ក្នុងអំឡុងពេលបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជាកំពុងមានការរីកចម្រើន មានមនុស្សជាច្រើនបានទាញយកផលប្រយោជន៍ពីបច្ចេកវិទ្យានេះ ។ មនុស្សជាច្រើនបានចាប់ផ្ដើមអាជីវកម្មរបស់ខ្លួន ហើយភាគច្រើនផ្ដោតលើបច្ចេកវិទ្យា ស្របពេលដែលសក្ដានុពលបច្ចេកវិទ្យានៅកម្ពុជាមានភាពទូលំទូលាយ ។
សហគ្រិនម្នាក់បាននិយាយថា ការចាប់ផ្ដើមអាជីវកម្មថ្មីក្នុងវិស័យបច្ចេកវិទ្យា គឺមានភាពងាយស្រួលជាងការចាប់ផ្ដើមអាជីវកម្មផ្សេងៗក្រៅពីបច្ចេកវិទ្យា ព្រោះអាជីវកម្មដោយប្រើបច្ចេកវិទ្យា មិនត្រូវការដើមទុនច្រើន និងមិនត្រូវការធនធានច្រើនសម្រាប់ដំណើរការដំបូងនោះទេ ។
ការចាប់ផ្ដើមអាជីវកម្មជាមួយបច្ចេកវិទ្យា មិនទាមទារទុនសម្រាប់ទិញសម្ភារច្រើនដូចការវិនិយោគផ្សេងៗទេ តែយើងត្រូវការបុគ្គលិកដែលមានជំនាញ និងសមត្ថភាពលើវិស័យមួយនេះ ។
ស្ថិតក្នុងសម័យទំនើបភាវូបនីយកម្ម យុវជនកម្ពុជា ទាំងសិស្ស និស្សិត គួរសិក្សាស្រាវជ្រាវផ្នែកបច្ចេកវិទ្យាឲ្យបានខ្លាំង និងទូលំទូលាយ ដោយឡែកកុំព្យូទ័រ ដើម្បីចែករំលែកចំណេះដឹងឲ្យបានជ្រួតជ្រាបដល់ប្រជាពលរដ្ឋ ជាពិសេសធនធានមនុស្សថ្មី បើទោះបីជាពួកគេមិនបានរៀនដល់ថ្នាក់ឧត្តមក៏ដោយ បច្ចេកវិទ្យាបានផ្ដល់ប្រយោជន៍ជាច្រើនដល់សង្គម ការងារណាក៏ពឹងផ្អែកលើជំនាញវិជ្ជាជីវៈ ហើយបើសិនជាចំណេះដឹងបច្ចេកវិទ្យាកាន់តែខ្លាំង អំពើពុករលួយនានានៅក្នុងសង្គម ក៏នឹងកាត់បន្ថយបានមួយចំណែកផងដែរ ៕
ដោយ ម៉ារ៉ា