ជំនួបទ្វេភាគីនៅរសៀលថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៤ នាទីក្រុងកាលី ប្រទេសកូឡុំប៊ី រវាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជាមួយឯកឧត្តម ហុង ស៊ិកចូ (Hong Sik Cho) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ទទួលបន្ទុកបរិស្ថាន និងការប្រែប្រួលអាកាសធាតុ នៃក្រសួងការបរទេសនៃសាធារណរដ្ឋកូរ៉េ បានលើកឡើងនូវកិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ ដើម្បីរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងនូវភាពស្អាតរបស់កម្ពុជាក្នុងដែនទឹក ដែនគោក និងដែនអាកាស ដែលកម្ពុជាកំពុងបានអនុវត្តស្របតាមគោលនយោបាយនិងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ក្នុងមានយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក្នុងគោលដៅឆ្ពោះទៅកម្ពុជាមានភាព ស្អាត ភាពបៃតង និងចីរភាព។ ស្របនឹងការលើកឡើងនេះ ឯកឧត្តមឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ក៏បានថ្លែងនូវការអបអរសាទរនិងគាំទ្រកម្ពុជា ចំពោះយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងទប់ស្កាត់ប្រភពហូរនាំថង់ប្លាស្ទិកទៅក្នុងបឹងទន្លេសាប។
សូមជម្រាបជូនថា កិច្ចសហប្រតិបត្តិការទ្វេភាគីខាងលើ គឺជាការរួមចំណែកជាមួយសហគមន៍អន្តរជាតិ ដើម្បីធ្វើឱ្យសម្រេចគោលដៅទាំងបួន និងចំណុចដៅទាំង ២៣ របស់ក្របខ័ណ្ឌការងារជីវៈចម្រុះសកល គួនមីង-ម៉ុងរ៉េអាល់ ដែលបានអនុម័តនៅក្នុង COP15 ដែលរៀបចំឡើងកាលឆ្នាំ២០២២ នៅប្រទេសកាណាដា។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បាននិងកំពុងបំពេញបេសកកម្ម តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំប្រតិភូជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចូលរួមសន្និសីទនៃរដ្ឋភាគីនៃកិច្ចព្រមព្រៀង អង្គការសហប្រជាជាតិស្តីពីជីវៈចម្រុះ លើកទី១៦ (COP16) នៅទីក្រុងកាលី ប្រទេសកូឡុំប៊ី និងបានថ្លែងសន្ទរកថាពីគោលនយោបាយបរិស្ថានកម្ពុជា ក្នុងការដោះស្រាយបញ្ហាសកល ជាមួយអន្តរជាតិ ផ្អែកតាមយុទ្ធសាស្រ្ត និងការអនុវត្តសកម្មភាពប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ ដែលជាពិសេសលើភាពស្អាត ភាពបៃតង និងចីរភាព៕