អង្គការ NatureLife រកឃើញកូនសត្វក្រៀលដ៏កម្រ បានបង្កកំណើតដោយជោគជ័យនៅដែនជម្រកសត្វព្រៃលំផាត់ ខេត្តមណ្ឌលគិរី ប្រទេសកម្ពុជា

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី07 ខែវិច្ឆិការ ឆ្នាំ2024 ម៉ោង 6:29 នាទី ល្ងាច

 

សត្វក្រៀលគឺជាប្រភេទសត្វដែលកំពុងរងការគំរាមគំហែងក្នុងពិភពលោក ទិន្នន័យជំរឿននៅឆ្នាំ២០២៣-២០២៤ កម្ពុជាកត់ត្រាបានតែ ១៧៨ ក្បាលប៉ុណ្ណោះ។ បច្ចុប្បន្ននេះក្រុមអភិរក្សសត្វក្រៀលកម្ពុជា បាននិងកំពុងធ្វើការអភិរក្សសត្វក្រៀលដែលមានវត្តមានទូទាំងប្រទេស។ នេះបើតាមការឱ្យដឹងអង្គការ NatureLife នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

ដោយឡែកក្នុងរដូវកាលបន្តពូជឆ្នាំ២០២៤ នេះ ក្រុមការងារអង្គការជីវិតធម្មជាតិនៅកម្ពុជាដែនជម្រកសត្វព្រៃលំផាត់បានធ្វើការយ៉ាងសកម្មក្នុងការអង្កេតតាមដានស្វែងរកសម្បុករបស់សត្វក្រៀល និងការការពារពិនិត្យតាមដានសម្បុកពងកូនរបស់ពួកវាក្នុងដែនជម្រកសត្វព្រៃនេះ។

ជាលទ្ធផលគិតមកត្រឹមខែតុលា ឆ្នាំ២០២៤ ក្រុមការងាររបស់អង្គការ NatureLife បានកត់ត្រាសម្បុករបស់សត្វក្រៀលចំនួន ៥សម្បុកហើយ មានកូនសរុបចំនួន ០៩ក្បាល បានហើរចេញពីសម្បុកដោយជោគជ័យក្នុងអត្រា១០០ភាគរយ ។

យោងតាមទិន្នន័យនេះបានបញ្ជាក់ឱ្យឃើញថា ចំនួនសម្បុកសត្វក្រៀលនៅដែនជម្រកសត្វព្រែដែលកំពុងអនុវត្តគម្រោងរេដបូកនេះ មានចំនួនថេរ បើប្រៀបធៀបទៅនឹងការរកឃើញឆ្នាំ២០២៣ កន្លងមក។ នេះបានបង្ហាញថា ដែនជម្រកសត្វព្រៃលំផាត់ គឺជាទីជម្រកដ៏សំខាន់របស់សត្វក្រៀលក្នុងការគាំទ្រដល់ការរស់រានមានជីវិតក្នុងរដូវមិនបន្តពូជ និងក្នុងរដូវបន្តពូជ ។

អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia) បានបង្ហាញពីការរកឃើញសត្វក្រៀលចំនួន១៤ក្បាល ដែលក្នុងនោះ ជំទង់ចំនួន ៦ក្បាល អំឡុងពេលជំរឿនសត្វក្រៀលចុងក្រោយ សម្រាប់រដូវកាល២០២៣-២០២៤។

អង្គការមួយនេះបានបញ្ជាក់ថា ទិន្នន័យនេះបានបង្ហាញថា ចំនួនសត្វក្រៀល នៅក្នុងដែនជម្រកសត្វ ព្រៃលំផាត់គឺមានស្ថិរភាព បើធៀបទៅនឹងលទ្ធផលជំរឿន នៅក្នុងឆ្នាំ២០២២-២០២៣។ ប្រភពដដែល បានបញ្ជាក់ថា ការមកជួបជុំនៅដែនជម្រកសត្វព្រៃនេះក្នុងខែឧសភា សបញ្ជាក់ថាដែនជម្រកសត្វព្រៃលំ ផាត់ បាននិងកំពុងបន្តតួនាទីដ៏សំខាន់ ក្នុងការផ្តល់ទីជម្រកពងកូន ដល់សត្វកំពុងរងគ្រោះឈានទៅជិត ផុតពូជនេះ។

អង្គការជីវិតធម្មជាតិនៅកម្ពុជាបានបញ្ជាក់ដែរថា បច្ចុប្បន្ននេះក្រុមការងារ អង្គការរបស់ខ្លួន កំពុងកំណត់ និងដាក់ផែនការក្នុងការចុះសិក្សាស្វែងរកសម្បុកសត្វក្រៀល ដើម្បីបង្កើនភាពជោគជ័យនៃអត្រាពងកូន។ សូមជម្រាបជូនផងដែរថា ដែនជម្រកសត្វព្រៃលំផាត់ គឺទីតាំងពងកូនដ៏ សំខាន់របស់សត្វក្រៀល ដែល រដូវកាលរបស់សត្វនេះចាប់ពីខែឧសភាដល់ខែតុលា។

គួររំលឹកថា បើតាមឯកសារនៃក្រសួងបរិស្ថានបានឱ្យដឹងថា៖ សត្វក្រៀលគឺជាសត្វស្លាបដែលមានកម្ពស់ខ្ពស់ជាងគេលើពិភពលោក ហើយអាចហើរបានជាទូទៅមានកម្ពស់ប្រហែល ១,៧៦ម៉ែត្រ មានទម្ងន់ពី ៥-១២ គីឡូក្រាម និងប្រវែងស្លាបទាំងសងខាង ២,៥ម៉ែត្រ។ ពួកវាមានម្រាមជើងមុខវែងៗ ចំនួនបី និងម្រាមជើងក្រោយខ្លីមួយ។ ពួកវាមិនអាចទុំនៅលើដើមឈើបានទេ ហើយដេកដោយឈរ ស្ងៀមឆ្អឹងនៅទីតាំងជិតៗ កន្លែងរកចំណីរបស់វានៃតំបន់ដីសើម។ សត្វក្រៀលមានសម្បុរប្រផេះលើដងខ្លួន កផ្នែកខាងលើនិងក្បាលមានពណ៌ក្រហម ក្បាលផ្នែកខាងលើបំផុតនិងត្រចៀក មានពណ៌ប្រផេះ ស្រាល។ កូនក្រៀលមានមាឌតូចបន្តិច និងមានពណ៌ត្នោតនៅចំក្បាលរបស់វា។ យើងពិបាកសម្គាស់ថា សត្វក្រៀលណាជាឈ្មោលឬញីនៅពេលដែលពួកវានៅជាគូ ប៉ុន្តែមីញីមានមាឌ តូចជាងអាឈ្មោល បន្តិច។ សត្វក្រៀលត្រូវបានចាត់ជា ប្រភេទសត្វងាយរងគ្រោះ៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម