បកប្រែពី mgronline
ដោយ សូរ្យរិទ្ធ៖
ក្រុមធុរកិច្ចរបស់ជប៉ុន បានពង្រីកការវិនិយោគនៅកម្ពុជា បង្កើតគោលដៅថ្មីលើសពីប្រទេសថៃ ។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទីមួយនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបញ្ជាក់ថា ចំណុចលេចធ្លោគឺប្រាក់ឈ្នួលទាប និងស្ថិរភាពនយោបាយ ហើយរដ្ឋាភិបាលបានត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រយ៉ាងពេញលេញនូវការវិនិយោគ ។
អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ការិយាល័យនៅបាងកក និងការិយាល័យ JETRO ភ្នំពេញ រួមគ្នាជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំព្រឹត្តិការណ៍ណែនាំ «ការវិនិយោគនៅកម្ពុជា ប្រទេសថៃ (Thailand+1)» ធ្វើឡើងនៅថ្ងៃទី 1 ខែវិច្ឆិកា ឆ្នាំ 2024 ដោយឯកឧត្តម ស៊ុន ចាន់ថុល បានរៀបរាប់ពីអត្ថប្រយោជន៍នៃការវិនិយោគនៅកម្ពុជា រួមជាមួយនឹងការណែនាំអំពីអត្ថប្រយោជន៍នៃការវិនិយោគ ។
JETRO គាំទ្រអាជីវកម្មជប៉ុននៅក្នុងប្រទេសថៃ ពង្រីកការវិនិយោគទៅកាន់ប្រទេសជិតខាងតាមគោលគំនិត Thailand+1 ដោយកម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសដែលធុរកិច្ចជប៉ុនចាប់អារម្មណ៍ជាងគេ។ ដោយសារតម្លៃពលកម្មទាប សេដ្ឋកិច្ចបានកើនឡើងក្នុងកម្រិត 5% ជាបន្តបន្ទាប់ និងមានស្ថិរភាពនយោបាយ រដ្ឋាភិបាលកម្ពុជាក៏មានគោលនយោបាយគាំទ្រយ៉ាងសកម្ម និងជួយដោះស្រាយបញ្ហារបស់ក្រុមហ៊ុនជប៉ុនដែលវិនិយោគផងដែរ ។
លោក ឃុរ៉ូដា ជុន (Kuroda Jun) ប្រធានការិយាល័យ JETRO នៅបាងកកមានប្រសាសន៍ថា បច្ចុប្បន្នមានក្រុមហ៊ុនជប៉ុនជាង ២០០ កំពុងវិនិយោគនៅកម្ពុជា ហើយនិងមានក្រុមហ៊ុនរាប់រយចាប់អារម្មណ៍មកវិនិយោគនៅកម្ពុជាបន្ត ។ ភាគច្រើនការវិនិយោគងាកចេញពីប្រទេសថៃ ដោយសារតែសេដ្ឋកិច្ចថៃមានកំណើនយឺត ប្រាក់ឈ្នួលកំពុងកើនឡើង ដូច្នេះ អាជីវកម្មជប៉ុននៅក្នុងប្រទេសថៃ ត្រូវតែស្វែងរកឱកាសអាជីវកម្មថ្មីនៅក្នុងប្រទេសជិតខាង ។
ក្រៅពីនេះ ជម្លោះរវាងសហរដ្ឋអាមេរិក និងចិន នឹងបង្កឱ្យមានការផ្លាស់ប្តូរយ៉ាងសំខាន់ចំពោះខ្សែចង្វាក់ផ្គត់ផ្គង់ពិភពលោក។ តំបន់អាស៊ាននឹងក្លាយជាមូលដ្ឋានផលិតកម្ម និងខ្សែចង្វាក់ផ្គត់ផ្គង់សំខាន់សម្រាប់អាជីវកម្មដែលចង់ផ្លាស់ទីការវិនិយោគពីប្រទេសចិនផងដែរ ។
ឯកឧត្តម ស៊ុន ចាន់ថុល បានរៀបរាប់រឿងគួរឱ្យចាប់អារម្មណ៍អំពីប្រទេសកម្ពុជា គឺ កម្ពុជាមានសន្តិភាព និងស្ថិរភាពនយោបាយ កម្ពុជាបច្ចុប្បន្នមានរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងគណៈរដ្ឋមន្ត្រី មនុស្សជំនាន់ថ្មី និងត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រយ៉ាងពេញលេញលើវិស័យធុរកិច្ច ។
ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាមានអត្រាកំណើនសេដ្ឋកិច្ចជាមធ្យម 5% អត្រាអតិផរណាត្រឹមតែប្រហែល 3% អនុបាតបំណុលទៅ GDP ទាប និងអត្រាប្តូរប្រាក់មានស្ថិរភាព និងអាចប្រើប្រាក់ដុល្លារអាមេរិក យ៉ាងទូលំទូលាយ ដូច្នេះសេដ្ឋកិច្ចកម្ពុជាមានឱកាសច្រើនក្នុងការរីកចម្រើន ។
