ជំងឺគូសត្រូវចាស់ បានរើឡើងវិញហើយ កាលពីថ្ងៃទី១៣ វិច្ឆិកា ដោយកើតមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងរវាងប្រទេស២ ឥណ្ឌា-ប៉ាគីស្ថាន ដែលភាគីមួយៗសុទ្ធតែមានអាវុធនុយក្លេអ៊ែរដូចគ្នា បានប៉ះទង្គិចឯតំបន់ព្រំដែនឃខាស្មៀរខាងជើង ធ្វើឱ្យអ្នកស្រុកស្លាប់យ៉ាងតិច ១០នាក់ ក្នុងនេះក្រុមសន្តិសុខជាតិ ស្លាប់ ៥នាក់ ។
ភាគីម្ខាងៗសុទ្ធតែបដិសេធយកត្រូវរៀងៗខ្លួន និងបានបន្ទោសគ្នាទៅវិញទៅមកថាជាអ្នកចាប់ផ្តើមុន ។ ដែនដីជម្លោះដែលប្រទេសទាំង២ សុទ្ធតែអាងសិទ្ធិគ្រប់គ្រងដូចគ្នា ។ ឥណ្ឌាបានបន្ទោសថា រដ្ឋបាលប៉ាគីស្ថាន នៅពីក្រោយកងកម្លាំងប្រដាប់អាវុធទាំងនោះ ចំណែកប៉ាគីស្ថាន បដិសេធ និងរិះគន់ ដែលឥណ្ឌាប្រតិបត្តិចំពោះអ្នកស្រុកមូស្លីម មិនយុត្តិធម៌។
លោក សៃអិត ខាឌ្រី អាជ្ញាធររដ្ឋបាលតំបន់ខាស្មៀរខាងប៉ាគីស្ថានបានថ្លែងថា ទាហានឥណ្ឌា មានបំណងធ្វើបាបអ្នកស្រុកដោយគ្មានត្រាប្រណី ក្រៅពីសម្លាប់អ្នកស្រុកអស់ ១០នាក់ រួមទាំងស្ត្រីម្នាក់ផង ហើយនោះ នៅមានអ្នករងរបួស ២៧នាក់ ។
ចំណែកខាងភាគីឥណ្ឌាបានឱ្យដឹងថា មានក្មេងអាយុ ៨ឆ្នាំម្នាក់ ត្រូវបានសម្លាប់នៅកណ្ដាលព្យុះគ្រាប់កាំភ្លើងដែលចាប់ផ្ដើមបើកឆាកបាញ់ដាក់គ្នា តាំងពីព្រឹករហូតដល់ពេលព្រលប់។
លោក មុតា អាម៉ាត់ អ្នកស្រុកម្នាក់ នៅក្នុងភូមិអ៊ុរី ខាងប្រទេសឥណ្ឌា បាននិយាយថា មនុស្សម្នាបានភ្ញាក់ផ្អើល និងភ័យខ្លាចយ៉ាងខ្លាំង នៅពេលឮស្នូរគ្រាប់បែកផ្ទុះញ័ររញ្ជួយផែនដី ដែលលាន់ឮមកពីតំបន់ប្រយុទ្ធគ្នា។ អ្នកស្រុកមួយចំនួនបាននាំគ្នា រត់ភៀសខ្លួនរកកន្លែងសុវត្ថិភាព។
ឆ្នាំនេះ មានពលរដ្ឋត្រូវបានសម្លាប់ដោយសារការវាយប្រយុទ្ធគ្នា រវាងកងយោធាទាំង ២ភាគី ចំនួនជាង ៤០នាក់ហើយ៕
ប្រភព REUTERS