នៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅខេត្តសៀមរាប លោកជំទាវ ងិន លីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារយេនឌ័រ បានអញ្ជើញចូលរួមជាអធិបតីក្នុងសិក្ខាសាលាឆ្លុះបញ្ចាំងគម្រោងបរិយាបន្នទឹក និងភាពធន់នឹងការប្រែប្រួលអាកាសធាតុនៅតំបន់មេគង្គ ដែលបានរៀបចំដោយអង្គ Oxfam និងមានការចូលរួមពីសមាជិកាក្រុមការងារយេនឌ័រនៃក្រសួងបរិស្ថាន តំណាងគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងរដ្ឋបាលជលផល តំណាងជនជាតិដើមភាគតិច តំណាងក្រុមជនមានពិការភាព តំណាងអ្នកស្រឡាញ់ភេទដូចគ្នា និងអង្គការពាក់ព័ន្ធនានា សរុប ១០០នាក់ ។
សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង៖ ១-ពង្រឹងចំណេះដឹងរបស់អ្នកចូលរួម និងសមត្ថភាពស្ថាប័នរបស់អ្នកពាក់ព័ន្ធអំពីសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម ហៅកាត់ថា (GEDSI) ២-ផ្តល់ជាវេទិកាសម្រាប់ក្រុមជនងាយរងគ្រោះ អង្គការសង្គមស៊ីវិល រដ្ឋាភិបាល និងអ្នកអនុវត្តពាក់ព័ន្ធដើម្បីភ្ជាប់ទំនាក់ទំនង និងចែករំលែកបទពិសោធន៍លេចធ្លោនៃការពង្រឹង GEDSI និងសិទ្ធិរបស់ពួកគេ ក្នុងការការពារធនធានធម្មជាតិ និងបរិស្ថាន (ទឹក ជលផល និងសកម្មភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ) ៣-បង្កើតសកម្មភាពថ្មីក្នុងចំណោមអង្គការសង្គមស៊ីវិល សហគមន៍ និងអ្នកពាក់ព័ន្ធសម្រាប់ការអនុវត្តឱ្យកាន់តែប្រសើរឡើងនៃ GEDSI នាពេលអនាគតនៅកម្រិតគម្រោង និងស្ថាប័ន និង៤-អបអរសាទរភាពជោគជ័យនៃ IP2 និង the Strengthening Climate Resilience in the Mekong Sub-region (SCR) project និងការឆ្លុះបញ្ចាំងក្នុងចំណោមភាគីពាក់ព័ន្ធសំខាន់ៗ។
លោកជំទាវ បានលើកឡើងថា ការបង្កើនការយល់ដឹងពីបរិយាបន្នទឹក និងភាពធន់នឹងការប្រែប្រួលអាកាសធាតុក្នុងតំបន់មេគង្គ គឺមានសារៈសំខាន់ណាស់សម្រាប់អ្នកពាក់ព័ន្ធ។ បរិយាបន្ន គឺជាធាតុផ្សំសំខាន់នៃរបៀបវារៈ សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ការសម្រេចបាននូវការអភិវឌ្ឍ ប្រកបដោយចីរភាព ជាពិសេសនៅក្នុងសហគមន៍តាមដងទន្លេក្នុងអនុតំបន់មេមគង្គ ទាមទារឱ្យមានការធានាថា គ្មាននរណាត្រូវបានទុកចោល។
លោកជំទាវ ក៏បានលើកឡើងពីយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល នៃអាណត្តិទី៧ នេះថា ទឹកជាវិស័យអាទិភាពគន្លឹះមួយក្នុងចំណោមវិស័យអាទិភាពគន្លឹះទាំង៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ដែលបានរំលេចនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលមានបាវចនាចំនួន៥ គឺ «កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព» សម្រាប់ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី៤ និងបរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ច និងសង្គមកម្ពុជា ព្រមទាំងតម្រូវការក្នុងការលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច ដែលជាមូលដ្ឋានគ្រឹះ និងមធ្យោបាយដ៏សំខាន់នៃការសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។
លោកជំទាវក៏បានលើកពីយុទ្ធសាស្រ្ដចក្រាវិស័យបរិស្ថាន ដែលមានគោលបំណងតម្រង់ទិស និងចង្អុលបង្ហាញការងារជាអាទិភាព ដើម្បីធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង សំដៅសម្រេចគោលនយោបាយយុទ្ធសាស្រ្ដបញ្ចកោណគឺ «ជាប្រទេសអព្យាក្រឹត្យកាបូន និងមានគម្របព្រៃឈើ៦០ភាគរយនៅឆ្នាំ២០៥០» ៕