ឧបនាយករដ្ឋមន្ត្រីកម្ពុជា ក៏បាននិយាយអំពីគម្រោងព្រែកជីក «ហ្វូណនតេជោ» ថាជាចំណុចរបត់ ឬជាចំណុចផ្លាស់ប្តូរ(« Game Changer) ដ៏សំខាន់សម្រាប់ប្រព័ន្ធដឹកជញ្ជូន និងភស្តុភាររបស់កម្ពុជា ផ្លាស់ប្តូរស្ថានភាពពីការដឹកជញ្ជូនទំនិញបច្ចុប្បន្នពីភ្នំពេញវាងតាមដងទន្លេមេគង្គ និងពឹងផ្អែកលើកំពង់ផែវៀតណាម ខ្ពស់ជាង 33% នៃការដឹកជញ្ជូនសរុប ប៉ុន្តែជាមួយនឹងព្រែកជីកហ្វូណនតេជោ ការដឹកជញ្ជូនទំនិញឆ្លងកាត់ប្រទេសវៀតណាមនឹងកាត់បន្ថយមកត្រឹម 10% ប៉ុណ្ណោះ ហើយនឹងជួយកាត់បន្ថយថ្លៃដឹកជញ្ជូនដល់ទៅ 16% ផងដែរ ។
កម្ពុជាក៏កំពុងកែលម្អកំពង់ផែក្រុងព្រះសីហនុ ដោយពង្រីកផ្លូវពីភ្នំពេញទៅប៉ោយប៉ែត តភ្ជាប់ប្រទេសថៃ និងផ្លូវតភ្ជាប់ទីក្រុងហូជីមិញ ប្រទេសវៀតណាម ការកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនឹងត្រូវបញ្ចប់ជាបណ្តើរៗចាប់ពីឆ្នាំ 2026-2029។
លោក សួន សុផល អគ្គលេខាធិការរង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងគណៈកម្មាធិការវិនិយោគកម្ពុជាបានមានប្រសាសន៍ថា វិស័យដែលរដ្ឋាភិបាលកម្ពុជាមានបំណងផ្តល់សារៈសំខាន់ក្នុងការជំរុញការវិនិយោគគឺ ឧស្សាហកម្មរថយន្ត និងគ្រឿងបន្លាស់អេឡិចត្រូនិច រួមទាំងការកែច្នៃអាហារ រដ្ឋាភិបាលកម្ពុជានឹងផ្តល់សិទ្ធិពិសេស រួមទាំងការកាត់បន្ថយពន្ធ ការកាត់រំលោះ ការលើកលែងពន្ធលើតម្លៃបន្ថែមសម្រាប់ការទិញកត្តាផលិតកម្មក្នុងស្រុក ការកាត់ពន្ធសម្រាប់ការចំណាយលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ ការបណ្តុះបណ្តាលបុគ្គលិក និងសុខុមាលភាពបុគ្គលិក និងទំនើបកម្មគ្រឿងចក្រ ។
តំណាងក្រុមហ៊ុនជប៉ុនដែលវិនិយោគនៅកម្ពុជា រួមមាន AEON MALL ក្រុមហ៊ុនគ្រឿងបន្លាស់រថយន្ត DENSO និងក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេស Royal Group Poipet ដែលគ្រប់គ្រងតំបន់ឧស្សាហកម្មនៅប៉ោយប៉ែត ផ្តល់យោបល់ថា កម្ពុជាមានអត្ថប្រយោជន៍នៃការមានប្រាក់ឈ្នួលដែលលើសជាងពាក់កណ្តាលនៃតម្លៃរបស់ប្រទេសថៃ កម្មករវ័យក្មេងមួយចំនួនធំ និងគ្រោះធម្មជាតិតិចតួច និងមានប្រព័ន្ធភស្តុភារដែលអាចតភ្ជាប់ជាមួយប្រទេសថៃ ។
ប៉ុន្តែបញ្ហារបស់កម្ពុជាគឺ តម្លៃអគ្គិសនីថ្លៃជាងប្រទេសថៃ និងវៀតណាម ហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធដឹកជញ្ជូនមិនទាន់មានការអភិវឌ្ឍន៍នៅឡើយ ក្រុមហ៊ុនភាគច្រើនប្រើអ្នកមើលការខុសត្រូវរបស់ថៃដើម្បីបណ្ដុះបណ្ដាលប្រជាជនកម្ពុជា ហើយនៅតែត្រូវពឹងផ្អែកលើខ្សែចង្វាក់ផលិតកម្មសំខាន់ និងប្រព័ន្ធភស្តុភាររបស់ប្រទេសថៃ ។
តំណាងរដ្ឋាភិបាលកម្ពុជា និងក្រុមធុរកិច្ចជប៉ុនបានសង្កត់ធ្ងន់ថា ប្រទេសថៃនៅតែជាមូលដ្ឋានវិនិយោគដ៏សំខាន់ ការពង្រីកផលិតកម្មទៅកាន់ប្រទេសជិតខាងដោយប្រើវិធីសាស្រ្ត Thailand+1 មិនពាក់ព័ន្ធនឹងការផ្លាស់ប្តូរមូលដ្ឋានផលិតកម្មទេ និងមិនប៉ះពាល់ដល់ផលិតកម្មនៅប្រទេសថៃ ប៉ុន្តែពួកគេនឹងគាំទ្រគ្នាទៅវិញទៅមក និងបង្កើតផលប្រយោជន៍សម្រាប់គ្រប់ភាគី ៕