ឃុំ សង្កាត់ ចំនួន៥០ បានទទួលជ័យលាភីក្នុងចលនាប្រឡងប្រណាំងគោលនយោបាយ  «ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព» ក្នុងក្របខ័ណ្ឌ លក្ខណសម្បត្តិទី៦ ឆ្នាំ២០២៤  

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី26 ខែតុលា ឆ្នាំ2024 ម៉ោង 11:50 នាទី ព្រឹក

 

ឃុំ សង្កាត់ ចំនួន៥០ មកពីក្រុង ស្រុក ចំនួន ៤១ នៅទូទាំងប្រទេសកម្ពុជា បានទទួលជ័យលាភី ក្នុងចលនាប្រឡងប្រណាំងគោលនយោបាយ «ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព» ក្នុងក្របខ័ណ្ឌ លក្ខណសម្បត្តិទី៦ ឆ្នាំ២០២៤។ ពិធីប្រកាសនិងប្រគល់ជ័យលាភី បានធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត  អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានសម្តែងអំណរសាទរ និងបានថ្លែងអំណរគុណ ដល់ក្រសួង ស្ថាប័ន អង្គភាព អាជ្ញា ធរមូលដ្ឋានគ្រប់ថ្នាក់ អ្នកពាក់ព័ន្ធ ជាពិសេសដល់មេឃុំ ចៅសង្កាត់ និងប្រជាពលរដ្ឋ ដែលបានខិតខំប្រឹងប្រែងចូលរួមចំណែក ប្រែក្លាយទីក្រុង គ្រប់ទីប្រជុំជន ភូមិ ឃុំ-សង្កាត់ នៅក្នុងប្រទេសយើង មានអនាម័យល្អ ភាពស្អាត និងបៃតង។ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា ចលនាប្រឡងប្រណំាង «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» ក្នុង ក្របខ័ណ្ឌលក្ខណសម្បត្តិទី៦ គឺជាផ្នែកមួយនៃការអភិវឌ្ឍខ្សែ ក្រវ៉ាត់បៃតង (Green Belt) នៅកម្ពុជា។ មិនតែប៉ុណ្ណោះ គឺជាយន្តការលើកទឹកចិត្ត លើការដោះស្រាយបញ្ហាសំរាម សំណល់រឹង និងសំណង់រាវ សំដៅធ្វើឱ្យភូមិ ឃុំ សង្កាត់ ស្អាត មានសោភ័ណភាព គ្មានសំរាមបោះចោលតាមផ្លូវ  ធ្វើឱ្យការរស់នៅប្រកបដោយផាកសុខភាពល្អ មានការអភិវឌ្ឍទាំងជីវភាព និងសេដ្ឋកិច្ចជាតិ តាមរយៈវិស័យទេសចរណ៍ និងការវិនិយោគមកកម្ពុជាកាន់តែច្រើន ក្នុងពេលអនាគត ផ្អែកតាមគោលនយោបាយ និងយុទ្ធសាស្រ្តច្បាស់លាស់របស់រាជរដ្ឋាភិបាល។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍ផងដែរថា ក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធនាការ ជាបន្តបន្ទាប់ ជាជំហានៗ នាកន្លងមក គឺជាការរួមចំណែកដល់ការការលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅជនបទ ឱ្យមានអនាម័យ មានសោភណភាពល្អ និងមានបរិស្ថានល្អ ជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋាន នឹងថែមទាំងជំរុញឱ្យក្លាយជាចលនា ឆ្ពោះទៅរកការមានទម្លាប់ស្អាតទាំងអស់គ្នា ដើម្បីសម្រេចគោលដៅ «កម្ពុជាស្អាត កម្ពុជាបៃតង និងចីរភាព»។ ឯកឧត្តមរដ្ឋមន្រ្តី បានបន្ថែមថា ការកែប្រែផ្នត់គំនិតសាធារណជនឱ្យមានឥរិយាបថ ចេះស្រទ្បាញ់ និងចូលរួមចំណែកថែរក្សា ការពារបរិស្ថាន មានទម្លាប់ល្អ និង ប្រតិបត្តិល្អចំពោះបរិស្ថាន ពិតជាមានសារៈសំខាន់ណាស់ ក្នុងបរិការណ៍ដែលពិភពលោក ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា កំពុងយកចិត្តទុកដាក់កាន់តែខ្លាំងឡើងៗ ទៅលើការបែ្រប្រួលអាកាសធាតុ និងខិតខំជំរុញការអភិវឌ្ឍបៃតង ដែលជាប្រភពនៃកំណើន សេដ្ឋកិច្ចថ្មី ឆ្ពោះទៅកាន់ការអភិវឌ្ឍដោយចីរភាព តាមរយៈ កិច្ចគាំពារបរិស្ថាន ការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយ និរន្តរភាព និងការលើកកម្ពស់ប្រសិទ្ធភាពថាមពល ជាដើម៕

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម