៣៥០នាក់ ដាំដើមឈើ ៣៥០ដើម ក្នុងកម្មវិធី «រត់ប្រណាំងនៅលើភ្នំគូលែន រដូវកាលទី៣ ឆ្នាំ២០២៤»

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី28 ខែតុលា ឆ្នាំ2024 ម៉ោង 2:18 នាទី ល្ងាច

 

ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ ក្រុមហ៊ុនហ្រ្គីន ជី អេជ ដោយមានការសហការជាមួយក្រសួងបរិស្ថាន បានរៀបចំកម្មវិធី «រត់ប្រណាំងនៅលើភ្នំគូលែនសម្រាប់រដូវកាលទី៣ ឆ្នាំ២០២៤» ស្ថិតនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូលសុខអានភ្នំគូលែន ក្នុងតំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្ដម «​ភ្នំគូលែន» ខេត្តសៀមរាប ក្នុងគោលបំណងដើម្បីស្វែងរកមូលនិធិជួយដល់មន្ទីរពេទ្យកុមារអង្គរ និងបំផុសឱ្យរួមគ្នារក្សាការពារលំនឹងបរិស្ថាន កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ជាពិសេសសំដៅបង្ហាញសក្តានុពលក្នុងការទាក់ទាញអ្នកទេសចរណ៍ដែលចូលចិត្តកីឡាបែបដំណើរផ្សងព្រេងនៅតាមតំបន់ភ្នំ និងធម្មជាតិ។

គណៈធិបតីចូលរួមក្នុងកម្មវិធីនេះរួមមាន ឯកឧត្តម ព្រាប កុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ឯកឧត្តម សែម ហាក់ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម ភូ សំអាត សមាជិកក្រុមប្រឹក្សាខេត្ត លោក យុន លីណេ អភិបាលរងខេត្តសៀមរាប លោក អៀង ពិសិដ្ឋ អភិបាលស្រុកស្វាយលើ លោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប មន្តី្រមន្ទីរបរិស្ថានខេត្តសៀមរាប អជ្ញាធរពាក់ព័ន្ធស្រុកស្វាយលើនិងស្រុកបន្ទាយស្រី ប្រជាពលរដ្ឋ និងក្រុមយុវជន ប្រមាណ ៣៥០នាក់(ស្រ្តី៦០%)។

ក្នុងមតិស្វាគមន៍ក្នុងពិធីបើកកម្មវិធី ឯកឧត្តម សែម ហាក់ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា ទី១.កីឡាធ្វើឱ្យយើងទាំងអស់គ្នាទទួលបាននូវភាពស្អាតក្នុងខ្លួន(យុវជនយើងមានសុខភាពល្អ មិនប្រើប្រាស់គ្រឿង ញៀន) និងជុំវិញខ្លួន(យុវជនបានចូលរួមមិនប្រើប្រាស់ថង់ប្លាស្ទិក រក្សាអនាម័យតាមរយៈចូលរួមដើររើសសំរាម)។ ទី២.សកម្មភាពចូលរួមរបស់យុវជនក្នុងយុទ្ធនាការពន្លកបៃតងតាមរយៈការដាំដើមឈើដើម្បីពង្រីកវិសាលភាពគម្របបៃតងរបស់កម្ពុជា។

ផ្សារភ្ជាប់ក្នុងកម្មវិធី ឯកឧត្តមបានបន្ថែមថា ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានយកចិត្តទុកដាក់ជាចម្បងលើបរិស្ថាន និងសុខភាព ដោយបានដាក់ចេញនូវយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ដែលមានសសរស្ភម្តចំនួន៣ គឺភាពស្អាត ភាពបៃតង និងចីរភាព។ ចំពោះភាពស្អាត ឯកឧត្តមរដ្ឋមន្ត្រី បានដឹកនាំយុទ្ធនាការ«ថ្ងៃនេះខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិកទេ» មានអ្នកចូលរួមសរុប ៩,៨ លាននាក់ និងយុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន» មានអ្នកចូលរួមសរុបជាង ៣លាននាក់ ហើយនិងភាពបៃតង គឺក្រសួងបរិស្ថាន តាមរយៈមន្ទីរបរិស្ថានរាជធានី-ខេត្ត បានបណ្ដុះកូនឈើចែកជូនប្រជាពលរដ្ឋយកទៅដាំបានចំនួន១,៣លានដើម ដោយឥតគិតថ្លៃ ហើយផែនការបណ្ដុះកូនឈើឆ្នាំ២០២៥ មានចំនួនចន្លោះពី ២ទៅ៣ លានដើម ដើម្បីត្រៀមចែកជូនប្រជាពលរដ្ឋយកទៅដាំដោយឥតគិតថ្លៃ។

នៅចុងបញ្ចប់កម្មវិធី ឯកឧត្តម សែម ហាក់ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំអ្នកចូលរួមប្រមាណ ៣៥០នាក់ ចូលរួមដាំដើមឈើចំនួន ៣៥០ដើម មានទីតាំងនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូលសុខអានភ្នំគូលែន នៃតំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្ដម «ភ្នំគូលែន» ខេត្តសៀមរាប។កម្មវិធីនេះប្រព្រឹត្តទៅប្រកបដោយជោគជ័យ និងមានសេចក្តីសោមនស្សរីករាយបំផុត ៕

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម