រដ្ឋមន្ត្រីក្រសួងបរិស្ថាន ថ្លែងការណ៍ស្តីពីគោលនយោបាយបរិស្ថានរបស់កម្ពុជា នៅក្នុងសន្និសីទនៃរដ្ឋភាគីនៃ កិច្ចព្រមព្រៀងអង្គការសហប្រជាជាតិស្តីពីជីវៈចម្រុះ លើកទី១៦ (COP16) នៅប្រទេសកូឡុំប៊ី  

ព័ត៌មានសង្គមថ្ងៃពុធ ទី30 ខែតុលា ឆ្នាំ2024 ម៉ោង 6:33 នាទី ល្ងាច

 

 

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាតំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានឡើងថ្លែងការណ៍ស្តីពីគោលនតយោបាយបរិស្ថានរបស់កម្ពុជា ឆ្ពោះទៅកម្ពុជាមានភាពស្អាត ភាពបៃតង និងចីរភាព នៅក្នុងសន្និសីទនៃរដ្ឋភាគីនៃកិច្ចព្រមព្រៀង អង្គការសហប្រជាជាតិស្តីពីជីវៈចម្រុះ លើកទី១៦ (COP16) នៅទីក្រុងកាលី ប្រទេសកូឡុំប៊ី។

ក្នុងនាមតំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» ដើម្បីកំណើនសេដ្ឋកិច្ច បង្កើតការងារ ធានាសមធម៌ បង្កើនប្រសិទ្ធភាព និងរក្សាចីរភាព សំដៅឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាជន ឈានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០។ តាមរយៈយុទ្ធសាស្ត្រនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំ និងចង្អុលបង្ហាញ ដល់ក្រសួងបរិស្ថាន ឱ្យរៀបចំឡើងនូវ «យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន» ឆ្នាំ២០២៣-២០២៨ ក្នុងគោលបំណង តម្រង់ទិសនូវការងារជាអាទិភាព ដើម្បីធានាឱ្យបាននូវ ចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង សំដៅធានាសម្រេចគោលដៅកម្ពុជា មានគម្របព្រៃឈើកើនឡើងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។  

តាមរយៈសេចក្តីថ្លែងការណ៍ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងថា ក្នុងនាមជាសមាជិកសកម្មរបស់ CBD កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងពេញលេញ ហើយនឹងបន្តចូលរួមដឹកនាំសកម្មភាព និងធ្វើជាគំរូក្នុងកិច្ចខិតខំប្រឹងប្រែងជាលក្ខណៈសកល ដើម្បីចូលរួមចំណែក អភិរក្សជីវៈចម្រុះ និងដោះស្រាយបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុ។ ឯកឧត្តមរដ្ឋមន្រ្តីបានបន្ថែមថា កម្ពុជាមានផ្ទៃដីតំបន់ការពារធម្មជាតិជាង ៤១ភាគរយ ដែលជាជង្រុកដ៏សំខាន់សម្រាប់ជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី ហើយត្រូវបានចាត់ទុកជាផ្លូវការ ជាតំបន់ការពារ ដែលបំពេញតាមគោលដៅទី៣ នៃក្របខណ្ឌជីវៈចម្រុះសកល Kunming-Montreal (COP15)។

ឯកឧត្តម បានបញ្ជាក់ថា កម្ពុជាបានបោះជំហានទៅមុខ និងមានការប្តេជ្ញាពង្រីកគម្របព្រៃឈើ សំដៅរួមចំណែក សម្រេចបាននូវអព្យាក្រឹតកាបូននៅឆ្នាំ២០៥០ តាមរយៈយុទ្ធនាការបណ្តុះនិងចែកកូនឈើយ៉ាងតិច ១លានដើម ក្នុងពេលមួយឆ្នាំ ជូនប្រជាពលរដ្ឋដាំ ក្រោមមូលបទ «ពន្លកបៃតង» ។ កិច្ចខិតខំប្រឹងប្រែងនេះ រួមបញ្ចូលការបង្កើតកន្លែងបណ្តុះកូនឈើ ការចែកចាយកូនឈើដោយមិនគិតថ្លៃ ការចូលរួមពីសាធារណជន រួមទាំងសហគមន៍តាមមូលដ្ឋាន សង្គមស៊ីវិល ស្ត្រី និងយុវជន នៅក្នុងចលនាដាំកូនឈើ និងលើកទឹកចិត្តដល់ការដាំដើមឈើដើម្បីបង្កើនគម្របបៃតង នៅតាមទីសាធារណៈ ឯកជន សហគមន៍ និងទីក្រុង។ លើសពីនេះទៅទៀត កម្ពុជាបានសហការជាមួយដៃគូ បង្កើតកន្លែងបណ្តុះកូនឈើខ្នាតតំបន់ចំនួន៥ នៅទូទាំងប្រទេស។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា បានបន្ថែមថា ដើម្បីប្រែក្លាយគំនិតផ្តួចផ្តើមដ៏អស្ចារ្យទាំងនេះទៅជាលទ្ធផលជាក់ស្តែង វាទាមទារឱ្យមានការអនុវត្តជាក់ស្ដែង និងសមស្រប ដូចជាធនធានហិរញ្ញវត្ថុការអភិវឌ្ឍសមត្ថភាព ចំណេះដឹង និងបច្ចេកវិទ្យាទំនើបៗផងដែរ។ កត្តាទាំងនេះនឹងអនុញ្ញាតឱ្យកម្ពុជាមិនត្រឹមតែអាចអនុវត្តបានយ៉ាងពេញលេញ នូវក្របខណ្ឌជីវៈចម្រុះសកល Kunming-Montreal ចក្ខុវិស័យឆ្នាំ២០៥០ សម្រាប់ជីវចម្រុះប៉ុណ្ណោះទេ ប៉ុន្តែក៏អាចសម្រេចបាននូវគោលដៅ និងគោលនយោបាយជាតិកម្ពុជាមានភាពស្អាត ភាពបៃតង និងចីរភាពផងដែរ។

«កម្ពុជាគាំទ្រពេញទំហឹងចំពោះផែនការជីវៈចម្រុះ និងអំពាវនាវដល់តួអង្គពាក់ព័ន្ធទាំងអស់ធានាការអនុវត្តជាក់ស្តែង។ ការបង្កើនធនធានហិរញ្ញវត្ថុ ពិតជាមានសារៈសំខាន់ណាស់ នៅក្នុងការបំពេញចន្លោះប្រហោងនៃមូលនិធិសកល និងជំរុញការប្តេជ្ញាចិត្តនយោបាយដ៏រឹងមាំ ដើម្បីអនុវត្តកម្មវិធីក្រោមអនុសញ្ញា និងពិធីសារដែលពាក់ព័ន្ធ។ កម្ពុជាបានត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការរួមគ្នាជាមួយសហគមន៍អន្តរជាតិ  ដើម្បីផ្តល់នូវការប្តេជ្ញាចិត្តថ្នាក់ជាតិ និងកម្រិតពិភពលោក ទប់ស្កាត់ការបាត់បង់ជីវចម្រុះ និងសម្រេចបាននូវចក្ខុវិស័យ នៃការរស់នៅប្រកបដោយភាពសុខដុមរមនា ជាមួយធម្មជាតិ»។ នេះជាការលើកឡើងបន្ថែមរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម