វិភាគសេដ្ឋកិច្ច៖ 5 ឆ្នាំខាងមុខ សេដ្ឋកិច្ចពិភពលោក នឹងត្រូវពឹងលើក្រុមប្រទេស BRICS
ដោយ សូរ្យរិទ្ធ៖
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្យាករណ៍ថា ក្នុងរយៈពេល 5 ឆ្នាំខាងមុខ សេដ្ឋកិច្ចពិភពលោកនឹងត្រូវពឹងផ្អែកខ្លាំងលើក្រុម BRICS ។ ប្រទេសចិនគឺជាអ្នកនាំមុខគេនៃកំណើនសេដ្ឋកិច្ចពិភពលោក ដោយកាន់កាប់ចំណែកនៃកំណើនសេដ្ឋកិច្ចពិភពលោកចំនួន 21.7% ។ ប្រទេសលោកខាងលិចដែលមានទ្រព្យសម្បត្តិ បានថយចុះតួនាទីរបស់ខ្លួន រួមទាំងសហរដ្ឋអាមេរិក ដែលបានរួមចំណែកដល់កំណើនពិភពលោកតិចជាងប្រទេសឥណ្ឌា ។
នៅថ្ងៃទី 24 ខែតុលា ឆ្នាំ 2024 កាសែត Bloomberg បានរាយការណ៍ថា IMF ព្យាករណ៍ថា សេដ្ឋកិច្ចពិភពលោកទំនងជាពឹងផ្អែកលើ BRICS ដែលជាក្រុមនៃសេដ្ឋកិច្ចកំពុងរីកចម្រើន ដើម្បីជំរុញកំណើន ច្រើនជាងប្រទេសលោកខាងលិចដែលជាប្រទេសអ្នកមាន ។
ការព្យាករណ៍ចុងក្រោយរបស់ IMF ដែលគណនាលើមូលដ្ឋាននៃស្មើភាគនៃអំណាចទិញ (Purchasing Power Parity = PPP) រំពឹងថា កំណើនសេដ្ឋកិច្ចពិភពលោកក្នុងរយៈពេល 5 ឆ្នាំខាងមុខ នឹងរត់មករកប្រទេស BRICS ដែលមានសេដ្ឋកិច្ចខ្លាំង ដូចជា ចិន ឥណ្ឌា រុស្ស៊ី និងប្រេស៊ីល និងប្រទេសដទៃទៀត។ ការប៉ាន់ប្រមាណនៃការរួមចំណែកដល់កំណើនសេដ្ឋកិច្ចពិភពលោកនៃប្រទេសសមាជិក G7 ដូចជា សហរដ្ឋអាមេរិក អាល្លឺម៉ង់ និងជប៉ុន ត្រូវបានកាត់បន្ថយ ។
យោងតាមការគណនារបស់ Bloomberg ដោយប្រើការព្យាករណ៍ថ្មីរបស់ IMF ថា ប្រទេសចិននឹងក្លាយជាកត្តាជំរុញកំពូលនៃកំណើនសេដ្ឋកិច្ចពិភពលោកក្នុងរយៈពេល 5 ឆ្នាំខាងមុខ (ពីឆ្នាំ 2024 ដល់ឆ្នាំ 2029) ជាមួយនឹងចំណែក 21.7% នៃការគាំទ្រកំណើនសេដ្ឋកិច្ចសកលទាំងមូល។ នេះគឺច្រើនជាងក្រុម G7 ទាំងមូលរួមបញ្ចូលគ្នា ហើយឥណ្ឌាគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលរីកចម្រើនលឿនបំផុត ដែលត្រូវបានគេរំពឹងថា នឹងជំរុញឱ្យជិត 14.8% នៃកំណើនសេដ្ឋកិច្ចពិភពលោកសរុបពីឆ្នាំ 2024 ដល់ឆ្នាំ 2029 ។
ជាងនេះទៅទៀត ការព្យាករណ៍របស់ IMF បង្ហាញថា សេដ្ឋកិច្ចពិភពលោកកាន់តែពឹងផ្អែកខ្លាំងលើប្រទេសទីផ្សារដែលកំពុងរីកចម្រើន មិនត្រឹមតែប្រទេស BRICS ប៉ុណ្ណោះទេ ក្នុងអំឡុងពេលនោះ ទិន្នន័យរបស់ IMF រំពឹងថា អេហ្ស៊ីប នឹងជួយបង្កើនកំណើនសេដ្ឋកិច្ចពិភពលោក 1.7 ភាគរយ(Percentage Point) ដែលស្មើនឹងប្រទេសអាល្លឺម៉ង់ និងជប៉ុន។ វៀតណាមត្រូវបានគេរំពឹងថានឹងរួមចំណែក 1.4 ភាគរយដល់កំណើន ស្មើបារាំង និងចក្រភពអង់គ្លេស ។
Bloomberg បញ្ជាក់ទៀតថា ការពង្រីកដ៏រឹងមាំនៃសេដ្ឋកិច្ចសហរដ្ឋអាមេរិកក្នុងរយៈពេល 25 ឆ្នាំចុងក្រោយនេះ បានធ្វើឱ្យប្រទេសនេះក្លាយជាអ្នករួមចំណែកដ៏ធំបំផុតដល់កំណើនពិភពលោកក្នុងចំណោមប្រទេសអភិវឌ្ឍន៍ ប៉ុន្តែសហរដ្ឋអាមេរិកក៏មិនអាចរក្សាចំណែកនៃកំណើនសេដ្ឋកិច្ចពិភពលោករបស់ខ្លួនបានដែរ បើធៀបនឹងប្រទេសដែលមានប្រជាជនច្រើនបំផុតដូចជា ឥណ្ឌា និងចិន។ សហរដ្ឋអាមេរិកនឹងមានចំនួន 11.6% នៃកំណើនសេដ្ឋកិច្ចពិភពលោកក្នុងអំឡុងពេលដូចគ្នានេះ ។
ជាងនេះទៅទៀត ប្រទេសដែលមានសេដ្ឋកិច្ចតូចជាងគេពីររបស់ G7 គឺកាណាដា និងអ៊ីតាលី ត្រូវបានគេរំពឹងថានឹងមានតិចជាង 1% នៃកំណើន GDP សកល ដែលជាចំណែកតូចជាងប្រទេសក្រីក្រ និងមានប្រជាជនច្រើនជាងនេះ ដូចជា បង់ក្លាដែស អេហ្ស៊ីប និងហ្វីលីពីន ៕