#ដោយសូរ្យសែង៖
ឡយដ៍ អូស្ទីន (Loyd Austin) ដែលដឹកនាំយោធាអាមេរិកវាយប្រហារប្រទេសអ៊ីរ៉ាក់កាលពីឆ្នាំ ២០០៣ និង ជាមេបញ្ជាការកងបញ្ជាការដ្ឋានកណ្តាលនៃកងទ័ពសហរដ្ឋអាមេរិក ត្រូវបានជ្រើសរើសដោយប្រធានាធិបតី ចូ បៃដេន ជារដ្ឋមន្រ្តីក្រសួងការពារជាតិ គាត់ជាកូនកាត់អាហ្រ្វិក-អាមេរិកលើកដំបូងក្នុងប្រវត្តិសាស្រ្តរបស់សហរដ្ឋអាមេរិក ។
ឧត្តមសេនីយ៍ផ្កាយ ៤ ចូលនិវត្តន៍ អាយុ ៦៧ ឆ្នាំ ដែលឆ្លងកាត់ភ្លើងសង្គ្រាមក្នុងប្រទេសអ៊ីរ៉ាក់ និងអាហ្វហ្គានីស្ថាន ត្រូវសារព័ត៌មានជាច្រើន រួមទាំង CNN និង NewYork Times ផង បានរាយការណ៍ពីប្រភពជិតដិត អំពីការសម្រេចចិត្តរបស់លោក ចូ បៃដេន បានដាក់បេក្ខភាព (ថ្ងៃទី ៧ ធ្នូ) និងសម្រេចនៅថ្ងៃទី ១១ ធ្នូ ដើម្បីបង្ហាញឈ្មោះតំណែងរដ្ឋមន្ត្រី ដែលត្រូវឆ្លងការយល់ព្រមពីព្រឹទ្ធសភាជាមុនសិន ។
លោក អូស្ទីន មានមុខងារជាកងទ័ពរយៈពេល ៤ ទសវត្សរ៍មកហើយ គាត់បញ្ចប់ការសិក្សាពីសាលានាយទាហានវេស្ទភោញ តំណែងជាមេបញ្ជាការយោធភូមិភាគ កងថែរក្សាក្រុមភស្តុភារ (Logistics) និងទទួលខុសត្រូវលើសេវាកម្មយោធា រហូតដល់ឈានចូលតំណែងជាន់ខ្ពស់នៅមន្ទីរបញ្ចកោណនេះតែម្តង ។
បន្ទាប់ពីសង្គ្រាមវាយលុកចូលប្រទេសអ៊ីរ៉ាក់មក នៅឆ្នាំ ២០០៣-២០០៥ គាត់ត្រូវបញ្ជូនទៅប្រចាំការនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដោយទទួលខុសត្រូវជាបញ្ជាការក្រុមការងាររួមចំនួន ១៨០ នាក់ នៅក្នុងប្រតិបត្តិការដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីរកវិធីស្តារស្ថិរភាពឡើងវិញចំពោះស្ថានការណ៍សន្តិសុខនៅអាហ្វហ្គានីស្ថាន ។
ឆ្នាំ ២០១០ គាត់ឡើងជាមេបញ្ជាការកងកម្លាំងសហរដ្ឋអាមេរិកក្នុងប្រទេសអ៊ីរ៉ាក់ និង ២ ឆ្នាំតមក បានឡើងជាអគ្គមេបញ្ជាការ នៃកងបញ្ជាការកណ្តាលនៃកងកងទ័ពសហរដ្ឋអាមេរិក ដែលទទួលខុសត្រូវលើប្រតិបត្តិការទាំងអស់នៃមន្ទីរប៉ង់តាហ្គោនក្នុងមជ្ឈិមបូព៌ា និងអាហ្វហ្គានីស្ថាន ។
អូស្ទីន បានចូលនិវត្តន៍ពីយោធានៅឆ្នាំ ២០១៦ ហើយចូលរួមជាក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនរ៉ាយថេនតិចណូឡូជី ដែលជាក្រុមហ៊ុនកិច្ចសន្យាធំបំផុតរបស់មន្ទីរប៉ង់តាហ្គោន ។
អូស្ទីន ចាំបាច់ត្រូវបានទទួលការឯកភាពពិសេសពីព្រឹទ្ធសភា ដោយសារតាមច្បាប់របស់រដ្ឋបាលកណ្តាល បានតម្រូវឱ្យបុគ្គលិកយោធាត្រូវប្រើពេល ៧ ឆ្នាំបន្ទាប់ពីចូលនិវត្តន៍ ដែលអាចមានសិទ្ធិកាន់តំណែងជារដ្ឋមន្រ្តីក្រសួងការពារជាតិបាន ។
អូស្ទីននឹងចូលមកទទួលខុសត្រូវកងទ័ពអាមេរិកចំនួន ១,២ លាននាក់ ក្នុងនេះ ១៦% ជាជនស្បែកខ្មៅ តែទោះយ៉ាងណា ចំនួនមេធាវីយោធាស្បែកខ្មៅ ហាក់ដូចជាមិនសូវបានទទួលយសស័ក្តិប៉ុន្មានឡើយ មានតែមួយចំនួនតូចប៉ុណ្ណោះ ដែលបានទទួលជោគជ័យក្នុងមុខតំណែងខ្ពស់ៗ ។
បញ្ហានេះកាន់តែច្បាស់លាស់ទៅទៀត កាលពីខួបឆ្នាំកន្លងទៅ ពេលទាហាន ទាំងបុរស និងស្ត្រី កូនកាត់អាមេរិកាំង-អាហ្រ្វិក បានក្រោកឈរឡើងដើម្បីគាំទ្រចលនាជីវិតជនស្បែកខ្មៅ (Black Lives Matter) ប្រឆាំងនឹងការរើសអើងជាតិសាសន៍ និងអំពើឃោរឃៅរបស់ប៉ូលីស ៕
ប្រែសម្រួលពីវេបសាយ mgronline (ប្រភពពី AFP)