ប្រភព kapook
ដោយ សូរ្យរិទ្ធ
ដូណាល់ ត្រាំ ឬ ដូណាល់ ចន ត្រាំ (Donald John Trump)ជាបុគ្គលម្នាក់ដែលមានតួនាទីសំខាន់ក្នុងមជ្ឈដ្ឋានធុរកិច្ច និងនយោបាយរបស់សហរដ្ឋអាមេរិក ។ គាត់ជាអ្នកជំនួញអចលនទ្រព្យដ៏ល្បី និងឈានឆ្ពោះមកវេទិកានយោបាយ រហូតក្លាយជាប្រធានាធិបតីទី 45 ក្នុងឆ្នាំ ២០១៦ ក្នុងនាមគណបក្សសាធារណរដ្ឋ ។ ថ្ងៃនេះ មតិអ្នក សូមនាំប្រវត្តិលោក ត្រាំ តាំងពីវ័យក្មេង រហូតមកអង្គុយនៅសេតវិមាន ។
ជីវិតវ័យក្មេង និងគ្រួសារ
ដូណាល់ ត្រាំ កើតនៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ១៩៤៦ នៅតំបន់ឃ្វីន ទីក្រុងញូវយ៉ក ជាកូនទី ៤ ក្នុងចំណោមបងប្អូន ៥ នាក់ ។ ឪពុករបស់ឈ្មោះ ហ្វ្រិដ ត្រាំ (Fred Trump) ជាអ្នកជំនួញអចលនទ្រព្យល្បីឈ្មោះក្នុងទីក្រងញូវយ៉ក ។ ម្តាយឈ្មោះ ម៉ារី អ៊ែន ម៉ាកលីអូដ ត្រាំ (Mary Anne MacLeod Trump) ជាជនអន្តោប្រវេសន៍មកពីស្កុតលែន ជាគ្រួសារអ្នកមានទ្រព្យសម្បត្តិ ជំនួញបានផ្តោតលើការអភិវឌ្ឍន៍គម្រោងលំនៅដ្ឋានកម្រិតមធ្យមនៅ ឃ្វីន (Queens) និង ប៊្រូកលីន (Brooklyn) ។ ត្រាំ ជាមនុស្សមានវិន័យ និងឧស្សាហ៍ព្យាយាមតាំងពីក្មេង ។
ប្រវត្តិសិក្សា
កាលនៅវ័យកុមារ ត្រាំ មានភាពស្វាហាប់ និងមានទំនុកចិត្តខ្លួនឯង ប៉ុន្តែគាត់មានបញ្ហា អាកប្បកិរិយាខ្លះនៅពេលគាត់មានអាយុ 13 ឆ្នាំ ។ ឪពុកម្តាយរបស់គាត់បានសម្រេចចិត្តបញ្ជូនគាត់ទៅសិក្សានៅសាលាយោធាញូវយ៉ក ដើម្បីហ្វឹកហាត់វិន័យ និងគ្រប់គ្រងអាកប្បកិរិយារបស់គាត់។ ការសិក្សានៅសាលាយោធាបានជួយ ត្រាំ ឲ្យសម្របខ្លួនបានប្រសើរជាងមុន។ គាត់បានក្លាយជាអត្តពលិកឆ្នើម និងជាអ្នកដឹកនាំក្នុងចំណោមសិស្ស រហូតដល់បញ្ចប់ការសិក្សានៅឆ្នាំ 1964 ។
បន្ទាប់ពីបញ្ចប់ការសិក្សាពីមហាវិទ្យាល័យ Wharton ក្នុងឆ្នាំ 1968 ត្រាំ បានចូលរួមក្នុងអាជីវកម្មគ្រួសារ (Trump Management) ដែលបង្កើតឡើងដោយឪពុករបស់គាត់ ។ ការងារនេះ គាត់បានរៀនអំពីការអភិវឌ្ឍន៍អចលនទ្រព្យនៅ Brooklyn និង Queens នេះគឺជាទីផ្សារដែលគ្រួសារ ត្រាំ មានជំនាញ។ ក្រោយមកនៅឆ្នាំ 1971 គាត់បានចូលកាន់តំណែងជាអ្នកគ្រប់គ្រងពេញលេញ ហើយបានប្តូរឈ្មោះក្រុមហ៊ុនទៅជា «អង្គការ ត្រាំ (Trump Organization)» និងពង្រីកអាជីវកម្មចូលទៅក្នុងទីផ្សារ Manhattan ។ នេះជាការចាប់ផ្តើមសាងកេរ្តិ៍ឈ្មោះជាអ្នកអភិវឌ្ឍអចលនទ្រព្យលំដាប់ពិភពលោក ។
