ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃនេះ បានប្រកាសបិទ បញ្ចប់ព្រឹត្តិការសហគមន៍ ២៨ វិច្ឆិកា ដែលជាព្រឹត្តិការណ៍ឆ្លងរាលដាលមេរោគកូវីដ–១៩ នៅក្នុង សហគមន៍ ដែលការប្រកាសបិទនេះ បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ការឆ្លងរាលដាលបន្តទៀតយ៉ាងមាន ប្រសិទ្ធភាពរបស់មន្ត្រីសុខាភិបាល អាជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៩ ខែធ្នូនេះ បានថ្លែងសារពិសេសទៅកាន់ជនរួមជាតិ ដែល ក្នុងសារនេះ សម្ដេចតេជោ បានបញ្ជាក់ថា បើទោះជាព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ត្រូវបានបិទបញ្ចប់ តែវិធានការទប់ស្កាត់ ត្រូវតែបន្តអនុវត្តឱ្យបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រោះ ពុំមែនមានន័យថា កូវីដ–១៩ ឈប់ឆ្លងនោះទេ ។
សម្ដេចតេជោ បានថ្លែងកោតសរសើរអំពីការខិតខំប្រឹងប្រែងទប់ស្កាត់ប្រកបដោយជោគជ័យ ពីសំ ណាក់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងភាគីពាក់ព័ន្ធ ដែលមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋផង ដែរ។ សម្ដេច នៅក៏តែបន្តអំពាវនាវឱ្យពលករ ដែលធ្វើការនៅប្រទេសថៃ បន្តរស់នៅក្នុងប្រទេសថៃតទៅ ទៀត ចៀសវាងការចល័តពីកន្លែងមួយទៅកន្លែងមួយ ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងកូវីដ–១៩។
ទោះជាយ៉ាងណាក៏ដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅតែដាក់ចេញនូវវិធានការសំខាន់ៗ មួយចំនួនជាបន្តទៀតឱ្យប្រជាពលរដ្ឋ អាជ្ញាធរ កងកម្លាំងប្រដាប់ អាវុធ បន្តចូលរួមអនុវត្តឱ្យបានត្រឹមត្រូវ តាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសការធ្វើចត្តាឡីស័ក ឱ្យបានត្រឹមត្រូវ។ ជាមួយនឹងការប្រកាសឱ្យបើកសាលារៀនឡើងវិញ សម្តេច ក៏បានណែនាំឲ្យរដ្ឋ មន្ត្រីក្រសួងអប់រំ យុវជន និងកីឡា យកចិត្តទុកដាក់គិតគូររៀបចំអនុវត្តឲ្យបានត្រឹមត្រូវតាមវិធានការណែនាំរក្សាគម្លាតសុវត្ថិភាព និងអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លង កូវីដ–១៩។ ការជួបជុំណាមួយទាំងស្ថាប័នរដ្ឋ អង្គការក្រៅរដ្ឋាភិបាល វិស័យឯកជន និងបណ្ដាគណបក្ស នយោបាយ បើមិនចាំបាច់ មិនត្រូវធ្វើនោះទេ គឺត្រូវធ្វើការតាមរយៈអនឡាញ៕