ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាតំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំប្រតិភូជាន់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ចូលរួមសន្និសីទនៃរដ្ឋភាគីនៃកិច្ចព្រមព្រៀង អង្គការសហប្រជាជាតិស្តីពីជីវៈចម្រុះ លើកទី១៦ (COP16) នៅទីក្រុងកាលី ប្រទេសកូឡុំប៊ី។ នៅឯព្រលានយន្តអន្តរជាតិភ្នំពេញ កាលពីយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែង កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការដោះស្រាយបញ្ហាសកល ជាមួយអន្តរជាតិ ផ្អែកតាមយុទ្ធសាស្រ្ត និងការអនុវត្តសកម្មភាពប្រកបដោយការប្តេជ្ញាចិត្តខ្ពស់។
ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍ថា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា នឹងលើកយកគោលនយោបាយជាតិ យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន វិធានការការពារនិងអភិរក្សធនធានធម្មជាតិនៅកម្ពុជា ជាពិសេសយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ការដាំដើមឈើឱ្យបានច្រើនដើម្បីបង្កើនគម្របព្រៃ ការអភិវឌ្ឍវិស័យឌីជីថល និងការពង្រឹងកិច្ចសហប្រតិបត្តិការ កៀរគរការគាំទ្រ ដើម្បីធានាការអភិរក្សជីវៈចម្រុះ និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន ជាដើម។ ឯកឧត្តមរដ្ឋមន្រ្តី បានបង្ហាញពីការរំពឹងទុកថា៖
១) ការចូលរួមចំណែករបស់កម្ពុជា ក្នុងស្តារ ការពារនិងអភិរក្ស ពង្រីកវិសាលភាពការអភិរក្សជីវៈចម្រុះនិងធនធានធម្មជាតិរបស់កម្ពុជា
២)កម្ពុជានឹងពង្រីកការទូតបរិស្ថានកម្ពុជា លើឆាកអន្តរជាតិ ដើម្បីផ្សព្វផ្សាយនូវភាពភាពស្អាតរបស់កម្ពុជា លើឆាកអន្តរជាតិ។ កម្ពុជានឹងធ្វើឱ្យពិភាពលោក បានយល់ច្បាស់ពីកិច្ចខិតខំប្រឹងប្រែង ដើម្បីភាពស្អាតហើយឆ្លុះបញ្ចាំងពីការពិតពីកម្ពុជា មិនមែនដូចដែលកន្លងមកក្រុមអគតិមួយចំនួន តែងបានលាបព័ណ៌។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងប្រតិភូថ្នាក់ដឹកនាំកម្ពុជានឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូល និងឡើងថ្លែងសន្ទរកថា តំណាងឱ្យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងទទួលជួបសម្តែងការគួសម និងពិភាក្សាការងារ ជាមួយបណ្តាមេដឹកនាំ នៃប្រទេសជាមិត្តមួយចំនួន ដៃគូអភិវឌ្ឍន៍ និងតំណាងវិស័យឯកជនផងដែរ ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ លើការងារគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ ដើម្បីការរស់នៅប្រកបដោយចីរភាព ៕