ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទិ ២៦ ខែវិច្ឆិកា ឆ្នាំ ២០២០ បានផ្តល់បទសម្ភាសជាមួយអ្នកសារព័ត៌មាន VOD គឺលោកស្រី Anna ពាក់ព័ន្ធនឹងរបាយការណ៍វាស់វែងអំពីអំពើពុករលួយរបស់អង្គការតម្លាភាពកម្ពុជា (TI) ដែលចេញផ្សាយនាពេលថ្មីៗនេះ ។ ។
សំណួររបស់លោកស្រី អាណា បានសួរថា ៖ ១. តើឯកឧត្តមយល់ឃើញយ៉ាងណាចំពោះរបាយការណ៍របស់ TI ? ២. តើរបាយការណ៍នេះបានឆ្លុះបញ្ចាំងពីប្រទេសកម្ពុជាយ៉ាងណាខ្លះ?
ខាងក្រោមជាប្រសាសន៍ឆ្លើយតបរបស់ឯកឧត្តម ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។
ជំរាបសួរលោកស្រីអាណា, VoD.
ខ្ញុំក៏ដូចជាអង្គភាពប្រឆាំងអំពើពុកលួយតែងតែយកចិត្តទុកដាក់ជាប្រចាំអំពីការវាស់វែងអំពើពុករលួយ ព្រោះថានេះជាឧបករណ៍សិក្សាមួយដើម្បីយល់បានថាប្រជាជនរបស់យើងគិតនិងវាយតម្លៃដូចម្ដេចខ្លះចំពោះអំពើពុករលួយនិងចំពោះការប្រយុទ្ធប្រឆាំងទៅលើអំពើពុករលួយ។ សម្រាប់អាណត្តិទី 3 នេះទៀតក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយរបស់កម្ពុជាយើងក៏បានដាក់ចេញនូវចំណុចនេះអោយលេចធ្លោមួយ ដើម្បីឱ្យអង្គភាពប្រឆាំងអំពើពុករលួយយកចិត្តទុកដាក់ធ្វើការវាស់វែងអំពីអំពើពុករលួយនេះផងដែរ។
ទន្ទឹមនឹងយើងកំពុងដំណើរការវាស់វែងអំពីអំពើពុករលួយនៅកម្ពុជារបស់យើង យើងក៏បានឃើញមានការផ្សព្វផ្សាយនូវលទ្ធផលដែលស្ថាប័ននេះឬស្ថាប័ននោះរាប់ទាំងស្ថាប័នតម្លាភាពកម្ពុជាផងបានផ្សាយជាសាធារណនូវលទ្ធផលនៃការវាស់វែងអំពីអំពើពុករលួយឆ្នាំ 2020 នេះផងដែរ។ ខ្ញុំផ្ទាល់បានស្ដាប់ បានអានដោយយកចិត្តទុកដាក់ ព្រោះការសិក្សានេះមានការពាក់ព័ន្ធត្រង់នឹងច្រើនចំណុចមកលើការងារដែលខ្ញុំទទួលខុសត្រូវនៅអង្គភាពប្រឆាំងអំពើពុករលួយ។ ខ្ញុំនឹងសិក្សានូវរាល់ទិន្នន័យដែលអង្គការតម្លាភាពកម្ពុជាបានធ្វើការផ្សព្វផ្សាយអំពីការវាស់វែងនូវអំពើពុករលួយនៅកម្ពុជាយើង ដើម្បីគួបផ្សំជាមួយលទ្ធផលលទ្ធផលនៃការសិក្សាផ្សេងៗទៀតក៏ដូចជាលទ្ធផលនៃការសិក្សារបស់របស់អង្គភាពប្រឆាំងអំពើពុករលួយយើងផ្ទាល់ផងដែរ។ ខ្ញុំគិតថាក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយកម្ពុជាយើងក៏យកចិត្តទុកដាក់ទៅលើការផ្សព្វផ្សាយនៃលទ្ធផលនៃការវាស់វែងអំពើពុករលួយដែលបានលេចឡើងលើបណ្តាញព័ត៌មានទាំងអស់ដោយមិនមានការភ្លេច រំលងចោល ឬបោះចោលនូវលទ្ធផលនៃការវាស់វែងអំពីអំពើពុករលួយឡើយ ៕