ផ្អែកលើសមិទ្ធផលកំណែទម្រង់ជាច្រើន នៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលសម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តជម្រុញកែទម្រង់ដើម្បីអភិបាលកិច្ចល្អ និងបានកំណត់យ៉ាងច្បាស់នូវការងារប្រយុទ្ធប្រឆាំងអំពើពុករលួយដោយឆន្ទៈមុតស្រួច និងការប្ដេជ្ញាខ្ពស់ តាមរយៈវិធានការស្នូល ៣ គឺការអប់រំ បង្ការ ទប់ស្កាត់ និងការអនុវត្តច្បាប់ប្រឆាំងអំពើពុករលួយ ដើម្បីលើកស្ទួយភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈ និងវិស័យឯកជន និងសហប្រតិបត្តិការជាមួយអន្តរជាតិលើការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ ។
ទិវាប្រឆាំងអំពើពុករលួយ ៩ ធ្នូ ឆ្នាំ ២០២៤ ដែលនឹងឈានមកដល់នាពេលខាងមុខ អង្គភាពប្រឆាំងអំពើពុករលួយ បានពង្រាយក្រុមការងាររបស់ខ្លួនចុះផ្សព្វផ្សាយតាមគោលដៅជាច្រើន ទាំងក្នុងរាជធានី និងខេត្តមួយចំនួន ក្នុងនេះមានគ្រឹះស្ថានសិក្សា ទីផ្សារ និងរដ្ឋបាលខណ្ឌ-ស្រុក ខេត្ត ចាប់ពីសប្តាហទី ២ នៃខែវិច្ឆិកា ឆ្នាំ ២០២៤ នេះតទៅ ។
នៅរសៀលថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៤ ជាថ្ងៃដំបូង នៃការចាប់ផ្តើមចុះយុទ្ធនាការផ្សព្វផ្សាយ នៅសាកលវិទ្យាល័យ IIC ដោយនិស្សិតបានទទួលនូវការយល់ដឹងពីអត្ថន័យនៃទិវានេះ ដែលធ្វើបទបង្ហាញដោយក្រុមការងារ ACU ចំនួន ៨រូប ។
ទិវានេះមានគោលបំណងបង្ហាញពីតួនាទី និងភារកិច្ចរបស់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) និងជនបង្គោលទាំងឡាយ រួមទាំងអ្នកពាក់ព័ន្ធ ក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងអំពើពុករលួយ ហើយក៏លើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃសង្គមដែលគ្មានអំពើពុករលួយ។ ទិវានេះក៏ផ្តល់ឱកាសដល់យើងក្នុងការប្ដេជ្ញាចិត្តព្រមគ្នា ចំពោះសកម្មភាពរួមក្នុងការទប់ស្កាត់ និងបំបាត់អំពើទុច្ចរិត ដែលសកម្មភាពជាច្រើនបានពន្លេចចេញពីការអនុវត្តកន្លងមក ទាំងនៅក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ និងរដ្ឋសមាជិករៀងៗខ្លួន ។
ក្នុងនាមជាអ្នកគ្រប់គ្រងនៅ IIC (IIC University of Technology) ឯកឧត្ដមបណ្ឌិត ឈួន ចាន់ថន សាកលវិទ្យាធិការ បានសម្តែងនូវការស្វាគមន៍ រីករាយ និងបានលើកឡើងថា អំពើពុករលួយ គឺជាឫសគល់នៃការវិនាសអន្តរាយរបស់សង្គម គប្បីសិស្ស និស្សិត បុគ្គលិក សាស្ត្រាចារ្យសាកលវិទ្យាល័យទាំងអស់ ត្រូវឈ្វេងយល់ និងប្រកាន់ខ្ជាប់នៅភាពស្អាតស្អំ ភាពត្រឹមត្រូវ និងធ្វើអំពើល្អ មានក្រមសីលធម៌ល្អ ទាំងក្នុងការសិក្សា និងការបំពេញការងារទាំងវិស័យរដ្ឋ និងឯកជន នាថ្ងៃអនាគត ។
សូមបញ្ជាក់ថា អង្គភាពប្រឆាំងអំពើពុករលួយ បើកយុទ្ធនាការក្នុងទិវានេះ រហូតដល់ថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២៤ ដែលនឹងត្រូវចុះទៅតាមគោលដៅខុសៗគ្នាជាបន្តបន្ទាប់ ៕