គម្រោងមួយដែលធ្វើឱ្យលោក ត្រាំ ល្បីល្បាញខ្លាំង គឺការអភិវឌ្ឍន៍សណ្ឋាគារ Grand Hyatt ក្នុងឆ្នាំ 1976 នៅពេលគាត់បានទិញសណ្ឋាគារ Commodore ដែលមានសភាពទ្រុឌទ្រោមនៅជិត Grand Central Terminal ក្នុងទីក្រុងញូវយ៉ក ហើយបានសហការជាមួយក្រុមហ៊ុន Hyatt Corporation ជួសជុលសណ្ឋាគារនេះទៅជាសណ្ឋាគារប្រណីតលំដាប់ពិភពលោក។ គម្រោងនេះត្រូវបានគាំទ្រដោយរដ្ឋាភិបាលទីក្រុងញូវយ៉ក ដោយកាត់បន្ថយពន្ធរយៈពេល 40 ឆ្នាំ កាត់បន្ថយហានិភ័យ និងទាក់ទាញអ្នកវិនិយោគ ។ ក្នុងឆ្នាំ 1983 គាត់ក៏បានសាងសង់អគារ Trump Tower នៅលើ Fifth Avenue ដែលបានក្លាយជានិមិត្តរូបនៃភាពជោគជ័យរបស់គាត់ក្នុងវិស័យអចលនទ្រព្យ ។
ក្រៅពីជំនួញអចលនទ្រព្យ ត្រាំ ក៏បានពង្រីកអាណាចក្រអាជីវកម្មរបស់គាត់ទៅកាន់ឧស្សាហកម្មជាច្រើន ដូចជា កាស៊ីណូ ទីលានវាយកូនហ្គោល សណ្ឋាគារ និងកម្មវិធីប្រកួតបវរកញ្ញាចក្រវាឡ និងកម្មវិធីទូរទស្សន៍ ជាពិសេស រឿង The Apprentice ដែលចាក់ផ្សាយដំបូងក្នុងឆ្នាំ ២០០៤ បានធ្វើឲ្យគាត់ក្លាយជាមនុស្សល្បីល្បាញជុំវិញពិភពលោក។ ទោះបីជាលោកជួបបរាជ័យក្នុងមុខជំនួញជាច្រើនក៏ដោយ រួមទាំងការប្រកាសក្ស័យធននៅក្នុងអាជីវកម្មកាស៊ីណូ ប៉ុន្តែ ត្រាំ បានរក្សារូបភាពនៃភាពជោគជ័យ និងពង្រីកម៉ាកយីហោ Trump ទៅកាន់គម្រោងជុំវិញពិភពលោក ។
ពីអ្នកជំនួញ ក្លាយជាប្រធានាធិបតី
ដូណាល់ ត្រាំ បានចាប់ផ្តើមប្រឡូកនយោបាយដ៏ខ្លាំងក្លានៅក្នុងឆ្នាំ 2015 នៅពេលដែលគាត់បានប្រកាសពីបេក្ខភាពប្រធានាធិបតីសហរដ្ឋអាមេរិក។ ដោយសារតែមិនធ្លាប់មានបទពិសោធន៍នយោបាយពីមុន ប៉ុន្តែជាមួយនឹងពាក្យស្លោក «Make America Great Again (ធ្វើឱ្យអាមេរិកអស្ចារ្យម្តងទៀត)» ជាពាក្យមានអត្ថន័យ ហាក់ដូចជាការអំពាវនាវឱ្យសាធារណជនសហរដ្ឋអាមេរិកបើកភ្នែកមើលគាត់។
ឆ្នាំ ២០១៦ ជាពេលវេលារបស់លោក ត្រាំ ជាប្រធានាធិបតីគឺពោរពេញទៅដោយជម្លោះ និងការផ្លាស់ប្តូរគោលនយោបាយយ៉ាងឆាប់រហ័ស។ គោលនយោបាយសំខាន់ៗរបស់គាត់ រួមមាន ការកាត់បន្ថយពន្ធ សាងសង់ជញ្ជាំងនៅព្រំដែនម៉ិកស៊ិក និងការដកខ្លួនចេញពីកិច្ចព្រមព្រៀងអន្តរជាតិ ដូចជាកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ ។ ទោះជាយ៉ាងនេះក្តី អាណត្តិរបស់គាត់ក៏ត្រូវបានបំផ្លាញដោយការចោទប្រកាន់ និងបណ្តឹងផងដែរ រួមទាំងត្រូវបានចោទប្រកាន់ និងដកចេញពីមុខតំណែងពីរដង ប៉ុន្តែនៅទីបំផុត គាត់បានរួចផុតពីការចោទប្រកាន់ទាំងពីរលើក ។
ទោះបីប្រឈមមុខនឹងបញ្ហាជាច្រើនក៏ដោយ រួមទាំងការចោទប្រកាន់ឧក្រិដ្ឋកម្ម និងបណ្តឹងជាច្រើនទៀត ប៉ុន្តែ ត្រាំ មិនបានបាត់ខ្លួនពីឆាកនយោបាយឡើយ លោកនៅតែមានឥទ្ធិពលនៅក្នុងគណបក្សសាធារណរដ្ឋ ហើយរីករាយនឹងការគាំទ្រពីមូលដ្ឋានដ៏ស្មោះត្រង់ ។ នៅក្នុងឆ្នាំ 2024 លោក ត្រាំ បានប្រកាសឈរឈ្មោះជាប្រធានាធិបតីម្តងទៀត ដោយសង្កត់ធ្ងន់លើគោលនយោបាយដែលផ្តោតលើការធ្វើឱ្យសេដ្ឋកិច្ចរស់ឡើងវិញ ការបង្កើតការងារ និងការគ្រប់គ្រងអន្តោប្រវេសន៍ខុសច្បាប់។
ជ័យជម្នះលើកនេះសម្រាប់លោក ត្រាំ គឺដូចដែលលោកធ្លាប់បាននិយាយថា ជា «ការវិលវិញដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្រនយោបាយ»។ លោកក្លាយជាអតីតប្រធានាធិបតីដំបូងគេក្នុងរយៈពេលជាង ១៣០ឆ្នាំដែលឈរឈ្មោះម្តងទៀត បន្ទាប់ពីចាញ់ក្នុងការបោះឆ្នោតលើកមុន។ ការត្រឡប់មកវិញនេះមិនត្រឹមតែឆ្លុះបញ្ចាំងពីសមត្ថភាពរបស់គាត់ក្នុងការរក្សាមូលដ្ឋានរបស់គាត់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសក្ខីភាពបញ្ជាក់ពីភាពធន់ និងការតាំងចិត្តក្នុងការស្ដារមុខមាត់របស់គាត់ក្នុងក្រសែភ្នែកសាធារណជន។
ជីវិតផ្ទាល់ខ្លួន និងគ្រួសារ
