ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) មកពី ៣ ស្រុកក្នុងខេត្តត្បូងឃ្មុំ ហើយក៏បានថ្លែងអំណរគុណ លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងបានប្រគល់អំណោយលើកទឹកចិត្តជាថវិការបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនដល់សិស្សជាប់និទ្ទេស A ចំនួន ៣៤នាក់ និទ្ទេស B ចំនួន ២១៣នាក់ និទ្ទេស C ចំនួន ៤៤៥នាក់ និទ្ទេស D ចំនួន ៧១០នាក់ និងនិទ្ទេស E ចំនួន ៦១២នាក់ សរុបចំនួន ២ ០១៤ នាក់ ក្នុងនោះស្រី មានចំនួន ២៦៨នាក់។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងកោតសរសើរជាខ្លាំង ដល់សិស្សនុសិស្សទាំងអស់ បានខិតខំសិក្សារៀនសូត្រ ១២ឆ្នាំកន្លងមកនេះ ហើយចុងក្រោយបានទទួលជ័យលាភីគួរជាទីគាប់ចិត្ត ដែលមិនត្រឹមតែចំពោះខ្លួនឯង និងឪពុកម្តាយ ព្រមទាំងក្រុមគ្រួសារ។ ក្នុងជំហានបន្ទាប់នេះ សិស្សប្រឡងជាប់នឹងត្រូវសម្រេចចិត្តចូលរៀនបន្តនៅសកលវិទ្យាល័យ ឬមហាវិទ្យាល័យ ដើម្បីទទួលបានចំណេះដឹង និងចំណេះធ្វើ និងទទួលបានជំនាញសម្រាប់អនាគត ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ក៏បានលើកទឹកចិត្ត ឱ្យប្អូនៗសិស្សានុសិស្ស បន្តខិតខំរៀនសូត្រ និងស្រាវជ្រាវឲ្យបានខ្ជាប់ខ្ជួន និងចូលរួមក្នុងភាពស្អាតក្នុងផ្នត់គំនិត (មានសុភាវធម៌៖ សុជីវធម៌ សីលធម៌ និងគុណធម៌) ឆ្ពោះទៅកម្ពុជាស្អាត និងកម្ពុជាស្អាត លើឆាកអន្តរជាតិ ទាក់ទាញអ្នកវិនិយោគ អ្នកទេសចរណ៍ ដើម្បីការរីកចម្រើននៅក្នុងគ្រួសារ សង្គម និងប្រទេសជាតិយើងទាំងមូល។
សូមជម្រាបជូនថា នៅក្នុងខេត្តត្បូងឃ្មុំ មានបេក្ខជនសរុប ៥ ៥៥២ នាក់ (ស្រី ៣ ១៩៤ នាក់) និងបានប្រឡងជាប់ ៤ ៣៧៤ នាក់ (ស្រី ២៦៣២ នាក់) ស្មើនឹង ៧៩,៩៨% (ស្រី ៨៣,៤២%)។ សិស្សនិទេ្ទស A មាន ៧០នាក់ និទ្ទេស B មាន ៣៧៩នាក់ និទ្ទេស C មាន ៨៩៥នាក់ និទញទេស D មាន ១ ៥៥២ នាក់ និងនិទ្ទេស E មាន ១៤៧៨នាក់។ ក្នុងនោះនៅស្រុកអូររាំងឪ ពញាក្រែក និងត្បូងឃ្មុំ មានបេក្ខជន ប្រឡងសរុបចំនួន ៤៥៤នាក់ (ស្រី ១ ៣៧៥នាក់) នៅក្នុងសម័យប្រឡង ឆ្នាំ ២០២៤ ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃទី០៨-០៩ ខែតុលា ឆ្នាំ២០២៤ ដែលមានបេក្ខជនចូលរួមប្រមាណជាង១៣ម៉ឺននាក់នៅទូទាំងប្រទេស៕