ក្រោយពីរងគ្រោះដោយសារចាប់ឆ្កែមេក្រុមហ៊ុន ជាថ្នូរនឹងការមិនឲ្យប្រាក់ឈ្នួលទៅខ្លួន ហើយត្រូវចាប់បញ្ជូនទៅតុលាការប្អូន ចៅណន សុខេហង ទៅពន្ធនាគារ មិនបានប៉ុន្មានថ្ងៃផង ក៏លែងមកវិញ ហើយសំណាងដ៏សែនលវិសេស ក៏ត្រូវសម្តេចតេជោ ហ៊ុន សែន ហៅមកជួបនៅវិមានព្រឹទ្ធសភា ដើម្បីសម្របសម្រួលបញ្ចប់រឿង ។
ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ ចៅ ណន សុខហេង អាយុ ២២ឆ្នាំរស់នៅភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ ដែលមានជម្លោះជាមួយ ឈ្មោះ គា ចន្ធូ ម្ចាស់ក្រុមហ៊ុន«ស៊ាង ឡង មីងស៊ូ» លក់ និងផ្គត់ផ្គង់សម្ភារការពារជម្រាបទឹក ដែលមានទីតាំងនៅផ្លូវភ្នំពេញ ហាណូយ ភូមិឈ្មួញ សង្កាត់ឈ្មួញ ខណ្ឌសែនសុខ ចូលជួបដើម្បីសម្របសម្រួលបញ្ចប់ជម្លោះក្រៅប្រព័ន្ធតុលាការ ដោយមានការចូលរួមសម្របសម្រួលដោយ ប្រធានគណៈកម្មាធិការនីតិកម្មព្រឹទ្ធសភា ស្នងការនគរបាលរាជធានីភ្នំពេញ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
សម្តេចតេជោ ហ៊ុន សែន បានស្នើអោយភាគីជម្លោះ កុំឲ្យមានការគុំគួនគ្នា និងសុំឲ្យប្រព័ន្ធផ្សព្វផ្សាយសង្គមនានាបញ្ឈប់ការផ្សាយថា អ្នកនេះខុស អ្នកនេះត្រូវបន្តទៀត។
សម្ដេចតេជោ បានថតរូបអនុស្សាវរីយ៍ និងបានឧបត្ថម្ភថវិកាចំនួន ១០,០០០ដុល្លារ និង ៣៥លានរៀល ព្រមទាំងបានបង្កើតអាជីវកម្មឡដុតនំប៉័ងមួយនៅក្នុងក្រុងក្រចេះ ខេត្តក្រចេះ ដើម្បីប្រកបរបរចញ្ចឹមគ្រួសារ។ លើសពីនេះ សម្ដេចតេជោ បានណែនាំចៅប្រុស ណន សុខហេង ត្រូវប្រឹងប្រែងក្នុងការប្រកបអាជីវកម្មដែលសម្ដេចបានផ្ដល់អោយនាពេលនេះ ពិសេសត្រូវចេះយកលុយបង្កើតលុយ ហាមលេងល្បែង និង ស្មោះត្រង់ជាមួយប្រពន្ធ ៕