ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំអនុវត្តការងារពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈដាក់ចេញនូវវិធានការបង្ការទប់ស្កាត់ និងបង្ក្រាបក្មេងទំនើង ដែលបង្កឱ្យប៉ះពាល់អសន្តិសុខសង្គម។
ការប្រជុំ និងដាក់វិធានការថ្មីនេះ គឺបន្ទាប់ពីមាន ករណីមានក្មេងទំនើង១ក្រុមគ្នា១០នាក់ កាលពីយប់ថ្ងៃទី២៦ខែធ្នូនេះ នៅចំណុចផ្លូវសុធារសភូមិ២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានធ្វើសកម្មភាពយកដាវសាំម៉ូរ៉ៃកាប់ទៅលើជនរងគ្រោះ០២នាក់ ជិះម៉ូតូ០១គ្រឿងឌុបគ្នា បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ និងប្លន់យកម៉ូតូជនរងគ្រោះ ខណៈដែលជនរងគ្រោះគ្រាន់តែជិះម៉ូតូមើលមុខក្រុមជនសង្ស័យ។ យ៉ាងណាក៏ដោយក្រោយពីធ្វើសកម្មភាពនោះភ្លាមៗ ជនសង្ស័យ២នាក់ ត្រូវបាននគរបាលប៉ុស្ដិ៍រដ្ឋបាលចតុមុខបង្ក្រាបចាប់ខ្លួន ចំណែកបក្ខពួក៨នាក់ទៀតរត់គេចខ្លួន សមត្ថកិច្ចកំពុងបន្តស្វែងរកចាប់ខ្លួន។
ថ្លែងនៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត បានជំរុញឱ្យលោកអធិការនៃអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ត្រូវយកចិត្តទុកដាក់ខ្ពស់បំផុតទៅលើការងារគ្រប់គ្រងមុខសញ្ញាក្មេងទំនើង និងដាក់បទបញ្ជាឱ្យមានការទប់ស្កាត់ក្មេងទំនើងនេះ ឱ្យមានប្រសិទ្ធភាពបំផុត។ក្នុងករណីក្មេងទំនើងបង្កជាបទល្មើសព្រហ្មទណ្ឌត្រូវយកទៅចាត់ការតាមផ្លូវច្បាប់ដោយមិនគិតថាក្មេងទំនើងនោះជាកូនអ្នកណានោះឡើយ។
ឯកឧត្តម អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញក៏បានណែនាំលោកស្នងការរងទទួលផែនការងារសេនាធិការនិងលោកស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ ត្រូវចុះតាមដានត្រួតពិនិត្យពង្រឹងការងារនៅតាមអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ស្តីពីការគ្រប់គ្រងមុខសញ្ញាក្មេងទំនើងឱ្យបានត្រឹមត្រូវចៀសវាងការធ្វើរបាយការណ៍ភូត កុហកពីមុខសញ្ញាក្មេងទំនើងនេះ។
ពាក់ព័ន្ធនិងវិធានការបង្ការទប់ស្កាត់ និងបង្ក្រាបក្មេងទំនើងនៅក្នុងរាជធានីភ្នំពេញបើយោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរយៈពេល០១ឆ្នាំ គឺឆ្នាំ២០២០ កម្លាំងនគរបាលរាជធានីភ្នំពេញបង្ក្រាបក្មេងទំនើង៦៨១ករណីឃាត់ខ្លួន១០៣៩នាក់ ក្នុងនោះ ពាក់ព័ន្ធនិងបទល្មើសព្រហ្មទណ្ឌ៥០៦ករណី និងករណីបង្កការអុកឡុកនៅក្នុងមូលដ្ឋាន១៧៣ករណី៕