ការប្រកាសបិទនេះ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា វាជាការបិទព្រឹត្តិការណ៍ ពុំមែនជាការបិទជំងឺ កូវីដ–១៩នោះទេ ហេតុដូចនេះគឺទាមទារឱ្យប្រជាពលរដ្ឋគ្រប់រូបនៅតែ ប្រុងប្រយ័ត្នខ្ពស់ គោរពអនុវត្តតាមវិធានការការពារតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួនដដែល។
សម្រាប់ការប្រកាសបិទព្រឹត្តិការណ៍នេះ ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌច្បារអំពៅ ដែលជាទីតាំងមានករណីឆ្លងជំងឺកូវីដ១៩ ច្រើន ក្នុងព្រឹត្តិការណ៍នេះផ្ទាល់ បានបង្ហាញនូវការសាទរជាខ្លាំង ព្រោះមួយរយៈពេលក្នុងព្រឹត្តិការណ៍នេះ ពួកគាត់មានការព្រួយបារម្ភខ្លាំងចំពោះបញ្ហាឆ្លង។ ស្របពេលនឹងការត្រេកអរ ក៏ពួកគាត់នៅតែបង្ហាញគោលជំហរគោរពអនុវត្តតាមវិធានការការពារឱ្យបានខ្ជាប់ខ្ជួនផងដែរ ព្រោះពួកគាត់ដឹងច្បាស់ពី ជំងឺរាតត្បាតនេះ។
ជុំវិញព្រឹត្តិការណ៍សហគមន៍២៨ វិច្ឆិកា ដែលប្រកាសបិទនេះ តាមរបាយការណ៍របស់ក្រសួងសុខាភិបាល បានបង្ហាញថា ចាប់រាប់ពីថ្ងៃទី ២៨វិច្ឆិកា ដល់ថ្ងៃទី២៨ ខែធ្នូម្សិលម៉ិញនេះ កម្ពុជារកឃើញករណីវិជ្ជមានចំនួន ៤១ករណី ជាការឆ្លងពាក់ព័ន្ធនឹងព្រឹត្តិការណ៍នេះ។ ក្នុងចំណោមវិជ្ជមានទាំង ៤១ករណីនេះ កម្ពុជាក៏បានព្យាបាលជាសះស្បើយ បានចំនួន ៣៨ករណីផងដែរ។
តាមអនុសាសន៍របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានក្រើនរម្លឹកជាថ្មីឱ្យប្រជាពលរដ្ឋត្រូវអនុវត្ត ៣ការពារ ដូចជា ពាក់ម៉ាសការពារ លាងសម្អាតដៃ ក៏ដូចជារក្សាគម្លាតសុវត្ថិភាពសង្គម។ លើសពីនេះ គឺបន្តអនុវត្ត ៣កុំ រួមមាន កុំទៅកន្លែងប្រមូលផ្ដុំមនុស្សច្រើន កុំទៅកន្លែងបិទជិតប្រើប្រាស់ម៉ាស៊ីនត្រជាក់ និងកុំស្និទ្ធស្នាល អោប រឺចាប់ដៃជាដើម និងម្យ៉ាងវិញទៀត ត្រូវអនុវត្តការធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ ជាដើម៕