នារសៀលថ្ងៃទីសុក្រ ១កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង និងលោកជំទាវ ឡុង វិសាខា ឱម យ៉ិនទៀង និងថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃស្ថាប័នប្រឆាំងអំពើពុករលួយ បានរៀបចំពិធីសូត្រមន្តបុណ្យកឋិនទាន ដើម្បីដង្ហែទៅកាន់វត្តពីរ គឺវត្តនាគវ័ន ស្ថិតនៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ និងវត្តព្រះវិហារលើ ស្ថិតនៅស្រុកពញាឮ ខេត្តកណ្តាល ប្រព្រឹត្តទៅនៅអង្គភាពប្រឆាំងអំពើពុករលួយ ។
អង្គកឋិទានបានប្រារព្ធពិធីក្រុងពាលី សូត្រមន្តចម្រើនព្រះបរិត្ត និងការសម្តែងព្រះធម៌ទេសនា ដោយមានការអញ្ជើញចូលរួមយ៉ាងអធិកអមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ អ.ប.ព. ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀតផង ។
លុះព្រឹកឡើងថ្ងៃសៅរ៍ ២រោច ខែឆ្នាំដដែល អង្គកឋិនបានដង្ហែទៅកាន់វត្តនាគវ័ន និងវត្តព្រះវិហារលើ ដោយមានត្រៃចីវរ ស្បង់ និងទេយ្យទានផ្សេងៗ ព្រមទាំងបច្ច័យវេរប្រគេនព្រះសង្ឃគង់ចាំវស្សាអស់កាលត្រីមាស ក្នុងព័ទ្ធសីមាវត្តនៃវត្តទាំង ២ តាមប្រពៃណីព្រះពុទ្ធសាសនា ដង្ហែដោយឯកឧត្តម ទូច ស៊ុនណារី និងលោកជំទាវ ចិន ចន្ទមុនី តំណាងដ៏ខ្ពង់ខ្ពស់ កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខណ្ឌទួលគោក រាជធានីភ្នំពេញ និងលោកជំទាវ។
គួរបញ្ជាក់ថា បុណ្យកឋិនទាន គឺជាពិធីបុណ្យប្រពៃណីព្រះពុទ្ធសាសនាមួយ ដែលប្រជាជនខ្មែរចាប់ផ្ដើមធ្វើបន្ទាប់ពីបុណ្យចេញព្រះវស្សា។ បុណ្យកឋិនតែងត្រូវបានដង្ហែចូលគ្រប់ទីអារាមទាំងអស់ចាប់ពីថ្ងៃ ១រោចខែអស្សុជដល់ថ្ងៃ១៥
កើត ខែកត្តិក គឺពុំមានវត្ដណាមួយត្រូវបានខកខានឡើយ ហើយបើទីអារាមណាមិនមានកឋិនណាមួយហែចូលទេ ទីអារាមនោះក៏ត្រូវតែរៀបចំជាកឋិនចំណុះជើងវត្តដែរ ៕
Photo by ACU