ដោយ សូរ្យសែង៖
FBI កំពុងស៊ើបអង្កេតលើបញ្ហាភ្លើងឆេះប្រអប់បោះឆ្នោតដំបូងចំនួនពីរក្នុងរដ្ឋ Oregon ដែលគេជឿថា មានមនុស្សដុត។
ទីភ្នាក់ងារសារព័ត៌មានបរទេសបានរាយការណ៍ អគ្គីភ័យបានឆាបឆេះនៅស្តង់បោះឆ្នោតមុនគេនៅទីក្រុង Portland រដ្ឋ Oregon និងនៅទីក្រុង Vancouver រដ្ឋ Washington នៅព្រឹកថ្ងៃចន្ទ ទី 28 ខែតុលា ឆ្នាំ 2024 ដែលមន្ត្រី FBI កំពុងដំណើរការការស៊ើបអង្កេតលើឧប្បត្តិហេតុនេះ និងឧប្បត្តិហេតុស្រដៀងគ្នាមួយទៀតដែលបានកើតឡើងកាលពីដើមខែនេះ នៅរដ្ឋវ៉ាស៊ីនតោន ។
ប៉ូលិសបាននិយាយថា សម្ភារៈនេះបានមកពីឧបករណ៍ដុត ហើយមន្ត្រីបានរកឃើញរថយន្តសង្ស័យមួយគ្រឿងត្រូវគេឃើញបើកគេចពីកន្លែងកើតហេតុ។
ក្នុងអំឡុងពេលថ្ងៃដដែល មានសេចក្តីរាយការណ៍ថា អគ្គិភ័យបានឆាបឆេះប្រអប់បោះឆ្នោតទី២ នៅស្ថានីយរថយន្តក្រុង។ ប៉ូលីសនៅទីក្រុង Vancouver រដ្ឋ Washington បាននិយាយថា ពេលមកដល់កន្លែងកើតហេតុ ពួកគេបានប្រទះឃើញវត្ថុសង្ស័យមួយនៅក្បែរប្រអប់ដែលកំពុងឆេះ និងមានហុយផ្សែង ។
លោក Steve Bernd អ្នកនាំពាក្យរបស់ការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) ទីក្រុង Seattle រដ្ឋ Washington បាននិយាយថា មន្ត្រីសហព័ន្ធកំពុងជួយប៉ូលីសក្នុងតំបន់ និងរដ្ឋ ក្នុងការស៊ើបអង្កេតរបស់ពួកគេ។
លោកស្រី Laura Shepard អ្នកនាំពាក្យការិយាល័យរដ្ឋបាលទីក្រុង Vancouver បាននិយាយថា៖ មន្ត្រីការិយាល័យបោះឆ្នោតជំរុញពលរដ្ឋ អ្នកដែលមកបោះឆ្នោតមុនម៉ោង 11:00 ព្រឹកថ្ងៃសៅរ៍ (26 តុលា) សូមទាក់ទង ដើម្បីពិនិត្យស្ថានភាពសន្លឹកឆ្នោត ។
ចំណែកលោក Steve Hobbs រដ្ឋលេខាធិការនៃរដ្ឋវ៉ាស៊ីនតោន ថ្កោលទោសភ្លើងដែលកើតឡើង ហើយបានទទួលស្គាល់ថាសន្លឹកឆ្នោតមួយចំនួនត្រូវបានខូចខាត «ខ្ញុំថ្កោលទោសយ៉ាងខ្លាំងចំពោះអំពើភេរវកម្មណាមួយ ដែលមានបំណងរំខានដល់ការបោះឆ្នោតដោយយុត្តិធម៌ និងស្របច្បាប់នៅក្នុងរដ្ឋវ៉ាស៊ីនតោន»៕
ប្រភព : cnn + Thairath