មានរឿងអ្វីកើតឡើង ក្រោយអាមេរិកបង្កកគណនីធនាគាររបស់ ឃែរី ឡាំ ?

ព័ត៌មានអន្តរជាតិថ្ងៃអាទិត្យ ទី06 ខែធ្នូ ឆ្នាំ2020 ម៉ោង 10:14 នាទី ព្រឹក

#ដោយសូរ្យសែង៖

លោកស្រី ឃែរី ឡាំ (Carrie Lam) អ្នកគ្រប់គ្រងរដ្ឋបាលពិសេសហុងកុង បានបង្ហាញក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក HKIBC TV កាលពីចុងខែវិច្ឆិកា បន្ទាប់ពីសហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុប្រឆាំងនឹង​មន្រ្តីជាន់ខ្ពស់មួយចំនួននៅក្នុងរដ្ឋាភិបាលហុងកុង រួមទាំងលោកស្រីផង ធ្វើឲ្យលោកស្រីត្រូវប្រមូលសាច់ប្រាក់ច្រើនទុកនៅផ្ទះ ព្រោះមិនអាចបើកគណនីធនាគារបាន ហើយត្រូវចំណាយជាសាច់ប្រាក់សុទ្ធ ទិញរបស់គ្រប់យ៉ាង រួមទាំងការបើកប្រាក់ខែឱ្យលោកស្រីក៏ជាសាច់ប្រាក់សុទ្ធដែរ ពីព្រោះវាមិនអាចផ្ទេរតាមរយៈគណនីធនាគារបាន ។

«មនុស្សដែលអង្គុយនៅពីមុខអ្នក គឺជាអ្នកគ្រប់គ្រងតំបន់រដ្ឋបាលពិសេសហុងកុង អ្នកដែលមិនអាចប្រើប្រាស់សេវាកម្មធនាគារបាន... ខ្ញុំត្រូវប្រើសាច់ប្រាក់សុទ្ធដើម្បីទិញអ្វីៗគ្រប់យ៉ាង និងត្រូវរក្សាទុកប្រាក់ច្រើននៅឯផ្ទះ រដ្ឋាភិបាលត្រូវបើកប្រាក់ខែឲ្យខ្ញុំជាសាច់ប្រាក់ ដោយសារតែពេលនេះ ខ្ញុំគ្មានគណនីធនាគារទេ» ។ អ្នកស្រី ឃែរី ឡាំ និយាយក្នុងបទ​សម្ភាស ។

មេដឹកនាំហុងកុងក៏បាននិយាយទៀតថា «រដ្ឋាភិបាលសហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មនាងដោយគ្មានហេតុផលដូចនេះ វាពិតជាកិត្តិយសណាស់ ដោយសារតែនាងមិត្រូវការបច្ច័យពីខាងក្រៅ ដើម្បីរំខានឬរារាំងការធ្វើការឲ្យរដ្ឋាភិបាល» ។

កន្លងទៅថ្មីៗនេះ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលោកស្រី ឃែរី ឡាំ និងមន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋបាលហុងកុង ១៤ រូប ដោយការបង្កកគណនី និងកំណត់ប្រតិបត្តិការខាងហិរញ្ញវត្ថុចាប់តាំងពីខែសីហាកន្លងមក បន្ទាប់ពីរដ្ឋាភិបាលក្រុងប៉េកាំងបានអនុម័តឱ្យប្រើច្បាប់សន្តិសុខ ដែលត្រូវបានគេរិះគន់ថា ជាការគំរាមកំហែងសិទ្ធិសេរីភាព កាលពីចុងខែមិថុនា ។ នេះចាត់ទុកជាវិធានការតឹងរឹងបំផុតដែលសហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដាក់ទណ្ឌកម្មរដ្ឋាភិបាលហុងកុង បន្ទាប់ពីនោះសហរដ្ឋអាមេរិកក៏បានដកហូតឯកសិទ្ធិពាណិជ្ជកម្មពីហុងកុងផងដែរ ។

សម្រាប់លោកស្រី ឃែរី ឡាំ មេដឹកនាំរដ្ឋបាលទីក្រុងហុងកុង ជាមេដឹកនាំម្នាក់ដែលបានទទួលប្រាក់ខែខ្ពស់បំផុតក្នុងពិភពលោក គឺ 5,2 លានដុល្លារហុងកុង (70 ម៉ឺនដុល្លារអាមេរិក) ក្នុងមួយឆ្នាំ ឬប្រមាណ ៥៣ ម៉ឺនដុល្លារអាមេរិកក្នុងមួយខែ ។

បទសម្ភាសន៍នេះ បានបញ្ឆេះរលកនៃការរិះគន់ចំពោះអ្នកប្រើប្រាស់បណ្តាញសង្គម  ដែលនិយាយថា ប្រជាជនហុងកុងជាច្រើនត្រូវរស់នៅក្នុងបន្ទប់ចង្អៀត ជាមួយនឹងប្រាក់ដ៏តិចតួច បើប្រៀបធៀបទៅនឹងទ្រព្យសម្បត្តិរបស់លោកស្រី ដូចគ្នានឹងការកត់សម្គាល់ថា តើសាច់ប្រាក់ប៉ុន្មានដែលត្រូវបានគេយកទៅផ្ទះរបស់លោកស្រី?

ខ្លឹមសារពី TheGuardian

បកប្រែពីវេបសយាថៃ sanook

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម