួល ឬពិបាកណាស់សម្រាប់ការងារនេះ ប៉ុន្តែជាតួនាទីដែលទទួលខុសត្រូវខ្ពស់ចំពោះមុខមាត់ប្រទេសជាតិសម្រាប់ភ្ញៀវបរទេស»។ តួនាទីនេះគឺត្រូវតែដឹងកាលវិភាគនៃកម្មវិធីគ្រប់ទាំងអស់ ហើយរៀមចំខ្លួនឲ្យរួចរាល់គ្រប់ពេលវេលាទាំងយប់-ថ្ងៃដើម្បីឈរចាំគ្រប់ពេលវេលា មុនពេលភ្ញៀវចាប់ផ្ដើមកម្មវិធី។ អ្វីដែលសំខាន់គឺតួនាទីត្រូវការពារ ប៉ុន្តែមិនត្រូវសួរនាំអ្វីទាំងអស់ដល់ភ្ញៀវ។
លោកបញ្ជាក់ថា ៖«វាជាមុខមាត់ប្រទេសជាតិដែលថ្នាក់ដឹកនំា និងរាជរដ្ឋាភិបាលផ្តល់ទំនុកចិត្តដល់យើងការពារភ្ញៀវ។ គ្រប់វិនាទី គ្រប់គ្រងពេលវេលាត្រូវប្រុងប្រយ័ត្នជានិច្ច»។
កត្តាដែលធ្វើឲ្យលោកទទួលបានការងារជាអង្គរក្សនេះគឺដោយសារលោកមានកាយសម្បទាមាំមួន មាឌធំខ្ពស់ និងជាអតីតកីឡាករជម្រើសជាតិកម្ពុជាផ្នែកកីឡាតេក្វាន់ដូ ព្រមទាំងធ្លាប់ជាអ្នកប្រដាល់ថែមទៀត។ ជាពិសេសទៀតនោះ លោកបានចូលរៀនវគ្គបណ្តុះបណ្តាលជំនាញអង្គរក្សត្រឹមត្រូវ ដូច្នេះហើយទើបបានជាថ្នាក់លើផ្តល់ឱកាសដល់លោករហូតសព្វថ្ងៃ៕