ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ក្រុមហ៊ុន ដាវ ដឹ ខេក បានរៀបចំសន្និសីទសារព័ត៌មានស្តីពីការ បើកវគ្គបណ្តុះបណ្តាលលើកទី៣ ពីរបៀបធ្វើនំ និងការចុះអនុស្សរណៈយោគយល់រវាង ក្រុមហ៊ុន ដាវ ដឹ ខេក ជាមួយក្រុមហ៊ុន Bliss Weeding, Home Photography និង metro Catering & Event ផងដែរ។
នៅក្នុងសន្និសីទខាងលើ កញ្ញា ដាវ បានអធិប្បាយពីក្តីស្រមៃរបស់ខ្លួន ព្រមទាំងអ្វីដែលជម្រុញចិត្តអោយនាង ក្លាយទៅជាម្ចាស់ក្រុមហ៊ុន ជាង១១សាខា រហូតឈានទៅដល់ការ បើកសាលានំ ដើម្បីបង្រៀនអ្នកដែលស្រលាញ់វិស័យធ្វើនំថែមទៀត។ មិនត្រឹមតែប៉ុណ្ណោះ យុវតីវ័យ ២០ឆ្នាំរូបនេះ ទទួលបានការកោតសរសើរថា ជាស្ត្រីវ័យក្មេងដែលជោគជ័យ ក្នុងវិស័យមុខជំនួញ ក៏ដូចជាថៅកែស្រីវ័យក្មេងផងដែរ។
យើងសង្កេតឃើញថាពេលបច្ចុប្បន្ននេះ ការនាំចូល និងការបង្កើតស្លាកសញ្ញាផលិតផល [FRANCHISE] កំពុងតែពេញនិយមនៅកម្ពុជា ដែលធ្វើអោយទីផ្សារលក់ដូរនៅស្រុកខ្មែរមានការរីកចម្រើន នៅក្នុងនោះផងដែរ កញ្ញាដាវ បានអោយដឹងថា ខ្លួនក៏នឹងមានលក់ [FRANCHISE] DAV THE CAKE របស់ខ្លួនផងដែរ។
ទីបញ្ចប់នៃកម្មវិធី ដាវ បានប្រាប់ទៅកាន់អ្នកសារព័ត៌មាន ជាមួយនឹងពាក្យពេចន៍មួយចំនួន អំពីការធ្វើនំ គឺផ្តើមមកពីការស្រលាញ់ ដូច្នេះវិស័យនំ គឺជាវិស័យដែលគួរអោយស្រលាញ់ បើអ្នកទាំងអស់គ្នាស្រលាញ់ គឺគ្មានអ្វីខុសនោះទេ៕