នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាយប់ថ្ងៃអាទិត្យទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាតំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំប្រតិភូជាន់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ចូលរួមសន្និសីទកំពូលលើកទី២៩ បណ្តារដ្ឋភាគីនៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ នាទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់។
ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងថា សម្រាប់សន្និសីទកំពូលនេះ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការប្តេជ្ញាចិត្ត រួមគ្នាជាមួយសហគមន៍អន្តរជាតិ ក្នុងការទប់ស្កាត់ការកើនឡើងកម្តៅភពផែនដីមិនឱ្យលើស២អង្សាសេ ការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ និងការកៀរគរថវិកាយកមកប្រើប្រាស់ លើការងារទាំងពីរខាងលើ និងដើម្បីជួយដល់ការអភិវឌ្ឍប្រទេសដោយចីរភាព។
សូមបញ្ជាក់ថា ក្នុងអំឡុងពេលអញ្ជើញចូលរួម សន្និសីទលើទី២៩ របស់UNFCCC ឯកឧត្តមរដ្ឋមន្រ្តី នឹងថ្លែងសន្ទរកថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា (National Statement) នៃកិច្ចប្រជុំជាន់ខ្ពស់ (High Level Segment)។ លើសពីនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត នឹងមានជំនួបទ្វេភាគីជាមួយអង្គការដៃគូអភិវឌ្ឍន៍ជាច្រើនទៀត ដើម្បីបង្ហាញអំពីគោលនយោបាយជាតិ យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន និងវិធានការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា តាមរយៈសមទ្ធិផលការងារ ដែលកម្ពុជា ជាពិសេសក្រសួងបរិស្ថាន សម្រេចបានក្រោមយុទ្ធនាការសំខាន់ៗ ពាក់ព័ន្ធនឹងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ការដាំដើមឈើឱ្យបានច្រើនដើម្បីបង្កើនគម្របបៃតង និងការអភិវឌ្ឍឌីជីថល ដើម្បីកៀរគរធនធានសម្រាប់ ការងារប្រយទ្ធនឹងការប្រែប្រួលអាកាសធាតុ ការការពារនិងអភិរក្សធនធានធម្មជាតិ និងការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ នៅតាមសហគមន៍មូលដ្ឋាន នៅក្នុងប្រទេសកម្ពុជា។
សូមជម្រាបជូនថា សន្និសីទកំពូលលើកទី២៩ បណ្តារដ្ឋភាគីនៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ ចាប់ផ្តើមដំណើរការតាំងពីថ្ងៃទី១១ ខែវិច្ឆិកា ហើយនិងបញ្ចប់នៅថ្ងៃទី២២ខែវិច្ឆិកា ឆ្នាំ២០២៤។ ប្រតិភូកម្ពុជាដែលអញ្ជើញចូលរួមសន្និសីទ មានចំនួន៣៨រូប មកស្ថាប័នពាក់ព័ន្ធ ដែលរួមមាន ក្រសួងបរិស្ថាន ក្រសួងកសិកម្ម ក្រសួងសេដ្ឋកិច្ច ក្រសួងដែនដីនិងនគរូបនីយកម្ម ក្រសួងកិច្ចការនារី ជាដើម៕