របាយការណ៍ប្រភេទសត្វនៅតំបន់ជួរភ្នំក្រវាញកណ្តាល ដែលចេញផ្សាយនៅថ្ងៃនេះ (៣០ តុលា) ដោយក្រសួងបរិស្ថាន ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ(USAID) អង្គការអភិរក្សអន្តរជាតិកម្ពុជា និងដៃគូ បង្ហាញពីប្រភេទសត្វសំខាន់ៗដែលត្រូវបានកត់ត្រាបានចំនួន ១០៨ ប្រភេទ ក្នុងនោះប្រភេទសត្វស្លាបមាន ៦៥ ប្រភេទ ថនិកសត្វមាន ៣៨ ប្រភេទ និងសត្វល្មូនមាន ៥ ប្រភេទ។
ក្នុងកំណត់ត្រារូបភាពនោះ អ្នកស្រាវជ្រាវកត់ត្រាបានផងដែរនូវហ្វូងសត្វឆ្កែព្រៃ ដែលជាប្រភេទសត្វស៊ីសាច់ជាអាហារ(មំសាសី) ចុងក្រោយបង្អស់មួយនៅកម្ពុជា សត្វប្រភេទចំណីមាន ដូចជា សត្វជ្រូកព្រៃ និង សត្វឈ្លូសជាដើម។ ការសិក្សានេះក៏បានរកឃើញផងដែរនូវប្រភេទសត្វកម្រៗដទៃទៀត រួមមាន ដំរីអាស៊ី ខ្លាពពក ខ្លាភ្ញីថ្មកែវ ខ្លាលឿងមាស ខ្លាឃ្មុំតូច និងខ្លាឃ្មុំធំ ៕