កង​កុម្ម៉ង់ដូ​អ៊ីស្រាអែល ​វាយឆ្មក់ចូល​ទីក្រុង​កំពង់ផែ​លីបង់ ចាប់​ខ្លួន​អ្នក​ជំនាញហេសប៊ូឡា (Hezbollah)

ព័ត៌មានអន្តរជាតិថ្ងៃអាទិត្យ ទី03 ខែវិច្ឆិការ ឆ្នាំ2024 ម៉ោង 10:17 នាទី ព្រឹក

 

កងកម្លាំង​ប្រតិបត្តិការ​ពិសេស​របស់​អ៊ីស្រាអែល​ បាន​វាយឆ្មក់ចូល​ទីក្រុង​កំពង់ផែ​មួយ​ នៅប្រទេសលីបង់ភាគខាងជើង និងឃាត់ខ្លួនបុរសម្នាក់ ជា«អ្នកជំនាញខាងដែនសមុទ្រ» របស់ហេសប៊ូឡា ។

ទីភ្នាក់ងារសារព័ត៌មានបរទេសរាយការណ៍ពីទីក្រុងតេវអាវីវ (Tel Aviv) ប្រទេសអ៊ីស្រាអែល ​នៅ​ថ្ងៃ​ទី​៣ វិច្ឆិកា​នេះថា កងទ័ព​អ៊ីស្រាអែល​បាន​ចេញ​សេចក្តី​ថ្លែងការណ៍មួយថា ​ក្រុម​ប្រតិបត្តិការ​ពិសេស​បាន​ទៅ​តំបន់​មួយ​ក្នុង​ប្រទេស​លីបង់ ហើយ​ចាប់​បាន​សមាជិក​ជាន់​ខ្ពស់​នៃ​ក្រុម​ហេសបូឡា។ ក្រោយ​មក បុរស​នោះ​ត្រូវ​បាន​កង​កុម្ម៉ង់ដូ​នាំ​ទៅ​អ៊ីស្រាអែល​វិញ ហើយ​កំពុង​ស្ថិត​ក្រោម​ការ​សាកសួរ​យ៉ាង​ហ្មត់ចត់ ។

ចំណែកទីភ្នាក់ងារសារព័ត៌មានជាតិលីបង់ (LNA) រាយការណ៍បន្ថែមថា ទាហាន​អ៊ីស្រាអែល​បាន​ប្រើ​កប៉ាល់​ល្បឿន​លឿន​ ដឹក«កងទ័ព​ជើងគោក» ក្នុង​ក្រុង Batroun នៅជិតទីក្រុងទ្រីប៉ូលី ដែលជាទីក្រុងឆ្នេរសមុទ្រធំបំផុត នៅភាគខាងជើងប្រទេសលីបង់ ។ ទាហាន​អ៊ីស្រាអែល​បាន​ឆែកឆេរ​ផ្ទះ​ប្រណីត​មួយ​នៅ​លើ​ឆ្នេរ។ បុរស​ជនជាតិ​លីបង់​ម្នាក់​ត្រូវ​បាន​គេ​នាំ​មក​លើ​យន្តហោះ ហើយ​បើក​ទូក​ត្រឡប់​មក​វិញ​ក្នុង​ពេល​ដ៏​ខ្លី កាលពីយប់ថ្ងៃទី ១ វិច្ឆិកា ២០២៤ ។

របាយការណ៍ LNA បានដកស្រង់ព័ត៌មានពីប្រភពព័ត៌មានថា បុរស​ដែល​ត្រូវ​បាន​ឃាត់ខ្លួនមាន​អាយុ ​៣០​ឆ្នាំ និង​ជា​និស្សិត​នៅ​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​សមុទ្រ និង​បច្ចេកវិទ្យា (Marsati) ជា​ស្ថាប័ន​អប់រំ​របស់​រដ្ឋ គាត់ជិតបញ្ចប់ការសិក្សា ៕


ប្រភព AFP

ដោយ ម៉ារ៉ា


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម