រយៈពេល ៣ថ្ងៃ ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៃយុទ្ធនាការផ្សព្វផ្សាយទិវាជាតិ-អន្តរជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ ៩ធ្នូ នៅទីរួមខេត្តកំពង់ស្ពឺ ប្រព្រឹត្តទៅដ៏ឱឡារិក ក្រោមការរៀបចំរបស់ក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) ក្នុងគោលបំណងឲ្យយល់ដឹងទូលំទូលាយ ពីការចូលរួមអនុវត្តអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងអំពើពុករលួយ (UNCAC) បំបាត់អំពើពុករលួយ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពសេវាគ្រប់បែបយ៉ាង ពង្រឹងអភិបាលកិច្ច នីតិរដ្ឋ ព្រមទាំងរក្សាភាពស្អាតស្អំ យុត្តិធម៌ ដែលជាមូលដ្ឋានចាំបាច់ក្នុងការអភិវឌ្ឍសង្គមជាតិ និងកាត់បន្ថយភាពក្រីក្រ និងបង្កើនការគាំទ្រពីមហាជន ។
យុទ្ធនាការផ្សព្វផ្សាយនៅខេត្តកំពង់ស្ពឺ ៣ថ្ងៃនេះ មន្ត្រី ACU ចុះទៅ ១៣ គោលលដៅ រួមមាន៖ ១)រដ្ឋបាលក្រុងច្បារមន (ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ) ២)រដ្ឋបាលសង្កាត់ស្វាយក្រវ៉ាន់ ៣)ប៉ុស្ដិ៍នគរបាលរដ្ឋបាលស្វាយក្រវ៉ាន់ ៤)រដ្ឋបាលសង្កាត់សុព័រទេព ៥)រដ្ឋបាលសង្កាត់ច្បារមន ៦)រដ្ឋបាលសង្កាត់រការធំ ៧)ប៉ុស្ដិ៍នគរបាលរដ្ឋបាលរការធំ ៨)រដ្ឋបាលសង្កាត់កណ្ដោលដុំ ៩)ប៉ុស្ដិ៍នគរបាលរដ្ឋបាលកណ្ដោលដុំ ១០)អនុវិទ្យាល័យទីរួមខេត្តកំពង់ស្ពឺ ១១)តាមសួនច្បារសាធារណៈក្រុងច្បារមន ខេត្តកំពង់ស្ពឺ ១២)ផ្សារកំពង់ស្ពឺ និង ១៣)វិទ្យាល័យកំពង់ស្ពឺ ៕