ពិធីប្រារព្ធឡើងកាន់តំណែងប្រធានាធិបតីថ្មីសហរដ្ឋអាមេរិក អាចមានលក្ខណៈពិសេស មិនធ្លាប់មាន

ព័ត៌មានអន្តរជាតិថ្ងៃអង្គារ៍ ទី24 ខែវិច្ឆិការ ឆ្នាំ2020 ម៉ោង 2:04 នាទី ល្ងាច

ពិធីសម្ពោធប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក ទំនងជានឹងធ្វើឡើងក្នុងលក្ខណៈពិសេស ដែលមិនធ្លាប់មានពីមុន​មក ។ សំណួរមួយគឺថា តើលោក ត្រាំ នឹងចូលរួមក្នុងពិធីនេះដែរឬទេ ។

សេណារីយ៉ូនៃការអវត្តមានរបស់លោក ត្រាំ ពីការឡើងកាន់តំណែងរបស់លោក បៃដេន អាចជាផ្នែកមួយនៃទិដ្ឋភាព ​មិនធម្មតា ។ លោក Joan Hoff សាស្រ្តាចារ្យប្រវត្ដិសាស្ដ្រនៅសាកលវិទ្យាល័យម៉ុនតាណាបាននិយាយថា លោក ត្រាំ អាចជាប្រធានាធិបតីក្រៅការិយាល័យដំបូង ដែលមិនចូលរួមក្នុងពិធីសម្ពោធអ្នកស្នងតំណែងក្នុងរយៈពេលរាប់រយឆ្នាំ ។ រហូត​មកដល់ពេលនេះសេតវិមានមិនទាន់បានធ្វើអត្ថាធិប្បាយនៅឡើយទេថា តើលោក ត្រាំ នឹងចូលរួមក្នុងព្រឹត្តិការណ៍នេះដែរឬទេ ។ 

ជំនួយការជិតដិតរបស់លោក បៃដេន គិតថា វានៅតែមានអារម្មណ៍ថា ពិធីសម្ពោធនាពេលខាងមុខនេះ នឹងដូចជាការប្រារព្ធមុនៗដែរ ។ ទោះយ៉ាងណាក្តី បំណងនោះពិបាកនឹងក្លាយជាការពិតដោយសារតែផលប៉ះពាល់នៃជំងឺរាតត្បាត Covid-19 ជាពិសេសនៅពេលដែលយុទ្ធនាការរបស់គាត់ លោក បៃដេន តែងតែសង្កត់ធ្ងន់ទៅលើវិធានការណ៍នានាដើម្បីការពារការរាលដាលនិងប្រកាសពីការរាតត្បាតជាបន្ទាន់ ។

អនុប្រធានយុទ្ធនាការយុទ្ធនាការរបស់ បៃដេន បាននិយាយថា «យើងត្រូវគិតអំពីដំណើរការយុទ្ធនាការខុសគ្នាហើយឥឡូវនេះយើងត្រូវរៀបចំផែនការធ្វើពិធីបើកសម្ពោធខុសគ្នា» ។

ពិធីសម្ពោធនេះត្រូវបានគេមើលឃើញថា ជាឱកាសដ៏ល្អបំផុតដំបូងបង្អស់សម្រាប់លោក បៃដេន ដើម្បីចាក់គ្រឹះសម្រាប់អាណត្តិរបស់លោក ហើយក៏ជាឱកាសសម្រាប់គាត់ក្នុងការភ្ជាប់ទំនាក់ទំនងជាមួយអ្នកបោះឆ្នោតមកពីគណបក្សសាធា រណរដ្ឋដែលគាំទ្រលោក ត្រាំ បង្កើតមូលដ្ឋានគ្រឹះសម្រាប់គោលដៅឯកភាពជាតិរបស់គាត់ដែលបានកំណត់។

លោក Steve Kerrigan ដែលបានជួយគាំទ្រដល់ពិធីសម្ពោធអតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា មានប្រសាសន៍ថា​«ពិធីសម្ពោធនេះមានសារសំខាន់ណាស់សម្រាប់ប្រធានាធិបតីណាមួយ ហើយនៅក្នុងស្ថានភាពសព្វថ្ងៃនេះកាន់តែសំខាន់ថែមទៀត» ។

សាស្រ្តាចារ្យប្រវត្ដិសាស្ដ្រលោក Joan Hoff ក៏បានមានប្រសាសន៍ថា សុន្ទរកថាសម្ពោធរបស់លោក បៃដេន ក៏គួរឱ្យកត់​សម្គាល់ផងដែរ ។ លោកសាស្ត្រាចារ្យ Hoff មានប្រសាសន៍ថា«វានឹងមិនដូចការបើកសម្ពោធមុនទេលោក បៃដេន នឹងមិនព្យាយាមលាក់បាំងទេ ។ ខ្ញុំជឿជាក់ថាលោកនឹងមិនព្យាយាមបដិសេធនូវអ្វីដែលប្រទេសកំពុងឆ្លងកាត់នោះទេ» ។

ដូចគ្នានេះផងដែរ ទោះបីជាក្រុមរបស់លោក បៃដេន គ្រោងនឹងធ្វើសច្ចាប្រណិធានខ្លីក៏ដោយ ក៏ក្រុមអ្នកគាំទ្រទំនងជានឹងទៅវ៉ាស៊ីនតោនក្នុងឱកាសនោះដែរ វាជាបញ្ហាប្រឈមសម្រាប់ក្រុមរបស់លោក បៃដេន ដើម្បីចៀសវាងការប្រមូលផ្តុំគ្នានៅផ្លូវ Pennsylvania Capitol ទៅសេតវិមាន ។

ការសច្ចាប្រណិធាននាពេលខាងមុខទំនងជានឹងត្រូវធ្វើឡើងនៅ ទីតាំងមួយផ្សេងទៀត ខណៈផែនការសម្រាប់ពិធីសម្ពោធលោក បៃដេន មិនត្រូវបានបង្ហាញឱ្យដឹងនោះទេ អ្នកខ្លះបានចាប់ផ្តើមផ្តល់សំបុត្រ​ដើម្បីចូលរួមពិធីសម្ពោធ ៕

The Washington

ដោយ សុកាន


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម