កាលពីថ្ងៃទី៦ និងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ចាយ សាមិត្ត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មការដឹកនាំកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៃក្រសួងបរិស្ថាន បានដឹកនាំប្រតិភូក្រសួងបរិស្ថាន ចូលរួមប្រជុំវាយតម្លៃ ពិនិត្យ និងតាមដានវឌ្ឍនភាពនៃការអនុវត្តមុខងារលើវិស័យបរិស្ថាន ដែលបានផ្ទេរជូនរដ្ឋបាលថ្នាក់ក្រោមជាតិ នៅរដ្ឋបាលខេត្តព្រះវិហារ និងស្ទឹងត្រែង។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ឯកឧត្តមអភិបាលរងនៃគណៈអភិបាលខេត្ត ឯកឧត្តម ក្រុមប្រឹក្សាខេត្ត មន្ទីរបរិស្ថានខេត្ត មន្ទីសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រតនាគារខេត្ត មន្ទីរសាធារណការនិងដឹកជញ្ជូន មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ព្រមទាំងរដ្ឋបាលក្រុងស្រុកទាំងអស់ក្នុងខេត្តទាំងពីរ។
កិច្ចប្រជុំនេះក៏បានពិភាក្សាអំពីមុខងាររបស់ក្រសួងបរិស្ថានដែលបានប្រគល់ជូនរដ្ឋបាលថ្នាក់ក្រោមជាតិ នៅក្នុងក្របខ័ណ្ឌនៃខេត្តស្ទឹងត្រែង រួមមាន៖
១. ការងារគាំពារបរិស្ថាន
២. ការគ្រប់គ្រងតំបន់ការពារធម្មជាតិ
៣. ការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ
៤. ការពង្រឹងការងារអប់រំបរិស្ថាន
៥. ការអភិវឌ្ឍដោយចីរភាព
កិច្ចប្រជុំទទួលបានលទ្ធផលបឋម ដូចខាងក្រោម៖
ក-កន្លងមកនេះ តាមរយៈកំណែទម្រង់របស់រាជរដ្ឋាភិបាល គ្រប់ក្រសួង-ស្ថាប័នបានផ្ទេរមុខងារ ធនធានមនុស្ស និងថវិកាដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ថ្ងៃនេះប្រតិភូក្រសួងបរិស្ថាន ចុះមកផ្ទាល់ធ្វើការត្រួតពិនិត្យ វាយតម្លៃ និងតាមដានវឌ្ឍនភាពនៃការអនុវត្តមុខងារដែលបានផ្ទេរជូនរដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់ឆ្នាំ២០២៤។
ខ-រដ្ឋបាលក្រុង-ស្រុកត្រូវធ្វើការត្រួតពិនិត្យមុខងារទាំង៥ និងសកម្មភាពទាំង២៦ ដែលក្រសួងបរិស្ថានបានផ្ទេរដល់រដ្ឋបាលថ្នាក់ក្រោមជាតិ។
គ-រដ្ឋបាលក្រុង-ស្រុកត្រូវធ្វើការបែងចែកមុខងារជូនអភិបាលរងក្រុង-ស្រុក ការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈ និងការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ធ្វើការអនុវត្តមុខងារដែលបានផ្ទេរមកក្រុង-ស្រុក ។
ឃ-ស្នើរដ្ឋបាលខេត្ត ធ្វើការសម្របសម្រួលនីតិវិធីជាមួយមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងរតនាគារខេត្ត ធ្វើការផ្សព្វផ្សាយពីថវិកាដែលមាន និងចាយថវិកាឱ្យចំគោលដៅ ដោយលើកផែនការសកម្មភាព និងថវិកាឱ្យបានសមស្រប ដើម្បីឱ្យរដ្ឋបាលក្រុង ស្រុក អាចប្រើប្រាស់កញ្ចប់ថវិកាសេវាសង្គម អនាម័យនិងបរិស្ថានបានតាមផែនការ។
ង-ក្រសួងបរិស្ថានអាចនឹងបើកវគ្គបណ្ដុះបណ្ដាលរយៈពេលវែង (១សប្ដាហ៍) ហើយក្រុង-ស្រុកគ្រោងថវិកា ដើម្បីទៅចូលរួមវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពការងារបច្ចេកទេសដែលបានផ្ទេរជូន ឱ្យមន្ត្រីទទួលបន្ទុកអាចបំពេញការងារបានកាន់តែល្អប្រសើរ។
ច-ស្នើអគ្គនាយកដ្ឋានពាក់ព័ន្ធ ធ្វើការសហការជាមួយស្ថាប័នពាក់ព័ន្ធរៀបចំបទដ្ឋានគតិយុត្តបន្ថែម ព្រមទាំងគោលការណ៍ណែនាំពាក់ព័ន្ធនឹងមុខងារវិស័យបរិស្ថានដែលបានផ្ទេរទាំង២៦ និងកែសម្រួលនូវឯកសារគតិយុត្តិដែលមានស្រាប់ឱ្យស្របទៅនឹងស្ថានភាពបច្ចុប្បន្ន។
ឆ-សូមចូលរួមយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ “ថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ ថង់ប្លាស្ទិកទេ” និងយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ឱ្យកម្ពុជាស្អាត គ្មានសំរាមពាសវាលពាស កាលនៅតាមដងផ្លូវជាតិ នឹងក្លាយជាចលនា ទម្លាប់ល្អ ព្រមទាំងចូលរួមដាំកូនឈើឱ្យមានភាពបៃតង និងដាំកូនត្នោត១លានដើម។
ជ-សូមអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ និងសហគមនម៍មូលដ្ឋាន ធ្វើការសហការជាមួយមន្ទីរបរិស្ថាន និងអាជ្ញាធរមូលដ្ឋានធ្វើការកំណត់ទីតាំងជាក់ស្ដែងដីព្រៃ និងទីតាំងភូមិករដែលប្រជាពលរដ្ឋរស់នៅអាស្រ័យផលយូរណាស់មកហើយ។
ឈ-សូមក្រុមប្រឹក្សាក្រុង-ស្រុកជួយជំរុញដល់គណៈអភិបាលក្រុង-ស្រុកអនុវត្តមុខងារទៅតាមតួនាទី ភារកិច្ចដែលមានចែងក្នុងបទដ្ឋានគតិយុត្តជាធរមាន ៕