ដូណាល់ ត្រាំ បានរៀបការបីដង។ ភរិយាដំបូងរបស់គាត់គឺ Ivana Zelnickova ជាតារាម៉ូដែល និងអត្តពលិកជនជាតិឆេក ប្តីប្រពន្ធនេះបានរៀបការនៅឆ្នាំ 1977 ហើយមានកូនបីនាក់ គឺ Donald Trump Jr., Ivanka Trump និង A. Rick Trump (Eric Trump) ។ ពួកគាត់បានបញ្ចប់ការលែងលះគ្នាក្នុងឆ្នាំ 1992 បន្ទាប់ពីមានព័ត៌មានលេចឡើងអំពីភាពមិនស្មោះត្រង់របស់ ត្រាំ ជាមួយ ម៉ារឡា ម៉ាផល (Marla Maples) ដែលក្រោយមកបានរៀបការនៅឆ្នាំ 1993 ហើយមានកូនស្រីម្នាក់ឈ្មោះ ទីហ្វានី ត្រាំ (Tiffany Trump) អាពាហ៍ពិពាហ៍ទីពីរបានបញ្ចប់ក្នុងឆ្នាំ 1999 ។
ភរិយាបច្ចុប្បន្នរបស់លោក ត្រាំ គឺលោកជំទាវ មេឡានៀ ឃេនោស (Melania Knauss) អតីតតារាម៉ូដែលស្លូវេនី។ ប្តីប្រពន្ធនេះបានរៀបការនៅឆ្នាំ 2005 និងមានកូនប្រុសម្នាក់ឈ្មោះ Barron Trump កើតក្នុងឆ្នាំ 2006 ។ មេឡានៀ បានដើរតួយ៉ាងសំខាន់ក្នុងការគាំទ្រប្តីពេញមួយអាណត្តិរបស់គាត់ជាប្រធានាធិបតី ជាពិសេសក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតលើកទីមួយ និងលើកទីពីរ ។ កូនប្រុសពៅរបស់លោក ត្រាំ គឺលោក Barron ក៏ទទួលបានការចាប់អារម្មណ៍ពីប្រព័ន្ធផ្សព្វផ្សាយផងដែរ ជាពិសេសនៅពេលដែលគាត់ធំឡើង និងក្លាយជាសកម្មជនក្នុងនយោបាយអំឡុងការបោះឆ្នោតឆ្នាំ 2024 ។
ទោះបីជាអាពាហ៍ពិពាហ៍របស់លោក ត្រាំ ពោរពេញដោយជម្លោះ និងពាក្យចចាមអារ៉ាមអំពីការប្រព្រឹត្តិខុសផ្លូវភេទក៏ដោយ ប៉ុន្តែគាត់នៅតែជាបុគ្គលតម្រង់ទិសគ្រួសារ កូនៗទាំងអស់របស់គាត់ ទាំងការដើរតួនាទីសំខាន់ទាំងផ្នែកជំនួញ និងនយោបាយ ជាពិសេសគឺ Donald Jr., Ivanka និង Eric ដែលមើលថែអាជីវកម្មគ្រួសារបន្ទាប់ពី ត្រាំ ចូលឆាកនយោបាយ ។ រីឯ ទីហ្វានី និង បារ៉ុន បន្តដឹកនាំជីវិតឯកជនកាន់តែច្រើន ។
វិថីជីវិតរបស់លោក ដូណាល់ ត្រាំ គឺពោរពេញទៅដោយបញ្ហាប្រឈម និងជោគជ័យ។ ពីអ្នកជំនួញអចលនទ្រព្យដ៏មានទ្រព្យសម្បត្តិ ទៅកាន់សេតវិមានប្រធានាធិបតីសហរដ្ឋអាមេរិក ទោះបីជាការកាន់តំណែងរបស់លោកមានភាពចម្រូងចម្រាសក៏ដោយ ប៉ុន្តែគេមិនអាចបដិសេធបានថា លោកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរទាំងរង្វង់ជំនួញនិងនយោបាយរបស់ប្រទេសក្នុងឆ្នាំ២០២៤ ។ ការក្លាយជាប្រធានាធិបតីទី 47 របស់សហរដ្ឋអាមេរិក នេះគឺជាជំពូកថ្មីមួយនៅក្នុងជីវិតនយោបាយរបស់គាត់ដែលចាំបាច់ត្រូវក្រឡេកមើល ៕