គុណភាពខ្យល់នៅទីក្រុងញូវដេលី កាន់តែយ៉ាប់យ៉ឺន ដោយមានកម្រិត PM2.5 លើសពីកម្រិតសុវត្ថិភាព 30 ដង

ព័ត៌មានអន្តរជាតិថ្ងៃអង្គារ៍ ទី29 ខែតុលា ឆ្នាំ2024 ម៉ោង 8:38 នាទី ព្រឹក

អត្ថបទ សូរ្យរិទ្ធ៖

នៅរដ្ឋធានីញូវដេលីរបស់ប្រទេសឥណ្ឌា គុណភាពខ្យល់បានធ្លាក់ចុះបន្ថែមទៀត កម្រិត PM2.5 បានកើនឡើងដល់ 30 ដង លើសពីកម្រិតសុវត្ថិភាពរបស់អង្គការសុខភាពពិភពលោកWHO) ហើយអាចនឹងកើនឡើងបន្ថែមទៀត។

ទីភ្នាក់ងារសារព័ត៌មានបរទេសបានរាយការណ៍កាលពីថ្ងៃទី 28 ខែតុលា ឆ្នាំ 2024 ថា គុណភាពខ្យល់នៅទីក្រុងញូវដេលីកាន់តែអាក្រក់ទៅ (very poor) ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមក នៅតំបន់ជាច្រើននៃទីក្រុង កម្រិតនៃការបំពុលខ្យល់គឺខ្ពស់ជាង 25-30 ដងច្រើនជាងលក្ខណៈវិនិច្ឆ័យដែលបានណែនាំដោយ WHO ។

អ្នកជំនាញព្រមានថា ស្ថានភាពនឹងកាន់តែអាក្រក់ទៅៗនៅប៉ុន្មានថ្ងៃខាងមុខនេះ ដោយសារតែលក្ខខណ្ឌអាកាសធាតុ កាំជ្រួចក្នុងពិធីបុណ្យ Diwali នៅថ្ងៃសប្តាហ៍មុន និងការដុតបំផ្លាញដំណាំកសិកម្ម ដើម្បីកែតម្រូវផ្ទៃដីនៅក្នុងរដ្ឋជិតខាង ។

ញូវដេលី និងទីក្រុងជាច្រើននៅភាគខាងជើងប្រទេសឥណ្ឌា កម្រិតខ្ពស់នៃការបំពុលខ្យល់ត្រូវបានរាយការណ៍ជាញឹកញាប់ក្នុងអំឡុងខែតុលា ដល់ខែមករាជារៀងរាល់ឆ្នាំ ដែលប៉ះពាល់ដល់អាជីវកម្ម សាលារៀន និងការិយាល័យជាច្រើនត្រូវបានបិទ ដើម្បីសុវត្ថិភាពប្រជាជន។

ព័ត៌មានពីគេហទំព័រ Safar របស់រដ្ឋាភិបាលឥណ្ឌាបង្ហាញថា កាលពីថ្ងៃទី ២៨ តុលា កម្រិតនៃភាគល្អិតធូលីតូចៗ ឬ PM2.5 ដែលអាចចូលទៅក្នុងសួតរបស់មនុស្ស និងបង្កឱ្យមានជំងឺជាច្រើន វាបានកើនឡើងដល់ 350 មីក្រូក្រាមក្នុងមួយម៉ែត្រគូប (μg/m3) នៅក្នុងតំបន់មួយចំនួននៃទីក្រុងញូវដេលី ។ WHO បានផ្តល់អនុសាសន៍ថាវាមិនគួរលើសពី 15 μg/m3 ។

ស្ថានភាពដែលកើតឡើងធ្វើឱ្យរៀងរាល់រដូវរងារ ទីក្រុងញូវដេលី នឹងត្រូវបានគ្របដណ្តប់ដោយផ្សែងចេញពីប្រភពផ្សេងៗ រួមទាំងផ្សែង ធូលី និងការបំពុលមួយចំនួន និងផ្សែងពីការដុតបំផ្លាញដំណាំកសិកម្មដោយកសិករនៅក្នុងរដ្ឋបញ្ចាប (Punjab) និង ហារីយ៉ាណា (Haryana) ដែលជាប់ព្រំដែនញូវដេលី ។ ជារឿយៗពួកគេដុតបំផ្លាញដំណាំដែលនៅសល់ ដើម្បី​ឈូសឆាយ​ផ្ទៃដី​ដាំ​ចាប់ពី​ខែវិច្ឆិកា ដល់​ខែធ្នូ​។

ក្រុម​កសិករ​អះអាង​ថា ពួកគេត្រូវការជំនួយផ្នែកហិរញ្ញវត្ថុ និងបច្ចេកវិទ្យា ដើម្បីស្វែងរកវិធីផ្សេងទៀត។ ក្នុងការលុបបំបាត់ដំណាំដែលនៅសល់ ប៉ុន្តែ​ផែនការ​របស់​រដ្ឋាភិបាល​បាន​ប្រើ​រហូត​មក​ដល់​បច្ចុប្បន្ន នៅតែមិនជោគជ័យ ។

ស្របពេលដែលផ្សែងចេញពីកាំជ្រួចដែលបាញ់នៅ Diwali ក៏បានបង្កើតបញ្ហានេះផងដែរ ដោយរដ្ឋាភិបាលឥណ្ឌាក្នុងឆ្នាំនេះ បានហាមឃាត់ការផលិត ការស្តុកទុក និងការលក់កាំជ្រួចមុនពេលពិធីបុណ្យដូចឆ្នាំមុនៗដែរ។ ប៉ុន្តែ​បម្រាម​មាន​ឥទ្ធិពល​តិចតួច ព្រោះ​មនុស្ស​អាច​ទៅ​រក​កាំជ្រួច​ពី​រដ្ឋ​ផ្សេងៗ ។

រដ្ឋាភិបាល​ក្រុង​ដេលី​ក៏​កំពុង​អនុវត្ត​ផែនទី​មួយ​ដែល​មាន​ឈ្មោះ​ថា «ផែនការ​សកម្មភាព​ឆ្លើយតប​តាម​ថ្នាក់(Graded Response Action Plan= GRAP)» ដើម្បី​ដោះស្រាយ​បញ្ហា​បំពុល ដោយ​ហាមប្រាម​រាល់​សកម្មភាព​ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​ធ្យូងថ្ម និង​អុស ហើយហាមប្រើម៉ាស៊ីនម៉ាស៊ូត លើកលែងតែក្នុងករណីមានអាសន្ន ៕

ប្រភព bbc+Thairath


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម